វៀតណាមក្លាយជាប៉ូលនយោបាយការទូតរវាងអាមេរិកនិងរុស្ស៊ី

តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ


តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ!! ទោះបីជាមានទស្សនៈជាច្រើនលើកឡើងដែលថា លោក វ្លាទីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនឹងមកបំពេញទស្សនៈកិច្ចនៅវៀតណាម គឺជាព័ត៌មានដែលមានភាគរយតិចក៏ដោយ ប៉ុន្តែគេដឹងថា វៀតណាម កំពុងតែក្លាយជាប៉ូលនៃនយោបាយការទូតរវាងអាមេរិក និង រុស្ស៊ី ហើយក៏ជាប៉ូលនៃ ការប្រជែងឥទ្ធិពលរវាងរវាងអាមេរិក និង ចិន នៅអាស៊ានផងដែរ ។ សក្ខីភាពនេះនឹងត្រូវបាន គេឃើញនៅពេលដែល លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ចុះសុំចតទៅទីក្រុងហាណូយនៅខែក្រោយ។
វៀតណាមក្លាយជាប៉ូលនយោបាយការទូតរវាងអាមេរិកនិងរុស្ស៊ី
ដោយ

កាលពីសប្តាហ៍មុន លោក បៃដិន បានបង្ហើបយ៉ាងច្បាស់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ។ ទោះបីជាលោកមិនបានបញ្ជាក់ច្បាស់ថានៅពេលណាក៏ដោយ ប៉ុន្តែការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងហាណូយទំនងជានឹងប្រព្រឹត្តទៅនៅខែកញ្ញា ស្របពេលដែលមានសេចក្តីរាយការណ៍ថា លោកនឹងចូលរួម កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ។
ថ្នាក់ដឹកនាំវៀតណាមនឹងស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក បៃដិន ដើម្បីជាការបង្ហាញអំពី សារៈសំខាន់លើការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈដែល ពេលនេះខ្នងបង្អែកសំខាន់របស់ខ្លួននៅក្នុងបញ្ហាជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង គឺមានតែអាមេរិក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេជឿជាក់ថា បៃដិន ក៏នឹងមានការស្នើសុំ ពីវៀតណាមឲ្យពិចារណានៅលើគោលនយោបាយការទូតរបស់ខ្លួនជាមួយនឹងរុស្ស៊ីផងដែរ ពីព្រោះមកដល់ពេលនេះ វៀតណាមគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាង ៣០ ដែលបោះឆ្នោតអនុប្បវាទ នៅអង្គការសហប្រជាជាតិទាក់ទងនឹងការថ្កោលទោសរុស្ស៊ីប្រឆាំងនឹងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ។
បន្ទាប់ពី លោក បៃដិន ប្រកាសអំពីផែនការមកបំពេញទស្សនៈកិច្ចនៅវៀតណាម ចេញពីមាត់ផ្ទាល់របស់លោក ពាក្យចចាមរ៉ាមអំពីលទ្ធភាពរបស់លោក ពូទីន មកវៀតណាម គឺជារឿង មួយ ដែលកំពុងតែផុលផុស ។

ទោះបីជានេះជាពាក្យចចាមរ៉ាម ប៉ុន្តែវាក៏អាចមានភាគរយដែលនឹងក្លាយជារឿងពិតដែរ ពីព្រោះ លោក ពូទីន កន្លងមក ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមមុនដំណាច់ឆ្នាំនេះផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថា លទ្ធភាពនៃដំណើរទស្សនៈកិច្ចរបស់ លោក ពូទីន នៅវៀតណាម អាចមាន ទោះមិនខ្ពស់ ហើយគេក៏ជឿជាក់ថា ថ្នាក់ដឹកនាំវៀតណាម ក៏នឹងមិនបោះបង់រុស្ស៊ីផងដែរ ពីព្រោះវិស័យថាមពល និង យោធាវៀតណាម មានទំនាក់ទំនងស្អិតរមួតណាស់ ជាមួយនឹងរុស្ស៊ី ដូច្នេះវាចាំបាច់ណាស់ ដែលវៀតណាម នឹងទទួលដំណើរទស្សនៈកិច្ចនេះ ដើម្បីបង្ហាញអំពីតុល្យភាពការទូត រវាងមហាអំណាចយោធាទាំងពីរ ។
ចាប់តាំងពីលោកពូទីនបានបញ្ជាឱ្យមានការលុកលុយពេញប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ លោកកម្របានចេញទៅក្រៅប្រទេសណាស់ ប៉ុន្តែនៅចុងខែនេះ លោកគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ប៉ុន្តែក៏មិនទាន់ច្បាស់ ។
នៅពេលនេះគេដឹងថា មេដឹកនាំរុស្ស៊ីរូបនេះមិនចង់ចាកចេញពីមូស្គូឡើងដោយលោកត្រូវនៅក្នុងប្រទេស ដើម្បីមើលការខុសត្រូវយុទ្ធនាការយោធារបស់លោកនៅអ៊ុយក្រែន ហើយអ្វីដែលសំខាន់ ជាងនេះទៅទៀតគឺការចេញដីការចាប់ខ្លួនពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅខែមីនា ឆ្នាំ២០២៣ ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
នេះហើយគឺជាហេតុផលដែលលោក ពូទីន បានបដិសេធនៅក្នុងការចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងនៅចុងខែនេះ ហើយក៏នឹងមិនចូលរួមកិច្ចប្រជុំកំពូល G 20 ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះដែរ ប៉ុន្តែដំណើរទស្សនៈកិច្ចនៅវៀតណាមអាច ប្រសិនបើលោក ចូលរួមកិច្ចប្រជុំកំពូល ខ្សែក្រវ៉ាត់និងផ្លូវ នៅចិននាខែតុលា ខាងមុខ ពីព្រោះ ចិន និងវៀតណាម មិនមែនជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលចំនួន ៣០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហានេះ

ព័ត៌មាន
អតិថិជន អេ អឹម ខេ ជាទីស្រលាញ់ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេងល្បងប្រាជ្ញាសប្ប…

អាស៊ាននឹងបន្តដំណើរការទៅមុនដោយគ្មានវត្តមានមេដឹកនាំនយោបាយមីយ៉ាន់ម៉ារាប់ឆ្នាំទៅមុខ

ព័ត៌មាន
អវត្តមាននៃមេដឹកនាំមីយ៉ានម៉ានៅកិច្ចប្រជុំកំពូលអាស៊ានបានកើតមាន តាំងពីឆ្នាំ ២០២១ ហើយរហូតដល់ឆ្នាំ២០២៦ ក៏កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ