អាមេរិក - កូរ៉េខាងត្បូង

ក្រសួងការពារជាតិអាមេរិកថា នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននឹងធ្វើដំណើរទៅកូរ៉េខាងត្បូង


អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនៅថ្ងៃអង្គារនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ អូហៃយ៉ូ (Ohio) បំពាក់កាំជ្រួចផ្លោង នឹងចូលចតនៅកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលសម្រេចបានកាលពីសប្តាហ៍មុន។ ការវិវឌ្ឍនេះមានគោលបំណងបង្កើនកិច្ចការពារកូរ៉េខាងត្បូងពីសំណាក់សហរដ្ឋអាមេរិក ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។
នាវាមុជទឹកនុយក្លេអ៊ែរប្រភេទអូហៃយ៉ូរបស់អាមេរិកធ្វើដំណើរទៅកូរ៉េខាងត្បូង

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ អូហៃយ៉ូ (Ohio) បំពាក់កាំជ្រួចផ្លោង នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ ផាត រ៉ាយឌើ (Pat Ryder) នៅថ្ងៃអង្គារនេះ។ ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរថាតើនាវាមុជទឹកនោះមានបំពាក់អាវុធនុយក្លេអ៊ែរដែរឬយ៉ាណា។

លោក ផាត រ៉ាយឌើ បាននិយាយថា៖ «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទអូហៃយ៉ូ»នឹងធ្វើដំណើរទៅកូរ៉េខាងត្បូងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលទើបសម្រេចបានកាលពីសប្ដាហ៍មុន ស្តីពីការពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងត្បូង ក្នុងការរារាំងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

កិច្ចព្រមព្រៀងនេះមានឈ្មោះថា «សេចក្តីប្រកាសក្រុងវ៉ាស៊ីនតោន»។ វាត្រូវបានសម្រេចរួមគ្នាដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល និងប្រធានាធិបតីអាមេរិក លោកចូ បៃដិន ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៦ថ្ងៃរបស់លោក យូន ទៅកាន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

បន្ថែមពីលើដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកនេះ កិច្ចព្រមព្រៀងដដែលក៏អំពាវនាវឱ្យមានការប្រើប្រាស់«ទៀងទាត់ជាងមុន»នូវមធ្យោបាយយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង រួមជាមួយនឹងការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរថ្មី ដែលនឹងអនុញ្ញាតឱ្យមានការបញ្ចូលកូរ៉េខាងត្បូងនៅក្នុងរបៀបដែលសហរដ្ឋអាមេរិករៀបចំសម្រាប់ស្ថានការណ៍នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េថែមទៀតផង។

លោក រ៉ាយឌើ មិនបានបញ្ជាក់ប្រាប់ថា តើនៅពេលណាដែលនាវា អេសអេសប៊ីអិន (SSBN) នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងទេ។ អ្នកនាំពាក្យរូបនេះបានថ្លែងក្នុងសម្ដីផ្ទាល់ថា៖ «ចំពោះពេលវេលា ខ្ញុំនឹងមិននិយាយមុនឬប្រកាសមុនអំពីពេលវេលានៃការប្រើប្រាស់នាវានេះទេ៕




អត្ថបទបន្ទាប់


វៀតណាមបានទទួលភ្ញៀវទេសចរបរទេសបានជិត ៤ លាននាក់ ក្នុងរយៈពេល៤ខែដើមឆ្នាំ

ព័ត៌មាន
រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណជា ៣លាន ៧ សែននាក់ បានធ្វើដំណើរមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នា…

ADB ផ្ដល់កម្ចីឲ្យកម្ពុជាជាមធ្យមជាង ៣៦៨លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលកម្ចីពីធនាគារមួយនេះក្នុងរង្វង់ប្រមាណជាង ៣៦៨ ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ