Advertisement
Advertisement
Advertisement
វិស័យសំណង់​ឆ្នាំ២០១៩

ទុនវិនិយោគវិស័យសំណង់កម្ពុជាឆ្នាំ២០១៩ មានជាង៩ពាន់លានដុល្លារ កើន ៧៨%


រយៈពេលពេញមួយឆ្នាំ២០១៩ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាក់ស្តែងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា តម្លៃទំហំទុនវិនិយោគវិស័យសំណង់ទូទាំងប្រទេសនៅឆ្នាំ២០១៩ មានតម្លៃសរុបប្រមាណជាង ៩,៣ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៧៨ភារគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
ទុនវិនិយោគវិស័យសំណង់ នៅតែខ្លាំង ជាមួយនឹងកំណើនជិត៦០% នៅឆមាសទី១ ឆ្នាំ ២០១៩នេះ! (រូបភាព៖ ហេង ភារម្យ)
ដោយ
Advertisement

ការកើនឡើងនៃ​ទំហំវិនិយោគ ក៏ដូចជា​គម្រោង​វិនិយោគ​លើវិស័យ​សំណង់​ក្នុងឆ្នាំ២០១៩ គឺដោយសារតែ​មានគម្រោង​សាងសង់​ជាច្រើន​រួមមាន​អគារពាណិជ្ជកម្ម​ចម្រុះ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ដ គម្រោងសាងសង់​ផ្សារទំនើប អគារការិយាល័យ សំណង់អគារ​ស្នាក់នៅរួម​ខ្ពស់ៗ សំណង់​លំនៅដ្ឋាន​ជាលក្ខណៈបុរី សំណង់អគារ​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ និងស្បែកជើង និងគម្រោង​អភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ច​ពិសេស។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់​បានគូបញ្ជាក់ថា ផ្អែកតាម​ការចុះត្រួត​ពិនិត្យជាក់ស្តែង ចំពោះគម្រោង​ដែលបានស្នើ​សុំវិនិយោគ​នៅក្នុងឆ្នាំ ២០១៩ប្រមាណជាង ៤.៤០០ គម្រោងនេះ គឺសុទ្ធសឹងតែ​បានដំណើរ​ការសាងសង់​យ៉ាងសកម្ម។

ឯកឧត្តមបានឲ្យដឹងទៀតថា ជាការចូលរួម​វិនិយោគ​របស់វិនិយោគិន​ក្នុងចំណោមគម្រោង​ដែលបានស្នើ​សុំវិនិយោគនេះ ក៏មានការចូលរួម​ចាក់បញ្ចូល​ទុន​ពីវិស័យឯកជន​បរទេស​ប្រមាណជាង ១៤ប្រទេស ដែលគិតជា​ទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ​អាមេរិក​ជាមួយនឹង​គម្រោង ជាង ១២៩ គម្រោង ដែលក្នុងនោះ ចិនស្ថិតនៅលើ​កំពូលតារាង ដែលបាន​វិនិយោគ​នៅក្នុង​វិស័យធំជាងគេ។

ដោយសារតែ​ការវិនិយោគ​លើវិស័យសំណង់​មានការកើនឡើង​យ៉ាងគំហុក​ដូច្នេះ ក្រសួងក៏បាន​សម្រេចផ្តល់​លិខិត​អនុញ្ញាត​ប្រកបអាជីវកម្ម​ដល់សហគ្រាស និងក្រុមហ៊ុន​សិក្សាគម្រោង​ប្លង់ និងសាងសង់​ដែលមាន​សុពលភាព​ចំនួនជាង ១ពាន់ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​សិក្សា​គម្រោងប្លង់​ក្នុងស្រុក​២៧ និងបរទេស​២២ និងក្រុមហ៊ុនសាងសង់​ក្នុងស្រុក ៥៦៩ ខណៈក្រុមហ៊ុនសាងសង់​បរទេស ៤៦៣ ក្រុមហ៊ុន។

ជាការកត់សម្គាល់​ផងដែរ​សម្រាប់ឆ្នាំ២០១៩ ការវិនិយោគ​លើវិស័យ​សំណង់​តាមប្រភេទ សំណង់​លំនៅដ្ឋាន​សរុបទូទាំង​ប្រទេស​ចំនួនជាង ៣,៨ ម៉ឺនខ្នង ដែលមានតម្លៃ​ទុនវិនិយោគ​ប្រមាណ​ជិត ៤ពាន់លាន​ដុល្លារ ក្នុងនោះផ្ទះល្វែង និងភូមិគ្រឹះ​ចំនួនជិត ៣ម៉ឺនខ្នង អគារស្នាក់នៅ​រួមជាង ១,៧ ម៉ឺនយូនីត ខណៈសំណង់អគារ​រោងចក្រ​មានប្រមាណ ១២១ គម្រោង ដែលមានទុន​វិនិយោគ​សរុប ១.១៤១ លានដុល្លារ និងសំណង់​អគារពហុ​មុខងារ មាន៩៤ គម្រោង ដែលមានតម្លៃ​ទុនសរុប ប្រមាណ ៣ ពាន់លានដុល្លារ និងអគារពាណិជ្ជកម្ម​មាន ៣១២ គម្រោង មានតម្លៃទុន​វិនិយោគ ៣,៥ ពាន់លានដុល្លារ សណ្ឋាគារមាន ៦៦គម្រោង ដែលមានទុន​វិនិយោគ ៥៨៦ លានដុល្លារ។

Advertisement

ចំពោះកម្លាំងពលកម្ម​នៅក្នុងវិស័យ​សំណង់វិញ គឺមានចន្លោះ​ចំនួនពី ១៨ម៉ឺននាក់ ទៅ២០ម៉ឺន​នាក់ក្នុង​មួយថ្ងៃ ដោយទទួលបាន​ប្រាក់កម្រៃ​សម្រាប់កម្មករម្នាក់​ក្នុងរង្វង់ ៣៥.០០០ រៀល ទៅ ៥ម៉ឺនរៀល សម្រាប់កម្មករ​គ្មានជំនាញ ប៉ុន្តែចំពោះអ្នកដែល​មានជំនាញ ទទួលបាន​ប្រាក់ឈ្នួលពី ៦ម៉ឺនរៀល ទៅ៨ម៉ឺនរៀល​ក្នុងមួយថ្ងៃ និងសម្រាប់វិស្វករ និងស្ថាបត្យករ​ទទួលប្រាក់ឈ្នួល​បានក្នុងរង្វង់ ៥០០ដុល្លារ ទៅ៣ពាន់​ដុល្លារក្នុង​មួយខែ។

ពាក់ព័ន្ធគោលនយោបាយ​អភិវឌ្ឍន៍លំនៅដ្ឋាន​តម្លៃទាប និងមធ្យម គិតមកដល់​ឆ្នាំ២០១៩គឺមានគម្រោង​សរុបប្រមាណ ៥គម្រោង ដែលមាន​លំនៅដ្ឋានសរុប ៨.៣៣១ខ្នង។

ប៉ុន្តែ ផ្អែកតាមជំរឿន​ប្រជាសាស្ត្រ ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការ​លំនៅដ្ឋាន​សរុប ១,១ លានខ្នង ក្នុងនោះ សម្រាប់រាជធានីភ្នំពេញ មានចំនួន ៨០ម៉ឺនខ្នង ដែលគិតជាមធ្យម​មានតម្រូវ​ប្រមាណ ៥ម៉ឺនខ្នង​ក្នុងមួយឆ្នាំ។

អ្នកជំនាញបាន​ចាត់ទុកការអភិវឌ្ឍ​វិស័យសំណង់​នៅតែជាកត្តា​មួយចាំបាច់ និងនៅតែ​ជាចំណែកមួយ​ក្នុងការជួយជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជាសម្រាប់​ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។

សូមជម្រាបថា នៅចុងខែធ្នូនេះរាជរដ្ឋាភិបាល​កម្ពុជាតាមរយៈ​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់​ប្រកាសថា នឹងធ្វើការផ្សព្វផ្សាយ និងអនុវត្តផងដែរ​នូវច្បាប់សំណង់ថ្មី​ចំពោះសាធារណជន​ ដើម្បីទាក់ទាញ​ទំនុកចិត្តដល់​អ្នកវិនិយោគ​ដែលមាន​ទុនគ្រប់គ្រាន់​ក្នុងការវិនិយោគ​ឲ្យមានភាពជឿជាក់ និងមានសុវត្ថិភាព​ក្នុងការសាងសង់​សំណង់ផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មរដូវប្រាំងនេះ

ព័ត៌មាន
ឆ្លើយតបទៅនឹងការខ្វះខាតទឹកសម្រាប់វិស័យកសិកម្មនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសិក្ស...

វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០១៩ ទទួលរងគ្រោះអ្វីខ្លះ?

ព័ត៌មាន
បើសិនជានិយាយអំពី វិស័យទេសចរណ៍នៅកម្ពុជា គឺថា ម្នាក់ៗសុទ្ធតែនឹកឃើញដល់ តំបន់អង្គរវត្ត មុនគេដោយសារតែ តំបន់បេតិកភណ្ឌជាតិមួយនេះ បានផ្តល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ