ទណ្ឌកម្មអាម៉េរិកលើក្រុមហ៊ុនចិន

អាមេរិកកំពុងស៊ើបអង្កេតដាក់បន្ថែមក្រុមហ៊ុនចិនក្នុងបញ្ចីខ្មៅ ក្រោយមានក្រុមហ៊ុនមួយចំនួនចង់គេចវេះពីទណ្ឌកម្ម


នៅថ្ងៃទី១ ដើមខែមិថុនានេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកចូ បៃឌិន កំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការបន្ថែមក្រុមហ៊ុនចិនថ្មីៗទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក ដោយបច្ចុប្បន្នទីក្រុងវ៉ាស៊ិនតោនកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើក្រុមចិនថ្មីៗមួយចំនួន ដែលព្យាយាមគេចវេះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
អាមេរិកកំពុងបន្ថែមក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ!
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ បានប្រាប់អ្នកយកព័ត៌មានថា ឥលូវនេះក្រុមការងារកំពុងស៊ើបអង្កេត និងប្រមូលព័ត៌មានពីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ចិន ដើម្បីត្រៀមដាក់ក្រុមហ៊ុនទាំងនោះ ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក។ លោកស្រីបន្តទៀតថា បច្ចុប្បន្នការស៊ើបអង្កេតសម្រេចបានពាក់កណ្តាលនៃនិតិវិធីហើយ។

ការដាក់សម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្មរបស់អាមេរិកទៅលើចិន មិនបានបង្ហាញពីសញ្ញាថមថយនោះទេ ទោះបីជាសហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋការរបស់លោក ចូ បៃឌិនក៏ដោយ ពោលភាពតានតឹងរវាងយក្សសេដ្ឋកិច្ចទាំងពីរ មិនបានធូរស្រាលសោះឡើយ ចាប់តាំងពីររដ្ឋការរបស់លោក ដូណាល់ ត្រាំមកម្ល៉េះ។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកនិយាយថា ពីពេលនេះអាមេរិកនឹងមិនមានការបន្ធូរបន្ថយទណ្ឌកម្មណាមួយឡើយ មានតែការបន្តបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនច្រើនជាងមុនទៅទៀត។ ការលើកឡើងបែបនេះ ក៏ដោយសារតែលោកស្រី ជីណា កត់សម្គាល់ថា ចិនមិនបាននៅស្ងៀមនោះទេ។ ដោយក្រុមហ៊ុនចិនជាច្រើនកំពុង ស្វែងរកវិធីសាស្ត្រ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដូចជាទៅបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ ដែលមានប្រភពចេញពីក្រុមហ៊ុនដើមដែលស្ថិតក្នុងបញ្ជីខ្មៅរួចទៅហើយនោះ។

គួររំឭកថា អំឡុងរដ្ឋបាលលោកដូណាល់ ត្រាំ អាមេរិកបានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ដោយបានបញ្ចូលក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ផងដែរចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ ២០១៩។ ក្រោយមកបានបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក (Drone) របស់ចិន DJI បន្ថែមទៀតក្នុងឆ្នាំ ២០២២ផងដែរ។

ចូលមកដល់ រដ្ឋបាលលោកបៃឌិន អាមេរិកបានបន្ដពង្រីកគោលនយោបាយប្រឆាំងប៉េកាំងនេះបន្ថែមទៀត ដោយនៅក្នុងខែវិច្ឆិកា វ៉ាស៊ីនតោនបានសម្រេចដាក់ក្រុមហ៊ុនចិនរាប់សិបក្រុមហ៊ុនទៀតនៅក្នុងបញ្ជីខ្មៅ ក្រោមហេតុផលថា ក្រុមហ៊ុនទាំងនេះបង្កបញ្ហាដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់អាមេរិក តាមរយៈការប្រមូលទិន្នន័យ និងផ្តល់ជំនួយរបស់ពួកគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធាចិន។

ទោះយ៉ាងណា ស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយជារឿយៗថា សហរដ្ឋអាមេរិក ប្រើលេសសន្តិសុខជាតិ និងប្រើអំណាចរដ្ឋដើម្បីគាបសង្កត់ និងរឹតបន្តឹងសហគ្រាសរបស់ចិនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីស្កាត់ជួបប្រទេសតុងហ្កាភ្លាមៗ ក្រោយប្រទេសកោះមួយនេះចុះកិច្ចព្រមព្រៀងជាមួយចិន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅក្នុងប្រទេសកោះតុងហ្កា (Tonga) ស្តីពីកិ…

ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបស្ទុះកើន៤៨% នៅ៥ខែឆ្នាំនេះ ខណៈចិននៅតែបន្ដក្តោបក្ដាប់ចំណែកទីផ្សារអង្ករធំជាងគេ

ព័ត៌មាន
ក្រោយទទួលបានការអនុគ្រោះពន្ធពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុបលើការនាំចេញអង្ករគ្រប់ប្រភេទឡើងវិញ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ