បង់ក្លាដែស

តើអ្វីជាហេតុផលចម្បងនៅពីក្រោយបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីតជំនាន់របស់បង់ក្លាដែស?


លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីតជំនាន់របស់បង់ក្លាដែស ដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក បានបង្ខំចិត្តលាលែងពីតំណែងយ៉ាងតក់ក្រហល់ ហើយបានភៀសខ្លួនតាមឧទ្ធម្ភាគចក្រភ្លាមៗ ក្រោយក្រុមបាតុករសម្រុកចូលកាន់កាប់វិមាននាយករដ្ឋមន្រ្តី។ យោធាបង់ក្លាដែស ដែលកំពុងដឹកនាំប្រទេសបានអះអាងថា រដ្ឋាភិបាលបណ្ដោះអាសន្ននឹងត្រូវបានបង្កើតឡើង ដើម្បីស្ដារស្ថិរភាពក្នុងប្រទេសឡើងវិញ។ តើអ្វីជាហេតុផលចម្បងនៅពីក្រោយមហាបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសចេញពីអំណាច ហើយលោកស្រីមានប្រវត្តិបែបណាក្នុងអាជីពនយោបាយ?
បង់ក្លាដែស
ដោយ

លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស យ៉ាងតក់ក្រហល់ ហើយបានភៀសខ្លួនតាមឧទ្ធម្ភាគចក្រយោធាភ្លាមៗទៅកាន់ប្រទេសឥណ្ឌា ដោយសុវត្ថិភាពកាលពីថ្ងៃច័ន្ទ ទី៥ ខែសីហា បន្ទាប់ពីផ្ទុះបាតុកម្មជាច្រើនសប្តាហ៍ ដែលបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតរាប់រយនាក់មកនោះ គឺជាឥស្សរជននយោបាយដ៏លេចធ្លោមួយរូបចាប់តាំងពីឪពុករបស់លោកស្រី ដែលជាបិតាឯករាជ្យ គឺលោក ស្សេក ម៉ាជីបួ រ៉ាម៉ាន់ (Sheikh Mujibur Rahman) ត្រូវបានធ្វើឃាតក្នុងឆ្នាំ១៩៧៥។ ការលាលែងពីតំណែងរបស់ លោកស្រី យ៉ាងតក់ក្រហល់បានធ្វើឡើងប៉ុន្មានខែបន្ទាប់ពី លោកស្រី ឈ្នះការបោះឆ្នោតអាណត្តិទី៥ នៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសអំឡុងខែមករា ដើមឆ្នាំ២០២៤ កន្លងទៅ។

លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ដែលមានវ័យ៧៦ឆ្នាំអមដំណើរជាមួយប្អូនស្រីបង្កើតរបស់លោកស្រី បានភៀសខ្លួនតាមឧទ្ធម្ភាគចក្រទាំងព្រលឹងចុងសក់ អំឡុងមហាបាតុកម្មដ៏គ្រោះថ្នាក់ដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការដឹកនាំរបស់លោកស្រី ដែលមានភាពផ្ដាច់ការកាន់តែខ្លាំងឡើង ក្រោយរបបដឹកនាំរបស់លោកស្រី បានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងជាបន្តបន្ទាប់ និងបានប្រើអំណាចគាបសង្កត់ទៅលើអ្នកដែលមាននិន្នាការប្រឆាំងឥតល្ហែ។

អាជីពនយោបាយរបស់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) បានចាប់ផ្តើម បន្ទាប់ពី លោកស្រី បាននិរទេសខ្លួនទៅក្រៅប្រទេស ក្រោយក្រុមគ្រួសាររបស់ លោកស្រី ត្រូវបានធ្វើឃាត។ ក្រោយធ្វើមាតុភូមិនិវត្តន៍ពីការនិរទេសខ្លួននៅក្រៅប្រទេសក្នុងឆ្នាំ១៩៨១ លោកស្រី បានក្លាយជាប្រធានគណបក្សសម្ព័ន្ធ អាវ៉ាមី (Awami League) ហើយក្រោយមក លោកស្រី បានជួយផ្តួលរំលំមេដឹកនាំយោធានៅឆ្នាំ១៩៩០ ដោយជោគជ័យរួមជាមួយគូប្រជែងរបស់លោកស្រី គឺលោកស្រី ខាឡេដា ហ្សៀ (Khaleda Zia)។ ទោះជាយ៉ាងណា មិនយូរប៉ុន្មាន សម្ព័ន្ធភាពរវាងលោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) និងលោកស្រី ខាឡេដា ហ្សៀ (Khaleda Zia) ក៏បានប្រេះឆា ហើយក៏ក្លាយជាគូប្រជែងនឹងគ្នាយ៉ាងស្វិតស្វាញ។

លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) បានឈ្នះការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៦ ហើយបានកាន់អំណាចរហូតដល់ឆ្នាំ២០០១។ បន្ទាប់មក លោកស្រី បានឡើងកាន់អំណាចដឹកនាំប្រទេសជាថ្មីនៅឆ្នាំ២០០៩ រហូតមកទល់នឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ ដែលជាថ្ងៃចុងក្រោយនៃអាជីពនយោបាយរបស់លោកស្រី។

នៅក្រោមការដឹកនាំរបស់ខ្លួន លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់លើគណបក្សប្រឆាំង និងក្រុមដែលមាននិន្នការប្រឆាំង។ ថ្វីបើទទួលរងការរិះគន់យ៉ាងនេះក្តី ក៏លោកស្រីត្រូវបានកោតសរសើរចំពោះការជំរុញកំណើនសេដ្ឋកិច្ច និងការជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ទោះជាយ៉ាងណា បញ្ហាសេដ្ឋកិច្ចរបស់បង់ក្លាដែស នៅមួយរយៈចុងក្រោយនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបាននាំឱ្យប្រទេសបង់ក្លាដែស ធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងររហូតឈានដល់ការស្នើសុំថវិកាសង្គ្រោះសេដ្ឋកិច្ចពីស្ថាប័នមូលនិធីរូបិយវត្ថុអន្តរជាតិ IMF រហូតដល់ទៅ៤,៧ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៧ និងបានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៦៨។ លោកស្រី ជាកូនបង្កើតរបស់លោក ស្សេក ម៉ាជីបួ រ៉ាម៉ាន់ (Sheikh Mujibur Rahman) ដែលជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់ប្រទេសបង់ក្លាដែស ក្រោយបង់ក្លាដែសប្រកាសឯករាជ្យពីប្រទេសឥណ្ឌា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១។

គួររំឭកថា លោក ស្សេក ម៉ាជីបួ រ៉ាម៉ាន់ (Sheikh Mujibur Rahman) ដែលជាឪពុករបស់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ត្រូវបានគេធ្វើឃាតរួមជាមួយនឹងសមាជិកស្ទើរមួយគ្រួសារនៅក្នុងរដ្ឋប្រហារយោធាមួយ ដែលបាននាំទៅរកការគ្រប់គ្រងប្រទេសដោយរបបយោធាអស់រយៈពេលយ៉ាងយូរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើង ក្រោយលេចលឺពីដំណឹងកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក

ព័ត៌មាន
តម្លៃមាសបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីមន្ត្រីធនាគារកណ្តាលអាម៉េរិកមួយរូបបានបង្ហើបពីលទ្ធភាពដ៏រឹងមាំក្នុងការកាត់បន្ថយ…

ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

ព័ត៌មាន
កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តដ៏ស្អាត ឆ្លាត ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ