អចលនទ្រព្យ

តម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសភាពនៅទ្រឹង


តម្លៃដីធ្លីនៅក្នុងខណ្ឌសំខាន់ៗចំនួន៧ នៅក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០នេះ កំពុងស្ថិតក្នុងសភាពទ្រឹង ពោលគឺមិនឡើងមិនចុះ ដោយរក្សាតម្លៃប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ។ នេះបើយោងតាមរបាយការណ៍ដីធ្លីមួយដែលបានបង្ហាញដោយក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
តម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសភាពនៅទ្រឹង

ទិន្នន័យដដែល​បានបង្ហាញ​ថា តម្លៃដីធ្លី​ក្នុង​​ខណ្ឌដូនពេញ និងចំការមន ​នៅតែមានតម្លៃខ្ពស់​ជាងគេ ពោលគឺគិតជា មធ្យមប្រមាណ ៥ពាន់៥រយដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ខណៈដែលតម្លៃដី នៅ​តំបន់​ខណ្ឌ៧មករា មានតម្លៃជាមធ្យម​ប្រមាណ ៥ពាន់ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។ រីឯនៅនៅតំបន់ទួលគោក មានតម្លៃប្រមាណ ៣ពាន់​៦រយ​ដុល្លារ ក្នុងមួយម៉ែត្រ​ការ៉េ។ ដោយឡែក តម្លៃដី នៅខណ្ឌ​សែនសុខ ឫស្សីកែវ និងជ្រោយចង្វារ មានតម្លៃជាមធ្យម​ជាង ​១ពាន់ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ឲ្យដឹងដែរថា ១១ខែ ឆ្នាំ២០២០ គម្រោង​សាងសង់​​​មាន​​ចំនួនជាង ៤៣០០គម្រោង គិត​ជាទុនវិនិយោគ​មាន​តម្លៃ​ជាង​ ៧ពាន់​លាន​ដុល្លារ ខណៈដែល​រយៈពេល​ដូចគ្នា​ កាលពីឆ្នាំ២០១៩ ឃើញថា ទុនវិនិយោគ ធ្លាក់ចុះ​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណជិត​២៥%។

ជាមួយគ្នានេះដែរឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បានគូសបញ្ជាក់កាលពីពេលកន្លងទៅថា ការវិនិយោគរបស់អ្នកវិនិយោគមកពីបរទេសនៅតែមានជាបន្តបន្ទាប់ដែរ ក្នុងរយៈពេល១១ ខែឆ្នាំ២០២០ ការវិនិយោគរបស់វិស័យឯកជន មកពីបរទេសក្នុងវិស័យសំណង់ មានតម្លៃទុនប្រមាណ ១.៣០០លានដុល្លារ ជាមួយនឹងគម្រោងជាង ១០០គម្រោង ក្នុងនោះ អ្នកវិនិយោគមកពីប្រទេសចិនបាននាំមុខគេក្នុងការវិនិយោគវិស័យសំណង់នៅកម្ពុជា ដែលមានគម្រោង ៧៨គម្រោង និងទុនវិនិយោគជាង ១ពាន់លានដុល្លារ។

សូមបញ្ជាក់ថា ប្រទេស​ដែល​មានវិនិយោគ​ក្នុងវិស័យសំណង់​កម្ពុជាធំៗ រួមមាន​ប្រទេសចិនឈរនៅលំដាប់ថ្នាក់លេខ១ ប្រទេសកូរ៉េឈរនៅលំដាប់ថ្នាក់លេខ២ ប្រទេសជប៉ុនស្ថិតលំដាប់ថ្នាក់លេខ៣ ខណៈអ្នកវិនិយោគក្នុងស្រុក ក៏បានបណ្តាក់ទុនយ៉ាងច្រើនផងដែរ ដោយភាគច្រើនផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានលក្ខណបុរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សត្វក្រពើភ្នំ ប្រឈមនឹងការគំរាមកំហែងប្រមាញ់យកស្បែក នេសាទដោយខ្សែភ្លើងឆក់

ព័ត៌មាន
សត្វក្រពើភ្នំគឺជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងប្រឈមនឹងការគម្រាមកំហែងពីការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆ…

កម្ពុជារកបាន ៥០០លានដុល្លារពីការនាំចេញកង់ នៅឆ្នាំ២០២០ កើនឡើងជិត ៣០%

ព័ត៌មាន
កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ជិត៣០% នៅក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ទីផ្សារគោលដៅនាំចេញកង់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ