អាមេរិក-ចិន

អាមេរិកថា ចិនកំពុងតែបង្កើនល្បឿនផែនការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឲ្យបានកាន់តែឆាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តក្នុងការដណ្ដើមកាន់កាប់យកតៃវ៉ាន់តាមពេលវេលាកំណត់មួយលឿនជាងអ្វីដែលគេបានគិតទុកកាលពីមុនទៅទៀត។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការបញ្ជាក់របស់លោក ប្ល៊ីនខិន នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំចិនលោក ស៊ី ជីនពីង បានរំលឹកឡើងវិញពីចេតនារបស់លោកក្នុងការដណ្តើមយកកោះតៃវ៉ាន់ដោយកម្លាំងប្រសិនបើគ្មានជម្រើសទេនោះ។
អាមេរិកថា ចិនកំពុងតែបង្កើនល្បឿនផែនការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឲ្យបានកាន់តែឆាប់

លោក ប្ល៊ីងខិន ​បាននិយាយកាលពីថ្ងៃទី ១៧ ខែតុលា ក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ​ ស្ដេនហ្វត​ (Stanford)​ ក្នុងរដ្ឋកាលីហ្វ័រញ៉ា​ សហ​រដ្ឋ​អាមេរិក​ថា មានការផ្លាស់ប្តូរវិធីសាស្រ្ត​​ពី​ទី​ក្រុងប៉េកាំងសម្រាប់​ការឆ្ពោះទៅដណ្ដើមយក​តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

ការកត់សម្គាល់របស់លោក ប្ល៊ីនខិន ​​ បាន​ធ្វើឡើង ស្រប​ពេល​ដែល​ប្រទេសចិន​កំពុង​ធ្វើសមាជបក្សកុម្មុយនិស្តលើកទី២០ រយៈពេល១​សប្ដាហ៍​របស់ខ្លួន​ និង​ភ្លាមៗបន្ទាប់​ពីប្រធានា​ធិបតី​ចិន​លោក ស៊ី ជីនពីង ​បានប្រើសុន្ទរកថា​​ ដែលគេ​មើលឃើញ​យ៉ាងទូលំទូលាយកាលពីថ្ងៃអាទិត្យ​ដោយ​​និយាយថា​ កង់ប្រវត្តិសាស្ត្រ​កំពុង​វិល​​ឆ្ពោះទៅ​រកការបង្រួបបង្រួម​​របស់ប្រទេសចិន​​​ជាមួយ​តៃវ៉ាន់​ឡើងវិញ​ហើយ​។ ខណៈ​ដែល​មធ្យោបាយ​ដោយ​សន្តិវិធី​នេះ ​ទទួល​បាន​ការ​គាំទ្រ ​និង​ពេញ​ចិត្តយ៉ាង​ខ្លាំង​ពី​អង្គ​សមាជ​នេះ​ លោក ស៊ី បាន​បន្ថែម​ថា ចិន​​​រក្សា​ជម្រើស​ក្នុង​ការ​ចាត់​វិធានការតាម​ការ​​​ចាំបាច់​​ទាំងអស់​​ក្នុង​ការ​ដណ្ដើម​យក​តៃវ៉ាន់​មក​វិញ រួមទាំងការប្រើប្រាស់កម្លាំងផងដែរ​។

លោក ប៊្លីនខិន ​បាននិយាយថា ប្រទេសចិនបានធ្វើ​ការសម្រេចចិត្តជាមូលដ្ឋាន​ដែល​ស្ថានភាពបច្ចុប្បន្នលែង​ទទួលយកបានទៀត​ហើយ​ ហើយថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តបន្តការបង្រួបបង្រួមឡើងវិញ​នៅលើបន្ទាត់​ពេលវេលាលឿនជាងមុន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិតពី​ពេល​​វេលា ឬ​ផ្តល់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ឡើយជុំវិញរឿងនេះ។

បើ​ទោះជាមន្ត្រីរដ្ឋការ​របស់​លោក​ ចូ បៃដិន មួយ​ចំនួន​​​បានចោទប្រកាន់ចិន​​ពីការលុបបំបាត់តុល្យភាពអំណាច​នៅច្រកសមុទ្រតៃវ៉ាន់​ជារឿយៗ​យ៉ាង​ណា​ក៏ដោយ ក៏​​ប៉ុន្តែមន្ត្រី​ទាំង​នោះ​ដូច​ជា​មិន​សូវ​ឃើញ​​ធ្វើ​អត្ថាធិប្បាយ​​ពីចេតនា​របស់ទីក្រុងប៉េកាំង​ទាក់ទង​នឹង​ការឈ្លាន​ពាន​តៃវ៉ាន់​​ប៉ុន្មាននោះ​​ឡើយ​​។​​

ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា មានភាពរសើបខ្លាំង​ចំពោះការកត់សម្គាល់ណាមួយដែលអាចផ្តល់ការយល់ដឹង​ពីរបៀបដែលមន្ត្រីជាន់ខ្ពស់នៅ​ទីក្រុងប៉េកាំង ឬទីក្រុងវ៉ាស៊ីនតោនមើលឃើញ​​សក្តានុ​ពលសម្រាប់សង្គ្រាមនៅកោះតៃវ៉ាន់ ​​​ជាព្រឹត្តិការណ៍​មួយដែលនឹង​មានផលលំបាក​ខាង​ភូមិសា​ស្ត្រ​នយោបាយ និងសេដ្ឋកិច្ចយ៉ាងសម្បើម​ ជាពិសេសគឺ​​ការសន្យាម្តងហើយម្តងទៀតរបស់ប្រធានាធិបតី​លោក បៃដិន ដែល​ថា​ សហរដ្ឋអាមេរិកនឹងជួយការពារ​កោះតៃវ៉ាន់​។

កាលពីខែមីនាឆ្នាំមុន លោក​​ ហ្វីលីប ដេវីដសុន (Philip Davidson)​ ដែលពេលនោះ​ជាមេ​បញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក​​របស់សហរដ្ឋអាមេរិក​​បានប្រាប់​គណៈកម្មាធិការ​សេវា​កម្មប្រដាប់អាវុធ​ព្រឹទ្ធសភាថា​ ប្រទេសចិនចង់យកកោះតៃវ៉ាន់«ក្នុងអំឡុង​ពេល​​​ទស​វត្សរ៍នេះ​គឺ​នៅ​​ក្នុងរយៈពេល៦ឆ្នាំខាង​មុខ​ទៀត​»​។

តៃវ៉ាន់​ជា​ចំណុចក្ដៅ​ដ៏​​​សំខាន់​​រវាង​អាមេរិក និង​ចិន ហើយ​ភាពតានតឹងនៅក្នុងតំបន់​នេះ​បានបន្ត​កើនឡើង​ចាប់តាំងពីប្រធាន​សភា​អាមេរិក​លោកស្រី ណាន់​ស៊ី ផេឡូស៊ី ​​បានទៅ​ទស្សន​កិច្ច​កោះ​នេះ​កាលពីខែសីហា​ ដែលជំរុញឱ្យ​ប្រទេសចិនធ្វើសមយុទ្ធយោធា និង​បាញ់កាំជ្រួច​មីស៊ីល​ចូលក្នុងដែនទឹក​នៅ​ជុំវិញកោះតៃវ៉ាន់​។

​លោក ប្ល៊ីនខិន ​រដ្ឋមន្ត្រីការបរទេសអាមេរិក បានរំលឹកឡើងវិញនូវការរិះគន់របស់ប្រទេសចិនក្រោមការដឹកនាំ​របស់​លោក ស៊ី ​ថា ប្រទេសនេះមានការគាបសង្កត់នៅក្នុងស្រុកកាន់តែច្រើន ​ និងឈ្លានពាន​​នៅ​​បរ​ទេស​កាន់​តែ​ខ្លាំង​​​ ហើយ​លោក​ក៏​បាន​ឆ្លើយ​តប​សំណួរ​​របស់​ទស្សនិក​ជន​ពាក់​ព័ន្ធ​នឹង​កោះ​តៃវ៉ាន់​ថា ចិន​មាន​ឆន្ទៈ​​ធ្វើ​អ្វីគ្រប់​យ៉ាង​​ឱ្យ​តែយក​​​ឈ្នះ​លើ​តៃវ៉ាន់បាន។

លោក​បាន​បញ្ជាក់​​ថា ​ប្រសិន​បើ​មធ្យោបាយ​សន្តិភាព​មិន​ដំណើរការ​ទេ ចិន​​នឹង​ប្រើ​មធ្យោបាយ​​បង្ខិត​បង្ខំ​ ហើយ​ប្រសិន​បើ​​មធ្យោបាយ​​បង្ខិត​បង្ខំ​នៅ​តែ​​មិន​ដំណើរការទៀត​នោះ​ ចិន​ក៏​​ប្រហែល​នឹង​ប្រើ​​មធ្យោបាយចាប់​​បង្ខំ​​​ ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​តែ​ម្ដង ​ដែល​វា​គឺ​ជា​កត្តា​​​ដែល​​រំខាន​យ៉ាង​ខ្លាំង​ដល់​ស្ថានភាព​បច្ចុប្បន្ន និង​បង្កើត​ភាព​តានតឹង​យ៉ាង​ខ្លាំងថែមទៀត​សម្រាប់តំបន់ និងពិភពលោក​ទាំងមូល​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មហាសេដ្ឋី Elon Musk សុខចិត្តបន្តខាតបង់២០លានដុល្លារក្នុងមួយខែ ដើម្បីផ្គង់ផ្គង់សេវាអ៊ីនធើណេត Starlinkឲ្យអ៊ុយក្រែន

ព័ត៌មាន
មហាសេដ្ឋីលំដាប់លេខ១ក្នុងពិភពលោក លោក Elon Musk នៅតែចិញ្ចឹមចិត្តផ្តល់លុយសម្រាប់សេវាអ៊ីធើណេត Starlink ក្នុងប្រទេសអ៊ុយក្រែន ដែលវាបានជួយយ៉…

ប្រធានចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីប្រៀបបានជាខ្យល់ព្យុះមួយពេល ប៉ុន្ដែចិនវិញប្រៀបដូចជាការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង

ព័ត៌មាន
ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ ទី ១៧ តុលា បានព្រមានថា ប្រទេសចិនអាចប្រើប្រាស់ភាគហ៊ុន ដែលខ្លួនមាននៅក្នុងហេដ្ឋារចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ