បញ្ហាដាច់ភ្លើង

ពលរដ្ឋប្រកបរបរខ្នាតតូចត្អូញត្អែរថា «បាត់ចំណូលស្ទើរពាក់កណ្ដាល» ដោយសារតែបញ្ហាដាច់ភ្លើងមួយរយៈនេះ


បញ្ហា អគ្គិសនី នៅតែជាបញ្ហាក្ដៅមួយដែលប្រជាពលរដ្ឋជាច្រើន បន្តរិះគន់មក​លើរដ្ឋាភិបាល ជាពិសេស អគ្គិសនីកម្ពុជា EDC បន្ទាប់ពី ប៉ុន្មានខែមកនេះ អគ្គិសនីបន្ត ដាច់ជាហូរហែ ពិសេសនៅរាជធានីភ្នំពេញ តែម្ដង ពោលគឺ មាន​អ្នកខ្លះ​ដាច់​ព្រឹក ខ្លះដាច់ថ្ងៃ និងខ្លះទៀតដាច់យប់ជាដើម។ ប្រជាពលរដ្ឋ ប្រកបអាជីវកម្មតូចតាច មួយចំនួនបាន រអ៊ូរទាំពីបញ្ហាការប្រើប្រាស់អគ្គីសនីមិនគ្រប់គ្រាន់នេះ ដោយថា បញ្ហាភ្លើងដាច់ឥតល្ហែរនេះ បាននិងកំពុងធ្វើឲ្យពួកគាត់បាត់ចំណូលស្ទើរពាក់កណ្ដាល ។
ពលរដ្ឋ​ប្រកបរបរ​កាត់ដេរ​សម្លៀក​បំពាក់ ប្រាប់ថា គាត់​បាត់​ចំណូល​ស្ទើរ​ពាក់កណ្ដាល ដោយសារតែ​បញ្ហា​ដាច់​ភ្លើង​ញឹកញាប់

ក្នុងចំណោម​អ្នកទទួល​រងផលប៉ះពាល់​ពីការផ្គត់ផ្គង់​អគ្គិសនី​មិនគ្រប់គ្រាន់នេះ​ដែរ អ្នកប្រកបអាជីវកម្ម​ដែល​ផលប៉ះពាល់​​ខ្លាំងជាងគេនោះ មានដូចជា អាជីវកម្ម បោកអ៊ុតសម្លៀកបំពាក់ ហាងថែ​រក្សាសម្ភស្ស ហាងផាត់មុខធ្វើសក់ ហាងកាត់ដេរសម្លៀកបំពាក់ និងហាងថតចម្លងជាដើម។ល។

ឆ្លើយ​ប្រាប់​ខេមបូណូមីស នាពេលថ្មីៗនេះ អ្នកស្រី កែវ សុខា ជាម្ចាស់​ហាងសាឡន ខាខាសាឡន បានត្អូញត្អែរថា ការរអាក់រអួល​នៃថាមពល​អគ្គិសនី ដាច់ព្រឹក ដាច់ល្ងាច​នៅមួយរយៈ​ពេលចុងក្រោយ​នេះ បាន​ធ្វើឲ្យ​អាជីវកម្ម​សាឡ​របស់​គាត់ជួបប្រទះ​នឹងការ​លំបាក​ច្រើន ជា​ពិសេស ការបាត់បង់​ចំណូល​ស្ទើរតែ​ពាក់ទៅ​ហើយ។

បញ្ហាមិនខុសគ្នា​ពីអ្នកស្រី កែវ សុខា ម្ចាស់ហាង​សាឡននោះទេ លោក ណូ​ រ៉ា ម្ចាស់តូបកាត់ដែរ​សម្លៀក​បំពាក់​បុរសណូរ៉ា បានឲ្យ​ដឹងដែរថា សម្លៀកបំពាក់ ដែលគាត់ត្រូវកាត់​ជូនភ្ញៀវ គឺមិនបាន​ទាន់ពេល​វេលា ហើយពេល​ខ្លះគាត់ត្រូវ​រងការស្តី​បន្ទោស​ពីភ្ញៀវ​ថែមទៀតផង។

បន្ថែមពីនេះ អ្នកលក់រកស៊ីបោកអ៊ុត តូប​លក់កាហ្វេតូចៗ និង​តូបលក់ទឹកអំពៅជាដើម ក៏បាន​ត្អូញត្អែរ ស្រដៀង​នឹង​ម្ចាស់អាជីវកម្ម​ប៉ុន្មាន​នាក់ខាងលើនេះ​ដែរ​។ ពិសេស អ្នក​រកស៊ី​បោកអ៊ុត បាន​បញ្ជាក់ថា មួយរយៈនេះ​ មិនត្រឹមតែដាច់​ភ្លើងញឹកញាប់​តែមួយមុខទេ ទឹក​ក៏ចេញយឺត ឬពេលខ្លះ​ដាច់​បើកមិនចេញក៏មាន​ដែរ ដែលវា​គឺ​ពិតជា​លំបាក​ណាស់ សម្រាប់​អាជីវកម្ម​របស់ពួកគាត់ ដែល​រស់​ដោយសារតែ​ថាមពលអគ្គិសនី និងទឹកនេះឯង។ 

ជាមួយគ្នានេះ អ្នកលក់ទឹកអំពៅ នៅ​ម្ដុំ​សាលា​បឋមសិក្សា​ភ្នំពេញ ថ្មី ដែលធ្លាប់​តែ​លក់ដាច់ ដកឃ្លា​ សឹងមិនបាននោះ ក៏បាន​រៀប​រាប់​ប្រាប់​ដែរថា ម៉ាស៊ីន​កិន​ទឹកអំពៅ​របស់គាត់​គឺត្រូវ​ការភ្លើង​ដើម្បី​គិនអំពៅ តែនៅពេលដាច់​ភ្លើង គាត់មិនអាច​កិនបានទេ។ គាត់​បានបន្ថែមថា គាត់​ត្រូវ​ឡើងតាំងពីម៉ោង ៣ ទៅ៤ ព្រឹក ដើម្បី​កិនទឹកអំពៅ​ក្លាសេ​ទុកលក់ ព្រោះ​តែ​ភ្លើងរកជឿជាក់​មិនបាន​ ជួនដាច់​ព្រឹក ជួនដាច់ល្ងាច។

ទាក់ទង​នឹង​បញ្ហា​ដាច់ភ្លើង​ញឹកញាប់នេះដែរ ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ពិសេស​ម្ចាស់អាជីវកម្ម មានការយោគយល់ និងបាន​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម គួរតែទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ទុកប្រើប្រាស់​ពេលដែល​ដាច់ភ្លើង​ម្ដងៗ ។ 

ការប្រកាស​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តម្រូវការ​ម៉ាស៊ីន​ភ្លើង​បាន​កើនឡើង​ទ្វេដង ខណៈដែលតម្លៃ​ក៏មាន​ខ្ពស់​កប់ទ្វេគុណផងដែរ។

ទោះយ៉ាងណា​ តែម្ចាស់​អាជីវកម្ម​ខ្នាតតូចជាច្រើន​ បានប្រាប់ថា​ គាត់​មិនអាច​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​នោះទេ ព្រោះពួកគាត់គ្មាន​លទ្ធភាព​នឹងទិញ ដោយសារ​ម៉ាស៊ីន​ភ្លើង​ឡើង​ថ្លៃពេក។

អាជ្ញាធរអគ្គិនីកម្ពុជា​បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ដល់សាធារណជន​ថា បញ្ហាផ្គត់ផ្គង់​អគ្គិសនី​មិនគ្រប់​គ្រាន់នេះ គឺមានរយៈពេល ៧២ថ្ងៃ នឹងបន្ត​រហូតដល់ ចុងខែ​ឧសភា​ខាងមុខនេះ​ ដោយមូល​ហេតុ អាកាស​ធាតុក្តៅ​ខ្លាំង និងការខ្វះ​ទឹកខុស​ប្រក្រតី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CP របស់ថៃ គ្រោងវិនិយោគ ២០០ លានដុល្លារ នៅវៀតណាម បង្កើតមជ្ឈមណ្ឌលនាំចេញ

ព័ត៌មាន
ក្រុមហ៊ុនកសិកម្មចំណីអាហារដ៏ធំរបស់ថៃ គឺCP Food នឹងវិនិយោគ ២០០ លានដុល្លារអាមេរិក បង្កើតមជ្ឈមណ្ឌល នាំចេញធំមួយនៅក្នុងប្រទេសវៀតណាម ដើម្បីទ…

គម្រោងផ្សារទំនើបជីប ម៉ុង ទី៦ សាងសង់តាមបណ្ដោយផ្លូវជាសុផារ៉ា

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង រីថេល បានបើកការដ្ឋានសាងសង់ផ្សារទំនើប ជីប ម៉ុង ៥៩៨ ដែលជាផ្សារទំនើបបែបសហគមន៍ក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ របស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ