វៀតណាមបញ្ឈប់ការដឹកទំនិញទៅព្រំដែនចិន

វៀតណាមស្នើឱ្យក្រុមហ៊ុននាំចេញទាំងអស់បញ្ឈប់ការដឹកទំនិញទៅកាន់ព្រំដែនប្រទេសចិនដែលកំពុងជាប់គាំង


ក្រោយបញ្ហាកកស្ទះឡានកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿងនៅតាមបណ្ដោយព្រំដែន វៀតណាម-ចិន នៅតែមិនទាន់មានដំណោះស្រាយចេញនោះ ពេលនេះអាជ្ញាធរខេត្តភាគខាងជើងប្រទេសវៀតណាម ខេត្ត ឡាក់ សឺន (Lang Son) បានស្នើឱ្យក្រុមហ៊ុននាំចេញទូទាំងប្រទេសបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិនតទៅទៀត រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅដើមខែកុម្ភៈខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Express។
រថយន្តកុងតឺន័រដឹកទំនិញជាប់កកស្ទះនៅព្រំដែនវៀតណាមនិង​ចិន

បើទោះបីជាវៀតណាម ស្នើឱ្យភាគីចិនបើកចក្រព្រំដែនឱ្យមានការចរាចរទំនិញឡើងវិញក៏ដោយ ក៏គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីភាគីចិននៅឡើយទេ ស្របពេលដែលក្រុមហ៊ុននាំចេញរបស់វៀតណាមត្រូវបានលើកទឹកចិត្តឱ្យមានការធានាការវេចខ្ចប់ទំនិញរបស់ពួកគេគ្មានមេរោគកូវីដ១៩ និងបង្កើនគុណភាពទំនិញមុនពេលនាំចេញ។ ប៉ុន្តែ រហូតមកទល់ពេលនេះ នៅមានរថយន្តកុងតឺន័រជាង ២៤០០ គ្រឿងដែលមាន ៦០ ភាគរយជារថយន្តដឹកផ្លែឈើស្រស់កំពុងតែនៅជាប់គាំងនៅច្រកព្រំដែនខេត្ត ឡាង សុន (Lang Son)។

ប៉ុន្តែយ៉ាងណាមិញ នៅតាមច្រកព្រំដែនមួយចំនួនដូចជា តាន ថាញ់ (Tan Thanh) និងគុកណាម (Coc Nam) ភាគីចិនបានផ្ដល់ជូននូវការសម្របសម្រួលតាមនីតិវិធីចាំបាច់បណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យរថយន្តកុងតឺន័រតែពីរ ឬបីកុងតឺន័រប៉ុណ្ណោះ អាចឆ្លងកាត់ទៅកាន់ប្រទេសចិនក្នុងមួយថ្ងៃៗ។

សូមជម្រាបថា ការអនុវត្តគោលនយោបាយគ្មានកូវីដ ឬ Zero Covid របស់ប្រទេសចិន ក្នុងកំឡុងពេលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ បានធ្វើឱ្យប្រទេសចិនរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេយ៉ាងតឹងរ៉ឹងបំផុត។ ការវិធានការត្រួតពិនិត្យលើទំនិញនាំចូលនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូន ជាពិសេសប្រទេសវៀតណាម ខណៈដែលប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំមួយរបស់វៀតណាម ហើយក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនស្នើឥណ្ឌូនេស៊ីលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មវិញ

ព័ត៌មាន
ឥណ្ឌូនេស៊ី ជាជម្រុកនៃផលិតកម្មធ្យូងថ្មដ៏សំខាន់មួយសម្រាប់តំបន់អាស៊ី ប៉ុន្តែការប្រកាសផ្អាកការនាំចេញធ្យូងថ្មរបស់ក្រុងហ្សាកាតា សម្រាប់ខែមករា បា…

ក្រុមហ៊ុនយក្សវៀតណាម VinFast នឹងសាងសង់រោងចក្រផលិយអាគុយរថយន្តអគ្គិសនីនៅអាមេរិក

ព័ត៌មាន
បន្ទាប់ពីបានចាប់ផ្ដើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីចុងឆ្នាំ២០២១ ពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់វៀតណាម VinF…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ