អាមេរិក-​ឥណ្ឌូ​ប៉ាស៊ីហ្វិក-​ចិន

អាមេរិកពន្យល់​ពិភព​លោកអំពី​"យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក” ខណៈ​ឥទ្ធិពល​ចិន​កើន​ឡើង​នៅស្ទើរ​គ្រប់ទិសទី!


ចក្ខុ​វិស័យ​របស់​មហា​អំណាច​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ ឥណ្ឌូ-​ប៉ាស៊ីហ្វិក ជា​អ្វីទៅ? តើ​វា​មាន​សារសំខាន់​បែប​ណា​សម្រាប់​តំបន់នេះ និង​សម្រាប់​ពិភព​លោក? តើ​ការដាក់​ចេញ​ចក្ខុវិស័យ​នេះ គឺ​ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នូវ​ឥទ្ធិពល​​របស់​មហាយក្ស​អាស៊ី ចិន ឬ​យ៉ាងណា?
លោក Mike Pence អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក។
ដោយ

ខាងក្រោម​នេះ ជាអត្ថបទ​វិចារណកថា​របស់​អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ដែល​បាន​ផ្សព្វផ្សាយ​​ទៅ​ដល់​បណ្ដាញ​សារព័ត៌មានជុំវិញ​ពិភពលោក កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ២០១៨។ 


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence៖ សហរដ្ឋ​អាមេរិក​ស្វែងរក​ការ​សហការ​គ្នា​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ពុំមែន​គ្រប់គ្រង​នោះ​ទេ

កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​វៀតណាម លោកប្រធានាធិបតី Trump បាន​ដាក់ចេញ​ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ ដែល​មាន​ភាព​សេរី​និង​បើក​ទូលាយ។ នៅ​សប្តាហ៍​នេះ តាង​នាម​ឲ្យ​លោក​ប្រធានាធិបតី ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​តំបន់​នោះ ដើម្បី​ពិភាក្សា​អំពី​ការ​រីក​ចម្រើន​របស់​យើង ស្តីពី​ការ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​នេះ​ក្លាយ​ជា​ការពិត។ សារ​របស់​យើង​គឺ​សាមញ្ញ៖ ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺ​មាន​ភាព​ខ្ជាប់ខ្ជួន​និង​យូរ​អង្វែង។

យើង​ចង់​ឲ្យ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក — ពី​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​ឥណ្ឌា ពី​ប្រទេស​ជប៉ុន​ដល់​អូស្រ្តាលី និង​តំបន់​ទាំង​អស់​នៅ​ក្នុង​ចន្លោះ​នោះ — ជា​តំបន់​ដែល​អធិបតេយ្យភាព​ត្រូវ​បាន​គោរព ជាទី​ដែល​លំហូរ​ពាណិជ្ជកម្ម​គ្មាន​ការ​រារាំង និង​ជា​កន្លែង​ដែល​ប្រជាជាតិ​ឯករាជ្យ​ទាំង​ឡាយ​ធ្វើ​ជា​ម្ចាស់​នៃ​ជោគ​វាសនា​របស់​ខ្លួន។ តំបន់​នេះ​មាន​ផ្ទៃដី​និង​ចំនួន​ប្រជាជន​ជាង​ពាក់​កណ្តាល​នៃ​ផ្ទៃដី​និង​ប្រជាជន​ពិភព​លោក​ទាំង​មូល ធ្លាប់​មាន​ភាព​ជឿន​លឿន​ច្រើន នៅ​ពេល​គោលការណ៍​ទាំងនេះ​ត្រូវ​បាន​គេ​គោរព។ ថ្វី​បើ​មាន​ប្រទេស​ខ្លះ​ចង់​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នេះ​ចោល​ក្តី តែ​សហរដ្ឋ​អាមេរិក​កំពុង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​យើង និង​លើក​កម្ពស់​ជោគជ័យ​រួ​ម​គ្នា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

យុទ្ធសាស្ត្រ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យើង​ស្ថិត​នៅ​លើ​សសរ​ស្តម្ភធំៗ​បី។ វា​ចាប់​ផ្តើម​ជាមួយ​នឹង​វិបុលភាព។ ជំនួញ​២ភាគ​៣ របស់​សាកលលោក​ទាំងមូល​ដឹក​ជញ្ជូន​ឆ្លង​កាត់​ផ្លូវ​ទឹក ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ដែក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ជំនួញ​ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​មាន​ជាង ១,៨​លាន​លាន​ដុល្លារ ដោយ​ផ្តល់​ការងារ​ចំនួន​ជាង ៣,៣​លាន នៅ​សហរដ្ឋ​អាមេរិក ហើយ​ការ​វិនិយោគ​សរុប​របស់​យើង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ជិត ១​លាន​លាន​ដុល្លារ ពោលគឺមានចំនួនច្រើនជាង​ការវិនិយោគ​សរុប​រួម​គ្នា​របស់​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ចិន។ 

ឱកាស​រីក​ចម្រើន​គឺ​គ្មាន​ដែន​កំណត់។ នៅត្រឹម​ដើម​ឆ្នាំ​២០២០ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នឹង​មាន​មនុស្ស​ស្ថិត​ក្នុង​វណ្ណៈ​កណ្តាល​ចំនួន ៤០​ភាគរយ​នៃ​មនុស្ស​វណ្ណៈ​កណ្តាល​ក្នុង​ពិភពលោក ដែល​ជា​ការ​បើក​ឡើង​នូវ​សក្តានុពល​ដ៏​ច្រើន​អនេក​សម្រាប់​កម្មករ កសិករ និង​ក្រុមហ៊ុន​បង្កើត​ការងារ​របស់​សហរដ្ឋ​អាមេរិក នាំ​ចេញ​ទំនិញ​របស់​ពួកគេ​មក​កាន់​ទីផ្សារ​ដ៏​ធំ និង​កំពុង​រីក​ចម្រើន​ទាំង​នេះ។ 

នេះ​ជា​មូលហេតុ​ដែល​រដ្ឋបាល​របស់​យើង​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ថ្មី​ដែល​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​មាន​ទៅ​មាន​មក។

រដ្ឋបាល​របស់​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ទៀត​រួច​ទៅ​ហើយ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ទៀត​ជាមួយ​ប្រទេស​ម៉ិកស៊ិក និង​កាណាដា។ យើង​នឹង​ចាប់​ផ្តើម​ចរចា​ជាមួយ​នឹង​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​លេខ​៣​ក្នុង​ពិភព​លោក ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ទាំងនេះ​នឹង​ផ្តល់​ឱកាស​ការងារ​ដល់​អ្នក​ធ្វើការ​អាមេរិក​ជា​ចម្បង។ 

ក្រៅពី​ពាណិជ្ជកម្ម សហរដ្ឋ​អាមេរិក​នឹង​បន្ត​សម្រួល​ការ​វិនិយោគ​ច្រើន​ថែម​ទៀត នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ក្រុមហ៊ុន មិនមែន​អ្នក​ការិយាធិបតេយ្យ​ទេ ដែល​នឹង​ជំរុញ​កិច្ច​ខិតខំ​របស់​យើង ពីព្រោះ​រដ្ឋាភិបាល និង​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ពុំ​មាន​លទ្ធភាព​កសាង​វិបុលភាព​បាន​យូរ​អង្វែង​បាន​ទេ។

ដើម្បី​ជំរុញ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ឡើង​វិញ​នៅ​ក្នុង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​តំបន់ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើពង្រាងច្បាប់ Build Act អោយទៅជាច្បាប់ ដែលពង្រីកសមត្ថភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសំរាប់ការសាងសង់ដល់ ៦០ ពាន់លានដុល្លារ។ ប្រទេសរបស់យើងប្តេជ្ញាជួយតំបន់នេះក្នុងការកសាងកំពង់ផែ ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវដែក បំពង់បង្ហូរ និងខ្សែទិន្នន័យថ្នាក់ពិភពលោក។ យើងនឹងគាំទ្រតែគម្រោងណាដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសម្ចាស់ផ្ទះ និងដល់យើង។

សសរស្តម្ភទី ២ របស់យើងគឺសន្តិសុខ ដែលជាគ្រឹះនៃវិបុលភាព។ នៅក្រោមយុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើង សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយបណ្ដាប្រទេសដែលមានគំនិតដូចយើង ដើម្បីប្រឈមនឹងការគំរាមកំហែងដ៏បន្ទាន់បំផុត ក្នុងតំបន់ រាប់ពីការរីកសាយអាវុធនុយក្លេអ៊ែរ រហូតដល់ភាពជ្រុលនិយម និងអំពើភេរវកម្ម។

គ្រាន់តែនៅឆ្នាំនេះ សហរដ្ឋអាមេរិកផ្តល់ប្រាក់ចំនួនជាងកន្លះពាន់លានដុល្លារ ជាជំនួយផ្នែកសន្តិសុខ។ ជំនួយនេះរួមមានជិត ៤០០ លានដុល្លាសំរាប់ផ្នែកយោធា - ច្រើនជាងជំនួយសរុបទាំងបីឆ្នាំមុននេះបញ្ចូលគ្នា។

យើងក៏នឹងផ្តល់ជំនួយថ្មីៗផងដែរដើម្បីជួយប្រជាជាតិនានាក្នុងការពារព្រំដែនគោក ព្រំដែនទឹក និងផ្នែកឌីយីថុលរបស់គេ ហើយយើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ។ សមយុទ្ធកងទ័ពជើងទឹករបស់យើង ថ្មីៗនេះ ជាមួយប្រទេសជប៉ុន និងឥណ្ឌាបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់យើង។

ដូចដែលខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក លើប្រទេសកូរ៉េខាងជើង។ ការប្តេជ្ញាចិត្តរបស់យើងបាននាំប្រទេសនោះចូលទៅកាន់តុចរចា ហើយយើងសូមអំពាវនាវដល់បណ្តាប្រជាជាតិនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទាំងអស់ អោយរក្សាយុទ្ធនាការដាក់សម្ពាធ រួមទាំងការដាក់ទណ្ឌកម្ម  រហូតដល់យើងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ នៅឧបទ្វីបកូរ៉េ។

នៅទីបញ្ចប់ យើងគាំទ្រដល់រដ្ឋាភិបាលដែលមានតម្លាភាព និងមានការឆ្លើយតប  គាំទ្រនីតិរដ្ឋ ការការពារសិទ្ធិបុគ្គល រួមទាំងសេរីភាពសាសនា។ ប្រជាជាតិដែលផ្តល់អំណាចដល់ប្រជាពលរដ្ឋរបស់ពួកគេ លើកកម្ពស់សង្គមស៊ីវិល ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពារអធិបតេយ្យភាពរបស់ពួកគេ គឺជាប្រទេសរឹងមាំសម្រាប់ប្រជាជនរបស់គេ ហើយជាដៃគូល្អម្រាប់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ប្រទេសដែលសង្កត់សង្កិនលើប្រជាជនរបស់ខ្លួន ច្រើនតែ រំលោភលើអធិបតេយ្យភាពរបស់ប្រទេសជិតខាងខ្លួនផងដែរ។ ភាពផ្តាច់ការនិងការឈ្លានពានមិនត្រូវមាននៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទេ។

ក្នុងអំឡុងពេលសប្តាហ៍នេះ គណៈប្រតិភូរបស់យើងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំនៃមេដឹកនាំ APEC ។ យើងនឹងប្រកាសពីកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមថ្មីៗ ដែលមានច្រើនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុច្រើន ពីអ្នកបង់ពន្ធអាមេរិក និងបណ្តាក្រុមហ៊ុនរបស់យើង។ យើងនឹងបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ចំពោះភាពជាដៃគូជាបន្ត ។ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសដែលមានគំនិតដូចយើង -រាប់ពីប្រទេសឥណ្ឌាដល់បណ្តាកោះនៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង។ យើងនឹងប្រឆាំងអ្នកណាដែលគំរាមកំហែងផលប្រយោជន៍ និងគុណតម្លៃរបស់យើង។

សហរដ្ឋអាមេរិកស្វែងរកការសហការ មិនមែនការគ្រប់គ្រងទេ។ លោកប្រធានាធិបតីបានប្រកាសពីការប្តេជ្ញាចិត្តជាថ្មីរបស់យើងចំពោះតំបន់នេះ កាលពីមួយឆ្នាំមុន។ សប្តាហ៍នេះ វាជាសិទ្ធិរបស់ខ្ញុំក្នុងការបង្ហាញការតាំងចិត្តរបស់យើង ជាមួយនឹងសកម្មភាព និងការវិនិយោគបន្ថែមទៀត។ សន្តិសុខជាតិ និងវិបុលភាពរបស់ប្រទេសយើងពឹងផ្អែកលើតំបន់ដ៏សំខាន់នេះ ហើយសហរដ្ឋអាមេរិកនឹងបន្តធានាថាប្រទេសទាំងធំ ទាំងតូចអាចរីកចម្រើន និងសម្បូរសប្បាយ នៅក្នុងតំបន់ឥណ្ឌូ  ប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ៕




អត្ថបទបន្ទាប់


កម្ពុជា ស្នើចិនទិញអង្ករ ឲ្យគ្រប់កូតា ៣០ម៉ឺនតោនក្នុង១ឆ្នាំ

ព័ត៌មាន
គិតមកទល់ ៩ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន សម្រេចបានតែប្រមាណជាង ៩ម៉ឺនតោនប៉ុណ្ណោះ ខណៈដែលកូតាសម្រាប់ឆ្នាំ២០…

៩ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៤,៧ ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុញ្ញាតផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគសរុបចំនួន ១៧០ គម្រោង គិតនៅក្នុងរយៈពេល ៩ខែដំបូងដើមឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ