ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រឹងគុណភាពការងារ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌


នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន ក.ស.វ. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាអចិន្ត្រៃយ៍-មិនអចិន្ត្រៃយ៍ និងទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេសនៃ ក.ស.វ. និងមន្ត្រីអគ្គលេខាធិការដ្ឋាន។
ឯកឧត្តម រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ក.ស.វ. ក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលើការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ជូនទីស្តីការគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលក្នុងគោលដៅពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនោះឱ្យមានសង្គតិភាព និងឆ្លើយតបនឹងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នាពេលកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ. បន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃបរិកាណ៍នៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេស​លើកកម្ពស់​កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ឡើងវិញជូនអង្គប្រជុំនូវមុខងារ និងភារកិច្ច​ចម្បងរបស់ ក.ស.វ. រួមមានការងាររៀបចំរបាយការណ៍តាមដាន សិក្សាវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការផ្តល់មតិយោបល់ជូនគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលលើទិដ្ឋភាពបច្ចេកទេស​នៃគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត និងការស្រាវជ្រាវសម្រាប់​ផ្ដល់ជាធាតុចូល​ក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា(Applied Research)។ល។

ក្នុងបរិការណ៍នៃការរីកចម្រើនរបស់កម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើ អាទិភាពជាចម្បងលើការបន្តពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស និងក្នុងការបំពេញ មុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកប​ដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ឱ្យសម្រេច​បានសមិទ្ធផលល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការបានដាក់ចេញ​នូវការណែនាំ តម្រង់ទិសដៅ និងផែនការសម្រាប់ការអនុវត្តចំពោះមុខ និងរយៈពេលមធ្យមសម្រាប់ ក.ស.វ. ដូចតទៅ៖

ទី១. ការរៀបចំផែនការយុទ្ធសាស្ត្រ និងព្រមទាំងផែនការអភិវឌ្ឍន៍ស្ថាប័ន ក.ស.វ. ដើម្បីពង្រឹងតួនាទីជា«សេនាធិការគោលនយោបាយមួយ» របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត​ការងារប្រកបដោយបប្រសិទ្ធភាព, គុណភាព និងទាន់ពេល។

ទី២. ការពង្រឹងការធ្វើការស្រាវជ្រាវសម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការ នានា(Applied Research) ដោយត្រូវផ្តោតលើទិសដៅ និងការងារអាទិភាព​ដែលមានចែងក្នុង«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល ក.ស.វ. មានឧត្តមភាព​ប្រៀបធៀបខ្ពស់ (Comparative Advantage) ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយស្ថាប័ន​ស្រាវជ្រាវផ្សេងៗទៀត ដើម្បីបង្កើតជាសហគមន៍ស្រាវជ្រាវ (Research Community) ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធភាពស្រាវជ្រាវនានា សំដៅលើកកម្ពស់គុណភាព និងបង្កើតសហថាមភាព(synergy)ការងារ។

ទី៣. ការលើកកម្ពស់ការបន្តតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់កម្រិតបច្ចេកទេស​លើគោលនយោបាយ ច្បាប់ និងឯកសារបទដ្ឋានគតិយុត្តិដោយត្រូវមានកិច្ចសហការជិតស្និទរវាងក្រសួង ស្ថាប័ន ជាពិសេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានបច្ចេកទេសក្រោមឱវាទ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងថាមភាពក្នុងការបំពេញការងារ។

ទី៤. ការបន្តអនុវត្តយន្តការវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិ (Fegulatory Impact Assessrrent -RIA) ដើម្បីធ្វើឱ្យការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ តាមក្រសួង-ស្ថាប័នមានសង្គតិភាព និងស្របតាមនីតិវិធី និងបទដ្ឋានជាធរមាន និងត្រៀមរៀបចំគម្រោងនេះឡើងវិញជាមួយ ADB។ ទី៥. ការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តបេសកកម្ម និងគោលដៅ និងពង្រឹងធនធានមនុស្សរបស់ ក.ស.វ.៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ

ព័ត៌មាន
ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់កាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ ក្នុងការទូទាត់ទំនិញផ្សេងៗតាម QR Code, ម៉ាស៊ីនឆ…

គុណភាពអប់រំសាលារដ្ឋនឹងប្រសើរឡើងតាមរយៈការជ្រើសរើសគណៈគ្រប់គ្រង

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមហិច្ឆតាធ្វើឱ្យសាលារដ្ឋមានគុណភាពអប់រំល្អមិនចាញ់សាលាឯកជន ជាមួយចក្ខុវិស័យច្បាស់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ