សង្រ្គាមមជ្ឈិមបូព៌ា

តើលោក ស៊ី ជិនពីង និងលោក ពូទីន ពិភាក្សាគ្នាអ្វីខ្លះនៅក្រុងប៉េកាំង?


ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក ពូទីន បានពិភាក្សាគ្នាអំពីជម្លោះនៅ Gaza និងសង្រ្គាមអ៊ុយក្រែន នៅខាងក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវក្នុងទីក្រុងប៉េកាំង ដោយបានបង្ហាញពីជំហររួមផ្សេងគ្នាពីប្រទេសលោកខាងលិច។ នៅក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរនេះ ចិន និងរុស្ស៊ី ទំនងជានឹងខិតចូលជិតគ្នាកាន់តែខ្លាំងបន្ថែមទៀត ខណៈលោក ពូទីន លើកឡើងថា«ការគំរាមកំហែងរួម»ធ្វើឱ្យប្រទេសទាំងពីរកាន់តែរឹងមាំ ខណៈលោក ស៊ី ប្តេជ្ញាការពារសមភាព និងយុត្តិធម៌រួមគ្នាជាមួយរុស្ស៊ី។
សង្រ្គាមមជ្ឈិមបូព៌ា
ដោយ

នៅក្នុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសដ៏កម្រមកកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ក្រោយរងដីកាចាប់ខ្លួនពី ICC លោក ពូទីន បានមានវត្តមានក្នុងវេទិកាអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកទីបី ជាមួយនឹងមេដឹកនាំ និងតំណាងប្រទេសជាង១៣០ផ្សេងទៀត ដែលរៀបចំធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៨ តុលា។

ក្នុងឱកាសនោះ លោក ក៏មានជំនួបទ្វេភាគីជាមួយនឹងមេដឹកនាំថៃ វៀតណាម ឡាវ និងប្រទេសដៃគូផ្សេងទៀតដែរ។ ក៏ប៉ុន្តែជំនួបរបស់ ពូទីន ជាមួយលោក ស៊ី ជិនពីង បានស្ថិតក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ដែលហាក់បង្ហាញពីជំហរផ្សេងពីសហរដ្ឋអាមេរិក ចំពោះសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងការបែកបាក់គ្នារួចទៅហើយលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលបីម៉ោងជាមួយលោក ស៊ី ក្រោយបើកវេទិកាខ្សែក្រវាត់ និងផ្លូវកាលពីថ្ងៃពុធ លោក ពូទីន បាននិយាយថា លោក និងមេដឹកនាំចិន បានពិភាក្សា​គ្នាអំពីជម្លោះអ៊ុយក្រែន និងតំបន់ហ្គាហ្សាយ៉ាងលម្អិត ប៉ុន្តែការពិភាក្សាជាច្រើន គឺជាការសម្ងាត់​។

លោក ពូទីន ក៏បានជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស​។ គួរជម្រាបថា ទាំងរុស្ស៊ី និងចិនបានប្រកាន់ជំហរស្រដៀងគ្នា គឺគាំទ្រឱ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ និងមិនបានថ្កោលទោសហាម៉ាសនោះទេ។

ក្នុងសន្និសីទនោះ លោក ពូទីន បានលើកឡើងពីទំនាក់ទំនងចិន និងរុស្ស៊ីថា គឺកម្លាំងខាងក្រៅដែលជះការគំរាមកំហែងរួម ទើបធ្វើឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែចូលជិតគ្នា។ យ៉ាងណាមិញ យោងតាមការផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី ជិនពីង បានប្រាប់លោក ពូទីន នៅដើមដំបូងនៃជំនួបថា ចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងនាមជាប្រទេសមហាអំណាច ដើម្បីរួមចំណែកបង្កើនការអភិវឌ្ឍ​ ការពារសមភាព និងយុត្តិធម៌សម្រាប់ពិភពលោក។

លោក ស៊ី បាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីបង្កើនទំនាក់ទំនងផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ។ ក្រៅពីនេះ លោក បានគូសបញ្ជាក់ប្រាប់លោក ពូទីន ថា ពួកគេទាំងពីរបានជួបគ្នា៤២ដងហើយចាប់តាំងពីឆ្នាំ២០១៣ ហើយឆ្នាំក្រោយនេះ នឹងក្លាយជាឆ្នាំនៃខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងចិន-រុស្ស៊ី។ អំឡុងពេលនោះដែរ លោក ពូទីន ក៏បានកោតសរសើរពីជោគជ័យ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះរបស់ប្រទេសចិន។ យោងតាមវិមានក្រឹមឡាំង ប្រទេសចិន និងរុស្ស៊ី បានសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ប្រមាណ២០០ពាន់លានដុល្លារក្នុងឆ្នាំនេះ ច្រើនលើសពីការរំពឹងទុកទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីចិនជំរុញដំណើរការកសាងព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារភ្ជាប់មកតំបន់អាស៊ាន?

ព័ត៌មាន
អាជ្ញាធរចិន និងអ្នកជំនាញការកំពុងតែជំរុញដំណើរការកសាងព្រែកជីកមួយ ដែលមានចម្ងាយ១៣៤គីឡូម៉ែត្រជាមួយទុនវិនិយោគ១០ពាន់លានដុល្លារ ឱ្យដំណើរការ…

តើប្រទេសអាស៊ានណាខ្លះដែលទទួលបានផលប្រយោជន៍ពីគម្រោងខ្សែក្រវាត់និងផ្លូវ ?

ព័ត៌មាន
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រកាសជាចំហរថា ខ្លួននឹងបន្តគាំទ្រ និងជំរុញការអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ