សមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានជំហរតឹងរ៉ឹង លោក ម៉ាត ហ្កេតស៍ (Matt Gaetz) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយធំៗថា «លោកនឹងដាក់សំណើរសុំឱ្យលាលែងពីតំណែង ដើម្បីអំពាវនាវឱ្យសមាជិសភាផ្សេងទៀតរួមគ្នាទម្លាក់លោក ម៉ាកាធី ចេញពីប្រធានសភាតំណាងអាមេរិក»។
លោកថាលោកម៉ាកាធីបានលាក់បាំងពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយបក្សប្រជាធិបតេយ្យ និងមានបំណងចេញច្បាប់ ផ្តល់លុយបន្ថែមដល់អ៊ុយក្រែន។ បន្លែមពីនេះ លោក ម៉ាត ហ្កេតស៍ បាននិយាយប្រាប់កាសែត ABC ថា លោករំពឹងមានសំឡេងគ្រប់គ្រាន់ ដើម្បីទម្លាក់លោក ម៉ាកាធី ហើយលោកនឹងបន្តគោលដៅមិនផ្លាស់ប្តូរ។
មែនទែនទៅ ការបោះពាក្យសំដីធ្ងន់ៗបែបនេះពីសំណាក់សមាជិកសភាសាធារណរដ្ឋកើតឡើង បន្ទាប់ពីលោក ម៉ាកាធី បានធ្វើឱ្យវ៉ាស៊ីនតោនភ្ញាក់ផ្អើសដោយបានគាំទ្រច្បាប់មួយ ដែលជៀសវាងការបិទរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃសៅរិ៍។
«ច្បាប់មូលនិធិបញ្ចប់គម្លាតនោះមានការគាំទ្រលើសលប់ក្នុងសភាតំណាងមកពីបក្សទាំងពីរដោយ៣៣៥ ទល់នឹង៩១សំឡេង ដោយក្នុងនោះ១២៦សំឡេងគាំទ្របានមកពីបក្សសាធារណរដ្ឋ។ ហើយក្នុងព្រឹទ្ធសភាវិញក៏មានការគាំទ្រ៨៨សំឡេង ទល់នឹង៩សំឡេង ដែលប្រឆាំង និងត្រូវបានចុះហត្ថលេខាចេញជាច្បាប់ដោយលោក ចូ បៃដិន។
យ៉ាងណាក៏ដោយ ដោយមិនចាំយូរលោក ខេវិន ម៉ាកាធី បានប្រាប់កាសែត CBS ថា លោកនឹងបន្តកាន់តំណែងទៀត។ នេះគឺជារឿងផ្ទាល់ខ្លួនរវាងលោក និង ម៉ាត ហ្កេតស៍ និងសូមឱ្យគេព្យាយាមធ្វើតទៅទៀតទៅជុំវិញបញ្ហានេះ។ នេះគឺជាការលើកឡើងរបស់លោក ម៉ាកាធី ។
ទន្ទឹមគ្នានេះ ប្រធានាធិបតី ចូ បៃដិន បានថ្លែងចេញពីសេតវិមាននៅថ្ងៃអាទិត្យថា លោករំពឹងប្រធានសភា ម៉ាកាធី នឹងបន្តការប្តេជ្ញាចិត្តគាំទ្រ អ៊ុយក្រែន បន្តទៀត ហើយយោងតាមបទពិសោធន៍ជាប្រធានសភា លោកនឹងអាចគេចផុតពីប៉ុនប៉ងផ្តួលពីអ្នកជ្រុលនិយម។
គេនៅមិនច្បាស់ទេថា តើគណបក្សប្រជាធិបតេយ្យអាចចាត់វិធានការបែបណា ប្រសិនបើបក្សសាធារណរដ្ឋពិតជាសម្រេចផ្លាស់ប្តូរកៅអីប្រធានសភាមែននោះ សមាជិកបក្សប្រជាធិបតេយ្យមួយចំនួនបាននិយាយថា គេអាចគាំទ្រលោក ម៉ាកាធី ប្រសិនបើការបណ្តេញធ្វើឱ្យមានភាពចលាចល។
ខណៈខ្លះទៀតថាគេអាចគាំទ្រគណបក្សសាធារណរដ្ឋកម្រិតមធ្យម ដែលមានឆន្ទៈក្នុងការចែករំលែកអំណាចក្នុងគណៈកម្មាធិការសភា។ ស្របពេលដែលអ្នកខ្លះទៀត គេគ្មានចំណាប់អារម្មណ៍ជួយប្រធានសភាណា ក្រៅពីសមាជិកសភាមកពីបក្សប្រជាធិបតេយ្យឡើយ៕