លោក ស៊ី និងបៃដិន

អ្នកវិភាគពុំសូវរំពឹងខ្ពស់ពីជំនួបរវាងបុរសខ្លាំងរដ្ឋចិន និងអាម៉េរិក ក្នុងកិច្ចពិភាក្សាទល់មុខគ្នា


សេតវិមានបានប្រកាសឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជិនពីង ទល់មុខនៅថ្ងៃពុធទី១៥ ខែវិច្ឆិកានេះ នៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បន្ទាប់ពីបុរសខ្លាំងទាំងពីរនាក់នេះ ធ្លាប់បានជួបគ្នាលើកចុងក្រោយកាលពីឆ្នាំមុន នៅក្រៅជំនួបកំពូល G20 នៅកោះបាលី។ បើតាមទីប្រឹក្សាសន្ដិសុខជាតិអាម៉េរិក បានអះអាងថា ក្នុងជំនួបនេះ លោក ចូ បៃដិន នឹងជំរុញឲ្យភាគីចិន បើកបណ្ដាញទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរឡើងវិញ ដ្បិតថា ជារឿងដ៏សំខាន់សម្រាប់សន្ដិសុខជាតិអាម៉េរិក។
លោក ស៊ី និងបៃដិន
ដោយ

បើតាមទីប្រឹក្សាសន្តិសុខជាតិ អាម៉េរិក លោក ចេក ស៊ូលីវ៉ាន់ បានឱ្យដឹងកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា ប្រធានាធិបតី លោកចូ បៃដិន ចង់បើកឡើងវិញនូវបណ្តាញទំនាក់ទំនងយោធាជាមួយនឹងប្រទេសចិន។ លោកថា នាជំនួបនៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ លោកចូ បៃឌិន នឹងជំរុញឱ្យលោកស៊ី ជីនពីង គិតពិចារណាបើកបណ្តាញយោធាឡើងវិញ ព្រោះវាជាប្រយោជន៍សន្តិសុខជាតិរបស់អាម៉េរិក និងដើម្បីជៀសវាងការគិតខុស ឬកំហុសយោធាណាមួយ។

គួររំលឹកថា ប៉េកាំងបានកាត់ផ្តាច់បណ្តាញយោធាជាមួយវ៉ាស៊ីនតោនកាលពីឆ្នាំមុន បន្ទាប់ពីអតីតប្រធានសភាអាម៉េរិក លោក ណេនស៊ី ពេឡូស៊ី បានធ្វើដំណើរទៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន​។

យ៉ាងណាមិញ ក្រៅពីនេះ បើតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ឱ្យដឹងថា ជំនួបលោកបៃដិន និង លោកស៊ី រំពឹងថា នឹងជជែកគ្នាលើបញ្ហាសកលដូចជាសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី សំណុំរឿងតៃវ៉ាន់ សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក បញ្ហាសិទ្ធិមនុស្ស បញ្ញាសិប្បនិមិត្ត ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំងពីរជាដើម។

លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៤ ដល់១៧ ដើម្បីចូលកិច្ចប្រជុំ APEC និងមានជំនួបទល់មុខជាមួយលោក បៃដិន។ នេះបើតាមការប្រកាសដោយក្រសួងការបរទេសចិន។

យ៉ាងណាក៏ដោយ បើតាមមន្ត្រីអាម៉េរិក និងចិនផ្សេងទៀតបាននិយាយថា សម្រាប់លទ្ធផលរីកចម្រើនពីជំនួបនេះអាចនឹងពិបាកសម្រេចបានណាស់ ព្រោះប្រទេសមហាអំណាចទាំងពីរបាន និងកំពុងជាប់គាំង នៅក្នុងការប្រកួតប្រជែងដោយផ្ទាល់ខាងយោធា សេដ្ឋកិច្ច ដើម្បីគ្រងតំណែងមហាអំណាចលេខ១នៃសតវត្សរ៍ទី២១នេះ។ អ្នកវិភាគខ្លះបានកត់សម្គាល់ឃើញថា លោក បៃដិន និងលោក ស៊ី បានស្គាល់គ្នារាប់ទសវត្សរ៍មកហើយ និងក៏ធ្លាប់មានជំនួបជាមួយគ្នាមិនតិចជាង៦ដងទេ ចាប់តាំងពីឆ្នាំ២០២១។ ប៉ុន្តែ បុរសខ្លាំងទាំងពីរ តែងបានពិភាក្សាគ្នាដោយការសង្ស័យ សោកស្តាយ និងភាពមិនច្បាស់លាស់នឹងគ្នាទៅវិញទៅមក។

ជាក់ស្ដែង បើគិតតាំងពីជំនាន់លោកត្រាំ នៅជាប្រធានាធិបតីមកទល់ពេលនេះ ស្ថានភាពពាណិជ្ជកម្មរវាងអាម៉េរិក និងចិន គឺមិនមានភាពចុះថយកម្ដៅនោះឡើយ។ តួយ៉ាង តាមការគណនាដោយលោក Chad Bown មកពីវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ អត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិក​លើការនាំចូលរបស់ចិនពេលបច្ចុប្បន្នកើនឡើងដល់១៩% ធៀបនឹង៣%កាលពីឆ្នាំ២០១៨។ ដូចគ្នាដែរ ពន្ធនាំចូលរបស់ចិនលើទំនិញអាម៉េរិក កើនឡើងដល់២១% ពី៨% មុនពេលសង្គ្រាមពាណិជ្ជកម្មចាប់ផ្តើម។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិន និងអាម៉េរិកតំណាងឱ្យប្រមាណជាង៤០%នៃសេដ្ឋកិច្ចពិភពលោក។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងកើនឡើង៣% ខណៈនៅឆ្នាំ២០២៤ នឹងកើនត្រឹម ២,៩% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងបើកសមយុទ្ធយោធាជាមួយប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ រួមទាំងកម្ពុជា ចំពេលដែលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
យោងតាមក្រសួងការពារជាតិចិន កាលពីថ្ងៃទី១២វិច្ឆិកាថា ប្រទេសចិននឹងរៀបចំលំហាត់សមយុទ្ធយោធាចម្រុះមួយនៅក្នុងខែនេះ ដោយផ្តោតសំខាន់លើការប្រយុទ្ធប្…

គោលនយោបាយគាំទ្រផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន បង្កបារម្ភពីរលកថ្មីនៃការនាំចេញក្នុងតម្លៃថោក

ព័ត៌មាន
ក្រោយពេលមេដឹកនាំចិន បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសតាមការបង្កើនកម្មវិធីឥណទានថ្មីៗនោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ