អាមេរិកបញ្ជាឱ្យក្រុមហ៊ុន ByteDance ផ្តាច់ខ្លួនចេញពី TikTok

អាជ្ញាធរអាមេរិកបញ្ជាឱ្យក្រុមហ៊ុនមេរបស់ TikTok ផ្តាច់ខ្លួនចេញពីកម្មវិធី បណ្តាញសង្គមមួយនេះ និង ត្រូវប្រឈមនឹងការបិទចោលទាំងស្រុង


តើរដ្ឋាភិបាលអាមេរិកពេលនេះ កំពុងរុញឲ្យក្រុមហ៊ុនមេរបស់ TikTok ដើរដល់ផ្លូវទាល់ហើយមែនទេ? រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ឱ្យក្រុមហ៊ុនមេ បាយដេនស៍ (ByteDance) លក់ភាគហ៊ុនរបស់ខ្លួននៅក្នុង TikTok បន្ទាប់ពីក្រុមហ៊ុនចិនមួយនេះ បានបរាជ័យពីរឆ្នាំមកនេះ ក្នុងការបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៊ីនតោនជឿថា កម្មវិធីវីដេអូខ្លីដ៏ពេញនិយមដែលគេស្គាល់ថាជា TikTok នោះ គឺមិនអាចបង្កជាគ្រោះថ្នាក់នៃសន្តិសុខជាតិនោះទេ។ នេះបើតាមប្រភពព័ត៌មានដែលបានដឹងពីបញ្ហានេះបានអះអាងប្រាប់សារព័ត៌មានជប៉ុន Nikkei Asia។
អាមេរិកបញ្ជាឱ្យក្រុមហ៊ុន ByteDance ផ្តាច់ខ្លួនចេញពី TikTok រូបភាព Nikkei Asia

គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលជាទីភ្នាក់ងារមួយដឹកនាំដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងមានតួនាទីវាយតម្លៃលើការកិច្ចព្រមព្រៀងឆ្លងដែន ធ្លាប់បានប្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស TikTok ឱ្យដកភាគហ៊ុនរបស់ខ្លួនចេញពីសហរដ្ឋអាមេរិកជាច្រើនដងរួចមកហើយ ហើយបើនៅតែបរាជ័យក្នុងការធ្វើដូច្នោះ នោះកម្មវិធី TikTok នឹងត្រូវប្រឈមមុខនឹងការហាមប្រាមបិទទាំងស្រុងក្នុងទឹកដីសហរដ្ឋអាមេរិកតែម្ដង។ គួរជម្រាបថា ការបោះមួយជំហានថ្មីនេះរបស់គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដំបូងឡើយត្រូវបានរាយការណ៍ដោយកាសែតអាមេរិក The Wall Street Journal។

យ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងនោះឡើយដែលក្រុមហ៊ុនមេ ByteDance ត្រូវបានទទួលបញ្ជាឱ្យដក TikTok ចេញពីក្រុមហ៊ុនរបស់ខ្លួន។ កាលពីឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ បានដាក់ចេញនូវបញ្ជានីតិប្រតិបត្តិចំនួនពីរដែលមួយក្នុងនោះគឺ បញ្ជាឱ្យហាមប្រាម និងបិទកម្មវិធីបណ្ដាញសង្គម TikTok ទាំងស្រុង តែនៅពីបំផុតត្រូវបានជំទាស់ និងរារាំងដោយតុលាការសហព័ន្ធក្នុងឆ្នាំនោះដែរ។ ហើយបទបញ្ជាមួយទៀតគឺតម្រូវឱ្យ ByteDance ដកខ្លួនចេញពីទ្រព្យសម្បត្តិអាមេរិក និងលុបចោលនូវទិន្នន័យទាំងអស់នៃអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។

ដោយឡែក យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok ម្នាក់បានលើកឡើងថា៖ «ប្រសិនបើការការពារសន្តិសុខជាតិ គឺពិតជាវត្ថុបំណងរបស់រដ្ឋាភិបាលអាមេរិកមែននោះ ការដកខ្លួនចេញមិនអាចដោះស្រាយបញ្ហានោះបានទេ បើគ្រាន់តែផ្លាស់ប្តូរម្ចាស់នៃក្រុមហ៊ុនមេរបស់ TikTok នោះវានឹងមិនត្រូវបានហាមឃាត់ពីការហូរនៃទិន្នន័យ និងការផ្សាភ្ជាប់ទិន្នន័យដូចគ្នា»។

តំណាង TikTok រូបនោះបានបន្ថែមទៀតថា មធ្យោបាយល្អបំផុតក្នុងការដោះស្រាយបញ្ហាទាក់ទិននឹងសន្តិសុខជាតិមែនទែនទៅ អាមេរិកគួរតែដាក់ចេញនូវការការពារផ្អែកលើទិន្នន័យអ្នកប្រើប្រាស់ និងប្រព័ន្ធសុវត្ថិភាពនៅក្នុងទឹកដីអាមេរិក ជាមួយនឹងការត្រួតពិនិត្យដោយភាគីទីបី ការពិនិត្យពិច័យ ក៏ដូចជាការផ្ទៀតផ្ទាត់ផងដែរ។ តែអ្វីអស់ទាំងនេះ គឺក្រុមហ៊ុន TikTok បានអនុវត្តវារួចមកហើយ។

បើតាមលោកស្រី Caitlin Chin អ្នកសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា ការអំពាវនាវឱ្យក្រុមហ៊ុនមេ ដកខ្លួនយ៉ាងប្រញាប់ប្រញាល់ចេញពីកម្មវិធី TikTok នេះ អាចឆ្លុះបញ្ជាំងឱ្យឃើញថា ការវិវត្តស្ថានការណ៍ចុងក្រោយនៅក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ចក្រភពអង់គ្លេស ក៏ដូចជានៅកាណាដាទាក់ទងនឹងការរឹតត្បិតលើកម្មវិធី TikTok នឹងធ្វើឱ្យមានការពិបាកសម្រាប់កម្មវិធីនេះក្នុងការស្វែងរកអ្នកទិញថ្មីជំនួសភាគហ៊ុនរបស់ក្រុមហ៊ុន ByteDance។

ទន្ទឹមគ្នានេះ ក្រុមហ៊ុន TiktTok បាននិយាយឱ្យដឹងដែរថា ខ្លួនបាននិងកំពុងធ្វើការលើគម្រោងមួយដែលខ្លួនហៅថា Project Texas ដើម្បីបង្កើនសន្តិសុខទិន្នន័យសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក រួមទាំងការផ្លាស់ប្តូរទិន្នន័យអ្នកប្រើប្រាស់ទាំងអស់ចូលទៅក្នុងប្រព័ន្ធ Oracle Cloud របស់អាមេរិកផងដែរ៕




អត្ថបទបន្ទាប់


តើមេទ័ពកំពូលរបស់អាមេរិក និងរុស្ស៊ីជួបនិយាយពិភាក្សាគ្នាអ្វីខ្លះ ក្រោយមានការហេតុការណ៍ធ្លាក់យន្តហោះដ្រូនក្នុងសមុទ្រខ្មៅ?

ព័ត៌មាន
មេទ័ពកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការធ្លាក់យន្តហោះដ្រូនស៊ីវិលរបស់ខ្លួនក្រោយចាប់សញ្ញាបានដោយយន្តហោះចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅនោះ គឺជាអ…

ក្រុមហ៊ុនផលិតថាមពលស្អាតនៅវៀតណាមព្រួយបារម្ភការដួលក្ស័យធន ដោយសារការធានាតម្លៃទីផ្សារពីរដ្ឋមានទាបពេក

ព័ត៌មាន
ក្រុមហ៊ុនអ្នកអភិវឌ្ឍថាមពលពីកម្លាំងខ្យល់បក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) កំពុងមានក្ដីព្រួយបារម្ភថា ពួកគេអាចនឹងដួលរលំក្ស័យធន ដោយសារត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ