ការចុះបញ្ជីក្រុមហ៊ុនថ្មីនៅ CSX

ហេតុអ្វីការចុះបញ្ជីក្រុមហ៊ុនថ្មីនៅ CSX មានភាពយឺតយ៉ាវខុសពីការរំពឹងទុក?


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)បានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីៗហាក់មានភាពយឺតយ៉ាវជាងការរំពឹងទុកនៅក្នុងឆ្នាំ២០២២នេះ ខណៈនៅរយៈពេល៦ខែមកដើមឆ្នាំនេះ CSX ទើបទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីតែមួយប៉ុណ្ណោះ។
ផ្សារមូលបត្រកម្ពុជា(CSX)

ភាពយឺតយ៉ាវក្នុងការចុះបញ្ជីនេះ គឺដោយសារក្រុមហ៊ុន ដែលមានបំណងចង់ចុះបញ្ជីទាំងនោះមិនទាន់បញ្ចប់នីតិវិធីលើការរៀបចំខ្លួន គួបផ្សំមានការព្រួយបារម្ភពីការឡើងថ្លៃទំនិញ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ទោះយ៉ាងណា ថ្នាក់ដឹកនាំ CSX រំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី២ទៅ៣ក្រុមហ៊ុនបន្ថែមទៀតឆមាសទីពីរឆ្នាំ២០២២។

ការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីៗក្នុងផ្សារមូលបត្រកម្ពុជានៅឆមាសទី១ឆ្នាំ២០២២ មិនបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ បើទោះបីបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយយ៉ាងណាក្តី។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល ៦ខែកន្លងមកនេះ CSX ទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីតែ១ប៉ុណ្ណោះ គឺក្រុមហ៊ុនអចលនទ្រព្យ ជេអេស លែន។

ក្រុមហ៊ុនអចលនទ្រព្យ ជេអេស លែន បានក្លាយជាក្រុមហ៊ុនដំបូងគេនៅឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើទីផ្សារមូលបត្រកម្ពុជាកាលពីអំឡុងខែកុម្ភៈ កន្លងទៅ។ សម្រាប់ការចុះបញ្ជីដំបូងរបស់ខ្លួន ជេអេស លែន បានបោះផ្សាយលក់ភាគហ៊ុនចំនួន ២៥លានភាគហ៊ុន ដោយមួយភាគហ៊ុនជួញដូរក្នុងតម្លៃ១ពាន់៩រយរៀលសម្រាប់ការបោះផ្សាយលក់ដំបូង។

ការទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីតែមួយខាងលើ វាហាក់ខុសពីអ្វី ដែលថ្នាក់ដឹកនាំ CSX បានដាក់ក្តីរំពឹងកន្លងមក ដោយកាលណោះឯកឧត្តម ហុង សុហួរ បានដាក់ក្តីរំពឹងថា ផ្សារមូលបត្រកម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនយ៉ាងណាស់៨ឲ្យចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅឆ្នាំនេះ។ ទោះយ៉ាងណា ថ្នាក់ដឹកនាំរូបនេះនៅតែរំពឹងថា CSX នឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីពី២ទៅ៣បន្ថែមទៀតនៅក្នុងរយៈពេល៦ខែខាងមុខនេះ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ CSX រូបនេះ មានកត្តាមួយចំនួន ដែលធ្វើឲ្យមានការរាំងស្ទះដល់ការចុះបញ្ជីរបស់ក្រុមហ៊ុនថ្មីនៅលើផ្សារមូលបត្រកម្ពុជា។ កត្តាទាំងនោះរួមមានក្រុមហ៊ុន ដែលមានបំណងចង់ចូលរួមបោះផ្សាយលក់ភាគហ៊ុនទាំងនេះមិនទាន់បានរៀបចំនីតិវិធីរួចរាល់ក្នុងការចូលទីផ្សារ គួបផ្សំពួកគេមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃការកើនឡើងតម្លៃទំនិញ ដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ទីផ្សារជួយដូរភាគហ៊ុននៅកម្ពុជាបានបង្ហាញវិជ្ជមានគួរឲ្យកត់សម្គាល់នៅ៥ខែឆ្នាំ២០២២ កន្លងមកនេះ ហើយការបង្កើតគណនីជួញដូរក៏មានរង្វង់រាប់រយនាក់ក្នុង១ខែផងដែរ។ ជាក់ស្តែងចាប់ពីដើមឆ្នាំ២០២២ ដល់បច្ចុប្បន្នទំហំជួញដូរភាគហ៊ុននៅកម្ពុជាជាមធ្យមអាចឈានដល់៧០ទៅ៨០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២១ ទំហំជួញដូរខ្ពស់បំផុតជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ក្រោយដាក់ឲ្យដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុនចំនួន៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៧ចុះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំផុត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំនីតិវិធីក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារក្នុងផ្សារភាគហ៊ុនកម្ពុជានៅឆ្នាំនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មលើកលែងការចុះបញ្ជីសម្រាប់អាជីវកម្មអនឡាញ ៦ប្រភេទ

ព័ត៌មាន
ក្រោយពីបានពន្យរពេលម្ដង ជាពីរដងរួចមក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្ដើមការផាកពិន័យចំពោះអាជីវកម្មលក់ដូរទំនិញ និងសេវាកម្មតាមអនឡាញ …

វិស័យដឹកជញ្ជួនវៀតណាមរងទុក្ខកាន់តែខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈបន្ដកើនខ្ពស់

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជួនវៀតណាមកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសាមក។ នាយកប្រតិបត្តិក្រុមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ