អូស្ត្រាលី - វៀតណាម

ហេតុអ្វីអូស្ត្រាលីខំប្រឹងបង្កើនទំនាក់ទំនងជាមួយវៀតណាមកាន់តែខ្លាំងក្លា?


ទស្សនកិច្ចនាចុងសប្ដាហ៍មុនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បាណេស (Anthony Albanese) នៅវៀតណាម ជាការទទួលស្គាល់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏មានសារៈសំខាន់មួយនេះ មិនមែនដោយសារតែរឿងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ។ នេះបើតាមទស្សនៈរបស់បណ្ឌិត លៀម បៃអឹន (Liam Byrne) ដែលជាប្រវត្តិវិទូនយោបាយនិងជាអ្នកកត់ត្រាជីវប្រវត្តិ នៅក្នុងសារព័ត៌មាន SCMP។
តើទំនាក់ទំនងរវាងអូស្ត្រាលីនិងវៀតណាមកំពុងវិវត្តទៅរកអ្វីឱ្យពិតប្រាកដនៅចំពោះមុខអាមេរិកនិងចិន?
ដោយ

លោកបណ្ឌិត បៃអឹន ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមែលប៊ើនផង យល់ឃើញថា អូស្ត្រាលីចង់ស្ដារចំណងការទូតជាមួយបណ្ដាប្រទេសក្នុងសមាគមអាស៊ានឡើងវិញ បន្ទាប់ពីមានមេរៀនពីទំនាក់ទំនងផ្កាប់មុខជាមួយសហរដ្ឋអាមេរិក។

ទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាល់បាណេស នៅវៀតណាមនាដើមខែនេះ បានប្តូរមុខមាត់ទំនាក់ទំនងទ្វេភាគីពី«ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ»។ អូស្ត្រាលីត្រូវចាប់យកភាពជាដៃគូក្នុងតំបន់ដែលមានទម្ងន់មធ្យម ដូចជាវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីផ្តោតលើផលប្រយោជន៍រួម និងដើម្បីអនាគត តាមរបៀបរបស់ខ្លួនផ្ទាល់។

នេះមិនមែនជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីទៅវៀតណាមនោះទេ។ លោកស្កត ម៉ូរីសុន អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏ធ្លាប់បានមកប្រទេសនេះកាលបីពីឆ្នាំ២០១៩ដែរ។ តែយ៉ាងណា ដំណើររបស់លោក អាល់បានេស គឺមានលក្ខណៈពិសេសជាង។ ឆ្នាំនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងវៀតណាម ក្រោយពីការលូកដៃដ៏ជ្រៅរបស់ទីក្រុងកង់ប៉េរ៉ាទៅក្នុងសង្គ្រាមអាមេរិកនៅវៀតណាម។

ក្នុងអំឡុងពេលនៃសង្រ្គាម កងទ័ពអូស្ត្រាលីជាង៦ម៉ឺននាក់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសវៀតណាមជាមួយកងទ័ពអាមេរិក ហើយមានកងទ័ពអូស្ត្រាលី ៥២៣ នាក់បានពលី។ ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងសង្រ្គាមនៅវៀតណាមបានធ្លាក់ចុះពីចុងឆ្នាំ ១៩៧០។ កងទ័ពអូស្ត្រាលីចុងក្រោយបានធ្វើមាតុភូមិនិវត្តន៍ក្នុងខែធ្នូ ឆ្នាំ ១៩៧២។ មួយខែក្រោយមក ការចូលរួមរបស់អូស្ត្រាលីបានចប់ជាផ្លូវការ។

ក្រោយមក នៅអូស្ត្រាលី មានកិច្ចខិតខំរួមគ្នារវាងគណបក្សផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាមឡើងវិញ ទាំងក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការពារជាតិ។ អំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ឌុក ម៉ាញ (Nong Duc Manh) ទៅកាន់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៩ ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងឱ្យទៅជា«ជាដៃគូទូលំទូលាយ»។ នៅឆ្នាំ ២០១៨ ដើម្បីអបអរខួបលើកទី ៤៥ នៃទំនាក់ទំនងការទូត, ពួកគេបានប្រែក្លាយជា"ដៃគូយុទ្ធសាស្ត្រ"។

ប្រទេសទាំងពីរបានទទួលផលរៀងៗខ្លួនពីទំនាក់ទំនងនេះ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាមធ្យម ៨,៦% ក្នុងមួយឆ្នាំៗ នារយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែអាកប្បកិរិយារបស់រដ្ឋាភិបាលលោក Morrison ចំពោះប្រទេសវៀតណាម បានធ្វើឱ្យគេយល់ច្រលំដោយសារអរិភាពរបស់ខ្លួនចំពោះប្រទេសចិន ហើយបានធ្វើឱ្យគេគិតថាអនាគតរបស់អូស្ត្រាលីគឺចងភ្ជាប់នឹងសហរដ្ឋអាមេរិក។

ចាប់តាំងពីបានជាប់ឆ្នោតមក រដ្ឋាភិបាលរបស់លោក អាល់បាណេស បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងនិងជួសជុលទំនាក់ទំនងរបស់ខ្លួននៅក្នុងតំបន់។ វាគឺជាការទទួលស្គាល់ថា គោលនយោបាយការបរទេសរបស់អូស្ត្រាលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានកាត់បន្ថយសារៈសំខាន់នៃទំនាក់ទំនងរបស់អូស្ត្រាលីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានទម្ងន់មធ្យម និងដែលកំពុងព្យាយាមសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទំនាក់ទំនង និងតុល្យភាពនៃអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដូចអូស្ត្រាលីដែរ។

សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី អាលបាណេស នាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា ការបង្កើនទំនាក់ទំនងរបស់អូស្ត្រាលីជាមួយវៀតណាមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងឡើងវិញនូវទំនាក់ទំនងរបស់អូស្ត្រាលីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អូស្ត្រាលីជាប្រទេសដែលធ្វើសមាហរណកម្មខ្លួនកាន់តែខ្លាំងទៅក្នុងតំបន់ និងស្វែងរកឱកាសសេដ្ឋកិច្ចថ្មីៗនៅក្នុងវិស័យថាមពលកកើតឡើងវិញ។ ក្នុងចំណោមកិច្ចព្រមព្រៀងនានា ដែលលោក អាល់បាណេស បានចុះនៅទីក្រុងហាណូយ មានកញ្ចប់ថវិកាចំនួន ១០៥ លានដុល្លារអាមេរិក សម្រាប់ជួយវៀតណាមឱ្យក្នុងវិស័យថាមពលស្អាត។

បទពិសោធន៍ពីសង្គ្រាមនៅវៀតណាមគួរតែរំលឹកប្រជាជនអូស្ត្រាលីទាំងអស់អំពីគ្រោះថ្នាក់នៃការធ្វើតាមសហរដ្ឋអាមេរិក ដោយមិនគិតពីខ្លួនឯង ហើយទំនាក់ទំនងបច្ចុប្បន្នជាមួយវៀតណាមបង្ហាញពីរបៀបដែលអូស្ត្រាលីអាចធ្វើបានតាមវិធីរបស់ខ្លួន៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងព្យាយាមម្តងទៀតសម្រាប់កិច្ចព្រមព្រៀងថាមពលកកើតឡើងវិញ បន្ទាប់ពីខ្វែងគំនិតគ្នាចំពោះថាមពលនុយក្លេអ៊ែរ

ព័ត៌មាន
បណ្តាប្រទេសសហភាពអឺរ៉ុបនឹងព្យាយាមម្តងទៀតនៅក្នុងសប្តាហ៍នេះដើម្បីអនុម័តកិច្ចព្រមព្រៀងមួយស្តីពីគោលដៅថ្មីៗនៃថាមពលកកើតឡើងវិញ ក្រោយពីបានជាប់គាំង…

វៀតណាមប្រឈមនឹងការខ្វះខាតអគ្គិសនីជាថ្មី ខណៈរោងចក្រមួយចំនួននៅជិតទីក្រុងហាណូយត្រូវបន្ថយការប្រើប្រាស់ជិត៥០%

ព័ត៌មាន
ក្រុមហ៊ុនផលិតថាមពលមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋនៅប្រទេសវៀតណាមបានស្នើសុំឱ្យសួនឧស្សាហកម្មមួយចំនួននៅជិតទីក្រុងហាណូយកាត់បន្ថយការប្រើប្រាស់អគ្គិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ