ទីម័រខាងកើតត្រូវប្រឈមមុខនិងអ្វីខ្លះទើបអាចចូលជាសមាជិកអាស៊ានពេញសិទ្ធ?

តើទីម័រខាងកើតត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចអ្វីខ្លះ មុនអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិ?


ការចូលជាសមាជិករបស់ទីម័រខាងកើតមកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានក្លាយជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈដទៃទៀត នៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០២២។ កាលនោះ មេដឹកនាំមកពីប្លុកមួយនេះ បានយល់ព្រមជាគោលការណ៍ដើម្បីទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី១១របស់ខ្លួន។ ប៉ុន្តែ អ្នកជំនាញបានព្រមានថា ប្រទេសដែលមានប្រជាជនជាង១លាន៣សែននាក់មួយនេះ នៅតែមានកិច្ចការជាច្រើនដើម្បីបំពេញតាមការចង់បានរបស់អាស៊ាន ពិសេសគឺបញ្ហាសេដ្ឋកិច្ចតែម្ដង។
មុនចូលអាស៊ានទីម័រត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច!

អ្នកការទូតជើងចាស់មួយរូប មកពីក្រៅតំបន់អាស៊ានបានប្រាប់ Nikkei ថា ទោះបីទីម័រខាងកើតត្រូវបានទទួលស្គាល់ជាគោលការណ៍ឱ្យចូលជាសមាជិកអាស៊ានក៏ដោយ ប៉ុន្ដែ វាមិនងាយស្រួលទេ ហើយនឹងត្រូវការពេលវេលាទៀត។

ការលើកឡើងពីអ្នកការទូតសុំមិនបញ្ចេញឈ្មោះខាងលើ គឺនៅក្រោយពេលកាលដែលកាលពីខែវិច្ឆិកាឆ្នាំមុន អាស៊ានបានសម្រេចយល់ព្រមជាគោលការណ៍ ឱ្យទីម័រខាងកើតក្លាយជាសមាជិកទី១១ ហើយ បើកផ្លូវឱ្យប្រទេសមួយនេះ ចូលរួមកិច្ចប្រជុំកំពូល និងថ្នាក់រដ្ឋមន្ត្រីនានា ក្នុងនាមជាអ្នកអង្កេតការណ៍ មុននឹងបន្តនិតិវីធី ដើម្បីឈានទៅក្លាយចូលជាសមាជិកជាផ្លូវការ។

ជាក់ស្តែង តំណាងទីម័រខាងកើតត្រូវបានអញ្ញើញឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីដើមខែកុម្ភៈថ្មីៗនេះ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេន។ បន្ថែមពីលើនេះ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់ បានអនុម័តគោលការណ៍ណែនាំទាក់ទងពីស្ថានភាពអ្នកសង្កេតការណ៍របស់ទីម័រខាងកើតផងដែរ។

ក្រៅតែពី ការវិវត្តទៅមុខល្អចំពោះសមាជិកភាពរបស់ទីម័រ អ្នកជំនាញមួយចំនួន និយាយថា ប្រទេសមួយនេះ ត្រូវការពេលនិងផ្លូវវែងឆ្ងាយទៀត មុននឹងក្លាយជាសមាជិកអាស៊ានទី១១ដោយពេញសិទ្ធិ។

លោកស្រី Maria Ortuoste សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកប្រាប់ Nikkei ថា ទីម័រនៅតែស្ថិតក្នុងឋានៈជាអ្នកសង្កេតការណ៍សម្រាប់ពេលនេះ ប៉ុន្តែប្រសិនបើប្រធានអាស៊ានឆ្នាំនេះ គឺឥណ្ឌូនេស៊ីពិតជាចង់ជួយទីម័រឱ្យចូលអាស៊ានមែន ទាំងឥណ្ឌូនេស៊ីនិងទីម័រខ្លួនឯង ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ អ្នកជំនាញរូបនេះថា បញ្ហាថវិកាជាបញ្ហាមួយ ក្នុងចំណោមបញ្ហាច្រើនទៀត

តាមគោលការណ៍ សមាជិកអាស៊ាននីមួយៗត្រូវតែរួមចំណែកថវិកាដល់ការធ្វើការងាររបស់អាស៊ាន តាមរយៈការរួមចំណែកប្រចាំឆ្នាំ ដែលមានកំរិតថវិកាស្មើៗគ្នា។ លើសពីនេះ នៅមានការចំណាយផ្សេងទៀត ដូចជាការចំណាយលើការធ្វើដំណើររបស់មន្ត្រី ដើម្បីទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសរបស់ពួកគេ។ ដោយឡែក ការរៀបចំសន្និសីទ នៅទីម័រខាងកើតខ្លួនឯងក៏នឹងត្រូវចំណាយច្រើនផងដែរ។

លោកស្រី Maria Ortuoste បន្តថាការគ្រប់គ្រងលើការចំណាយទាំងនេះ ពិតជាបញ្ហាប្រឈមដ៏ចំបងសម្រាប់ទីម័រខាងកើត ជាពិសេសនៅពេលដែលប្រាក់ចំណូលបានពីប្រេងធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ ទីម័រនឹងត្រូវការជំនួយបន្ថែមច្រើន រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែរ ទោះបីវាមានការកែលម្អខ្លះ ប៉ុន្តែនៅត្រូវធ្វើច្រើនទៀត។

អ្នកជំនាញខ្លះទៀតនិយាយថា ទីម័រខាងកើតត្រូវអភិវឌ្ឍជំនាញរបស់ប្រជាជនខ្លួន ពិសេសត្រូវធ្វើឱ្យប្រាកដថា ពួកគេអាចទាក់ទងដោយភាសាអង់គ្លេសសម្រាប់ការប្រជុំនានា។ គួរជម្រាបថា នៅទីម័រខាងកើត មនុស្សភាគច្រើននិយាយភាសា Tetum ឬព័រទុយហ្គាល់។

សូមជម្រាបថា ក្រៅតែពីបញ្ហាប្រឈមទាំងនេះ ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta មានសុទិដ្ឋិនិយមចំពោះសំណើរបស់ប្រទេសលោក ដើម្បីចូលរួមជាមួយអាស៊ាន។ Ramos-Horta បានប្រាប់ Nikkei ថាវាមិនមានឧបសគ្គចំពោះការចូលជាសមាជិកអាស៊ានទេ គាត់ក៏បានកត់សម្គាល់ផងដែរថា ការចូលជាធរមានជាផ្លូវការអាចកើតឡើងនៅឆ្នាំនេះ ឬអំឡុងមួយឆ្នាំទៀត ដោយសារតែសមាជិកអាស៊ាន ហាកបង្ហាញការគាំទ្រគ្រប់គ្រាន់មកលើទីម័រ៕




អត្ថបទបន្ទាប់


អាមេរិកបើកឆាកធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយ ចិនរឿងបាឡុងចារកម្ម

ព័ត៌មាន
កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងម៉ារីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង ចំពេលមា…

ហេតុអ្វីសេដ្ឋកិច្ចសិង្ហបុរីឆ្នាំ២០២២ សម្រេចបានកំណើនទាបជាងការរំពឹងទុក?

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២២ បានកើនឡើងតិចជាងអ្វីដែលបានប៉ាន់ស្មានទុក។ ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ