ប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩

ចាក់វ៉ាក់សាំងរួចហើយនៅតែអាចឆ្លងកូវីដ-១៩ទៀត តើមកពីមូលហេតុអ្វី?


បច្ចុប្បន្នមានមនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោក ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុន្តែ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅតាមបណ្ដាប្រទេសជាច្រើននៅតែបន្ដកើតមាន ដោយក្នុងនោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួចហើយ ក៏នៅតែឆ្លងជំងឺកូវីដ-១៩ដដែល។
អ្នកជំងឺកូវីដ១៩កម្រិតធ្ងន់មួយរូបនៅ​ប្រទេសតួគី កំពុងសម្រាកព្យាបាលក្នុងបន្ទប់ ICU (រូបភាព៖ Xinhua)
ដោយ

បញ្ហា​នេះ បាន​ចោទ​ឡើង​នូវ​សំណួរ​ស្រ​ដៀង​គ្នា​ជា​ច្រើន​ពី​សំណាក់​មហាជន​ទូទៅ ដោយ​បាន​ចោទសួរ​ថា តើ​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់ នៅ​តែ​មាន​ភាគរយ​ក្នុង​ការ​ឆ្លង​កូ​វី​ដ​១៩​ទៀត​មែន​ទេ? តើ​អ្នក​កើត​កូ​វី​ដ​១៩​រួច​ហើយ អាច​មាន​អង់ទីគ័រ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​កូ​វី​ដ​១៩ ម្តងទៀត​ដែរ​ឬទេ? ថ្មី​ៗ​នេះ​មាន​អ្នកជំនាញ​មក​ពី​សហរដ្ឋអាមេរិក និង ពី​តំបន់​អឺរ៉ុប បាន​ធ្វើការ​បកស្រាយ​ដល់​សារព័ត៌មាន​ធំ​ៗ​ល្បី​ៗ​ជា​ច្រើន ពិសេស​សារព័ត៌មាន​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​គឺ Bloomberg ។  

អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ឆ្លង​កូ​វី​ដ​១៩​បាន ហេតុ​អ្វី?

ទោះបី​វ៉ាក់សាំង​អាច​ផ្តល់​ការ​ការពារ​ដ៏​រឹង​មាំ​ដល់​មនុស្ស ពី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក៏​ពិតមែន ប៉ុន្តែ​រាល់​វ៉ាក់សាំង​គ្រប់​ប្រភេទ​ទាំងអស់ មិន​ថា​ផលិត​ក្នុង​ប្រទេស​ណា​នោះ​ទេ មិន​បាន​ធានា ១០០% ថា​អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​អាច​ឆ្លង​ជំងឺ​កូ​វី​ដ​ម្តងទៀត​នោះ​ទេ​។ ក្នុង​ន័យ​នេះ បាន​សេចក្តី​ថា មនុស្ស​គ្រប់​រូប​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​តែ​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ម្តងទៀត ហើយ​ក៏​នៅ​តែ​មាន​លទ្ធភាព​បន្ត​ចម្លង​ទៅ​អ្នក​ដទៃ​ដដែល គ្រាន់តែ​ហានិភ័យ​មាន​កម្រិត​ទាប ឬ ខ្ពស់​អាស្រ័យ​លើ​ប្រភេទ​វ៉ាក់សាំង​ដែល​គេ​បាន​ចាក់ ព្រោះ​វា​មាន​កម្រិត​ការពារ​ខុស​ៗ​គ្នា​ដែរ​។

ដរាបណា​កូ​វី​ដ​១៩ រីក​រាលដាល​ក្នុង​សហគមន៍​ដែល​អ្នក​រស់នៅ​កាន់តែ​ច្រើន ហានិភ័យ​នៃ​ការ​ឆ្លង​ម្តងទៀត​មាន​រិ​ត​តែ​ខ្ពស់​។ ប៉ុន្តែ​សូមកុំ​មានការ​ភ័យ​ខ្លាច​ជ្រុល​ពេក ដូច​បាន​រៀបរាប់​ខាង​ដើម​អ​ញ្ចឹ​ង ប្រសិនបើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ហើយ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​ទៀត យ៉ាង​ហោច​ណាស់​វា​បានការ​ពារ​អ្នក​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង និង​ជួយ​ការពារ​អ្នក​បាន​ពី​ការ​គម្រាមកំហែង​ដល់​អាយុជីវិត​ផង​ដែរ​។ ប៉ុន្តែ​ក៏​នៅ​មាន​ករណី​ស្លាប់​មួយ​ចំនួន​តូច​ដែរ ដោយសារ​តែ​អ្នកជំងឺ​មាន​វ័យ​ចំណាស់ ប្រព័ន្ធ​ការពារ​សារពាង្គកាយ​ខ្សោយ ឬ​មក​ពី​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ជាដើម​។

ពលរដ្ឋចិនជាច្រើនតម្រង់ជួរគ្នារងចាំចាក់វ៉ាក់សាំងបង្ការកូវីដ១៩ - Xinhua

អ្នក​ចាក់​វ៉ាក់សាំង​រួច​នៅ​តែ​ឆ្លង​កូ​វី​ដ ដោយសារ​តែ​មេរោគ​កូ​វី​ដ​-១៩ ខ្លាំង​ជាង​វ៉ាក់សាំង

មាន​កត្តា​៣​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​កូ​វី​ដ​១៩​ខ្លាំង​ជាង ប្រសិទ្ធភាព​របស់​វ៉ាក់សាំង រួម​មាន

ទី​១, កត្តា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​៖ កូ​វី​ដ​១៩​បាន​បន្ត​បំប្លែង​ខ្លួន​ជា​ប្រភេទ​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​មាន​ឥទ្ធិ​ល​ខ្លាំង​ជាង ចម្លង​លឿន​ជាង និង​គ្រោះថ្នាក់​ជាង​មេរោគ​ដើម​របស់​វា​ដែល​បង្ហាញ​វត្តមាន​ដំបូង​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​។ មក​ទល់​នឹង​ពេល​នេះ មាន​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​ហោច​ណាស់ ៤​ប្រភេទ ក្នុង​ចំណោម​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ត្រូវ​បាន WHO ចាត់​បញ្ចូល​ជា​វិ​រុស​គួរ​ឲ្យ​ព្រួយបារម្ភ ក្រោយ​វា​បាន​ចរាចរ​ស្ទើរ​ពាសពេញ​ពិភពលោក​រួច​ទៅ​ហើយ​។

ទី​២, កត្តា​វ៉ាក់សាំង​៖ វ៉ាក់សាំង​ខ្លះ​មាន​កម្រិត​ការពារ​តិច វ៉ាក់សាំង​ខ្លះ​ទៀត ដែល​ផលិត​ពី​មុន មិន​អាច​តតាំង​នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ៗ ហើយ​វ៉ាក់សាំង​ខ្លះ​ទៀត​ត្រូវការ​ពេល​ច្រើន​ស​ប្តា​ហ៍ ឬ​អាច​ដល់​ច្រើន​ខែ​បន្ទាប់​ពី​ចាក់​ដូ​ស​ទី​២​រួច ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​ភាពស៊ាំ​។ 

ការរក្សាទុកវ៉ាក់សាំងអោយបានត្រឹមត្រូវ ក៏ជារឿងសំខាន់ផងដែរ។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលសិក្សានៅមន្ទីរពិសោធន៍ អាចប្រែប្រួលខុសពី ប្រសិទ្ធភាពនៅពេលដែលគេផលិតរួច ហើយយកវាចេញមកប្រើប្រាស់ខាងក្រៅ។​

ទី​៣, កត្តា​មនុស្ស​៖ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ហើយ នៅ​តែ​ឆ្លង​ដដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​មួយ​ភាគ​ធំ ជា​មនុស្ស​មាន​វ័យ​ចំណាស់ និង អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​។ ភាគច្រើន​អ្នក​ដែល​មាន​វ័យ​ចំណាស់ មាន​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​ខ្សោយ ហើយ​វា​នឹង​រឹតតែ​ខ្សោយ​ជាង​នេះ ប្រសិនបើ​គេ​មាន​ជំងឺ​ប្រចាំ​កាយ​ឬ​រ៉ាំរ៉ៃ​ថែម​ទៀត​។

យ៉ាងណា​ក៏​ដោយ​ចុះ ទោះបី​អ្នក​ឆ្លង​កូ​វី​ដ​១៩ ទាំង​ដែល​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏​ពិតមែន ប៉ុន្ដែ​វា​បាន​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ទ្រុឌទ្រោម ប្រសិនបើ​អ្នក​មិន​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ទេ​នោះ​។ ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​១២​កក្កដា ក្នុង​ចំណោម​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ឆ្លង​កូ​វី​ដ​១៩​ហើយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ គឺ​មាន​ដល់​៩៧%  គឺជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​។

មេរោគបំប្លែងថ្មី ឌែលតា បង្កក្ដីបារម្ភចំពោះសេដ្ឋកិច្ចអាមេរិក?

ក្រៅពី​សហរដ្ឋអាមេរិក តើ​មាន​ប្រទេស​ណា​ទៀត​ដែល​មាន​អ្នក​ចាក់​វ៉ាក់សាំង​ហើយ បន្ត​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់?

ប្រាកដ​ណាស់​វា​ពិតជា​មាន ហើយ​វា​កើតឡើង​នៅ​ស្ទើរ​ទូ​ទាំង​ពិភពលោក​ទៅ​ហើយ មិន​ថា​ប្រទេស​ប្រើ​វ៉ាក់សាំង​ប្រភេទ​ណា​នោះ​ទេ​។

យើង​ក្រឡេក​ទៅ​មើល​ប្រទេស​អ៊ី​ស្រា​អែ​ល​, អ៊ី​ស្រា​អែ​ល​គិត​ត្រឹម​ចុង​ខែមេសា​កន្លង​ទៅ​នេះ បាន​កត់ត្រា​ពី​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ហើយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ចូល​មន្ទីរពេទ្យ​ដល់​ទៅ ៤០០​ករណី​។ ក្នុង​នោះ​មាន ២៣៤​ករណី​ធ្ងន់ធ្ងរ​ខ្លាំង និង​៩០​ករណី​បាន​បាត់បង់​ជីវិត​។ ជាមួយ​គ្នា​នេះ បើ​យើង​មើល​ឲ្យ​បាន​ស៊ីជម្រៅ​ក្នុង​ករណី​ចាក់​វ៉ាក់សាំង​រួច​ទាំង​៩០​ករណី ហើយ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ ឃើញ​ថា​ស្ទើរតែ​ពាក់កណ្តាល​នៃ ពួក​គេ​គឺ​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា សម្ពាធ​ឈាម​ខ្ពស់ លើស​ជាតិ​ស្ករ​ឬ​ទឹកនោមផ្អែម មាន​ជំងឺ​បេះដូង និង​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​សារពាង្គកាយ​ចុះ​ខ្សោយ​។

អ៊ីស្រាអែលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់កុមារអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ

អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច ហើយ​បាន​ឆ្លង​កូ​វី​ដ​១៩ តើ​ពួក​គេ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បន្ត​ទៀត​ដែរ​ឬទេ?

មាន​ភស្តុ​តាង​មួយ​ចំនួន ដែល​កើត​ចេញពី​ការ​ស្រាវជ្រាវ និង​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច មាន​ផ្ទុក​កូ​វី​ដ​១៩ អាច​ចម្លងជំងឺ​នេះ​បន្ត​ទៅ​អ្នក​ដទៃ​ទៀត​បាន​។

ការ​សិក្សា​របស់​អ្នកជំនាញ​សុខាភិបាល​របស់​ប្រទេស​ស្កុ​តឡែ​ន កាលពី​ចុងឆ្នាំ ២០២០ ដល់​ដើមឆ្នាំ​២០២១​បាន​រក​ឃើញ​ថា ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ដែល​គេ​រក​ឃើញ​លើ​សមាជិក​ក្រុម​គ្រួសារ​គ្រូពេទ្យ​ជួរ​មុខ ដែល​គ្រូពេទ្យ​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​មាន​ផ្ទុក​កូ​វី​ដ​១៩ មាន​ចំនួន​៣០%​តិច​ជាង​ករណី​ដែល​រក​ឃើញ​លើ​សមាជិកគ្រួសារ​ក្រុម​របស់​គ្រូពេទ្យ​ជួរ​មុខ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។ ដូច្នេះ​បាន​សេចក្តី​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ​មាន​ផ្ទុក​កូ​វី​ដ​១៩ នៅ​តែ​មាន​ភាគរយ​ចម្លង​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដដែល គ្រាន់តែ​វា​ស្ថិត​ក្នុង​កម្រិត​មួយ​តិច​ជាង​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។

ការ​សិក្សា​ស្រ​ដៀង​គ្នា​នៅ​ចក្រភព​អង់គ្លេស ក៏​បាន​បង្ហាញ​លទ្ធផល​ស្រ​ដៀង​នឹង​អ្វី​ដែល​គេ​រក​ឃើញ​នៅ​ប្រ​ទេ​សស្កុ​ត​ឡែ​ន​ដែរ​។

កន្លែងកប់សពអ្នកស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌូនេស៊ី រូបភាព៖ ស៊ិនហួរ

តើ​ការ​ចាក់​វ៉ាក់សាំង​បន្ថែម លើស​ពី​ចំនួន​កំណត់ អាច​បង្កើន​ការ​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ ពិតមែន​ដែរ ឬទេ?

បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន​កំពុង​ពិចារណា បង្កើន​ចំនួន​ដូ​ស​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​រៀង​ៗ​ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​ប្រើប្រាស់​វ៉ាក់សាំង​ដែល​មាន​កម្រិត​ការពារ​តិច​។ យ៉ាងណាមិញ មិន​ទាន់​មានការ​សិក្សា​ជាក់លាក់​ណាមួយ ដែល​បង្ហាញ​ថា​ការ​ចាក់​វ៉ាក់សាំង​បន្ថែម​អាច​ជួយ​បង្កើន​ការ​ការពារ​នៅឡើយ​ទេ​។

អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​បាន​ណែនាំ​ថា គម្រោង​ចាក់​វ៉ាក់សាំង​បន្ថែម​នេះ​មិន​ទាន់​ចាំបាច់​ត្រូវ​យក​ប្រើប្រាស់​នោះ​ទេ ដោយហេតុ​ថា ប្រទេស​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក​មិន​ទាន់​បាន​សម្រេច​ចាក់​វ៉ាក់សាំង​តាម​គោលដៅ​នៅឡើយ​ផង ស្រប​ពេល​ដែល​ប្រទេស​ខ្លះ​ទៀត មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​នៅឡើយ​ទេ​។ ដូច្នេះ​គេ​គួរតែ​ត្រៀម​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​តាម​ស្តង់ដារ​ជា​មុន​សិន​។

សរុបសេចក្តី​មក ដរាបណា​កូ​វី​ដ​១៩​នៅ​តែ​បន្ត​មាន​វត្តមាន និង បន្ត​បំប្លែង​ខ្លួន​ថ្មី​ៗ នៅ​ក្នុង​ពិភពលោក និង​សហគមន៍​របស់​យើង នោះ​ហានិភ័យ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​នឹង​នៅ​តែ​មាន​ជា​ដរាប ទោះ​អ្នក​បាន ឬ មិន​បាន​ចាក់​វ៉ាក់សាំង​ក្តី គ្រាន់តែ​កម្រិត​នៃ​ហានិភ័យ​ឆ្លង គឺ​វា​អាស្រ័យ​ទៅ​លើ​អ្វី ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ចឹ​ង​។

ដូច្នេះ អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប​បាន​ឲ្យ​យោបល់​ថា វិធី និង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​រស់នៅ​តាម​បែប​គន្លង​ថ្មី រៀន​រស់​ជាមួយនឹង​កូ​វី​ដ​-១៩ ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​សុខាភិបាល ទទួលយក​វ៉ាក់សាំង​នៅ​ពេល​ដល់​វេន​របស់​អ្នក និង នៅ​បន្ត​វិធានការ​ការពារ​ដដែល បើ​ទោះបី​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​យ៉ាងណា​ក្តី​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពរីកដាលដាលកូវីដ-១៩នៅថៃ និងវៀតណាមនៅតែកើនខ្ពស់ និងគួរឲ្យព្រួយបារម្ភ

ព័ត៌មាន
ប្រទេសក្បែរកម្ពុជាចំនួន២ គឺថៃ និងវៀតណាម កំពុងតែដើរអូសជើងខ្លាំងមែនទែនហើយ នៅក្នុងរលកព្យុះកូវីដ-១៩ដែលកំពុងបោកបក់កាន់តែខ្លាំងទៅៗ ខណៈតួល…

ការសាងសង់គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានទៅដល់ ៥៥% និង គ្រោងបញ្ចប់នៅឆ្នាំក្រោយ

ព័ត៌មាន
ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិសំខាន់ៗជាច្រើនរបស់កម្ពុជាឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះ បច្ចុប្បន្នសម្រេចបានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ