កៅស៊ូធ្លាក់ថ្លៃ

កម្ពុជានាំចេញកៅស៊ូកើនឡើង ជាង ២០% ខណៈតម្លៃជ័រកៅស៊ូរអិលធ្លាក់ចុះជាង ១៨%


ក្នុងរយៈពេល ១០ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូប្រមាណ ជាង ១៦ ម៉ឺនតោន ដែលស្មើនឹងកំណើនប្រមាណ ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ខណៈដែលប្រាក់ចំណូលបានមកពីការនាំចេញកៅស៊ូវិញ មានជាង ២០០ លានដុល្លារអាមេរិក។ ទោះយ៉ាងណា បើពិនិត្យទៅមើលតម្លៃជ័រកៅស៊ូ ដែលកម្ពុជាបាននាំចេញទៅលើទីផ្សារ គិតជាមធ្យមក្នុងរយៈពេល ១០ខែមកនេះ ហាក់រអិលធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នេះបើយោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃកៅស៊ូ ក្នុងប្រទេសថៃ (http://www.thanhniennews.com)
ដោយ

របាយការណ៍​ដដែល​បាន​ឲ្យដឹងថា តម្លៃកៅស៊ូ គិតជា​មធ្យម ក្នុង​រយៈពេល ១០ខែ ឆ្នាំ២០១៨នេះ ហាក់​មាន​ការថយចុះ​រហូត​ដល់ ១៨% ពោលគឺ​មានប្រមាណ​តែជាង ១.៣០០ ដុល្លារប៉ុណ្ណោះ ក្នុង​មួយ​តោន។ ទីផ្សារ​សំខាន់ៗ របស់​ការនាំចេញ​កៅស៊ូ​កម្ពុជា មានដូចជា ប្រទេស​វៀត​ណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង​ជាដើម។

មិនត្រឹមតែ​កម្ពុជា​នោះទេ ដែលទទួល​រងនូវ​​តម្លៃកៅ​ស៊ូ​ធ្លាក់ចុះ នៅឯ​ប្រទេសថៃ​ឯណោះ​វិញ ក៏រង​​ការធ្លាក់​ថ្លៃ​ជ័រកៅស៊ូ​ដែរ ខណៈដែលថែ​ ត្រូវ​បានគេ​ស្គាល់ថា ជាប្រទេស​​លំដាប់​កំពូល​មួយ ដែលមាន​ការផលិត​​ជ័រកៅស៊ូ​​ច្រើនជាង​គេលើ​ពិភពលោក។ 

បើតាម​ការចុះផ្សាយ ពីសារព័ត៌មាន បាងកកប៉ុស្ដិ៍របស់ថៃ ការធ្លាក់ចុះ​ថ្លៃ​​កៅស៊ូ​​នៅលើ​ទីផ្សារនេះ គឺដោយសារតែ​ឥទ្ធិពល នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និងអាមេរិក ហើយ​ការអូស​បន្លាយ​​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​​មហាយក្ស​​ទាំងពីរ​នេះ ត្រូវបាន​​គេមើល​ឃើញ​ថា កំពុង​​ប៉ះពាល់​ដល់​​ទីផ្សារកៅស៊ូ​​ក្នុងប្រទេសថៃ​នឹកស្មាន​មិនដល់​ឡើយ។ ​តួយ៉ាង តម្លៃជ័រ​កៅស៊ូ​របស់ថៃ បានរអិល​ធ្លាក់ចុះ ២០% គិតតាំង​ពីខែមិថុនា មកទល់​ពេលនេះ។ ​ការដកហូត​ពន្ធគយ​​របស់​អាមេរិក លើទំនិញ​របស់​ចិន ក៏បានធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​តម្រូវការ​​រោងចក្រ​​ផលិត​កៅ​ស៊ូ​​នៅក្នុង​ប្រទេស​ចិន​ផងដែរ ខណៈដែល​​ចិន ​គឺជាទី​ផ្សារ​​នាំចេញ​កៅស៊ូ​​ជាងពាក់​កណ្ដាល​​របស់​ប្រទេស​ថៃ។ 

មិនថា​តែកសិករ​នៅកម្ពុជា​នោះទេ ដែលកំពុង​​រងការ​លំបាក​​ដោយសារ​ទីផ្សារ​ជ័រកៅស៊ូ​​កំពុង​​ធ្លាក់​ចុះ​នេះ នៅប្រទេសថៃ ក៏មាន​កសិករ​​ជាច្រើន ​បាននិង​កំពុង​​បង្ខំចិត្ត​​បោះបង់​​របរ​ដាំដុះ​​របស់​ពួកគេ និង​ងាក​ទៅធ្វើ​ការ​​នៅក្នុង​រោងចក្រ​ជំនួស​វិញ។

ទោះជាយ៉ាងណា គេសង្កេត​ឃើញ​ថា ឥទ្ធិពល​នៃសង្គ្រាម​​ពាណិជ្ជកម្មនេះ មិនមែន​សុទ្ធតែ​ធ្វើឲ្យ​ទីផ្សារ​ជ័រកៅស៊ូ​​របស់​ប្រទេស​​នៅតំបន់​អាស៊ីអាគ្នេយ៍​ ត្រូវរង​ផលប៉ះពាល់​ទាំងអស់​នោះទេ។ ជាក់ស្ដែង ប្រទេស​វៀតណាម កំពុង​ទទួល​​​ប្រយោជន៍​​ពីឥទ្ធិពលនេះ ដោយសារ​​រោងចក្រ​​ជាច្រើន​ពី​ប្រទេស​ចិន​ បាន​​ជ្រើស​មូលដ្ឋាន​ផលិត​​នៅឯ​ប្រទេស​វៀតណាម សម្រាប់​ការនាំចេញ​ទៅ​អាមេរិក ដើម្បី​​បញ្ជៀស​​របាំង​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក។

សូមជម្រាបថា តាមរបាយការណ៍​ពី អគ្គនាយក​ដ្ឋាន​កៅស៊ូ កម្ពុជា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ដែល​កំពុង​រកស៊ី​ និងដាំដុះ​កៅស៊ូ​នៅកម្ពុជា​ចំនួន ១២៩ក្រុមហ៊ុន ក្នុងនោះ មាន​៣០ក្រុមហ៊ុន​ហើយ ដែល​ប្រមូល​ផល និងធ្វើការ​នាំចេញ ខណៈដែល​ផ្ទៃដីដាំដុះ​កៅស៊ូ​វិញ មានចំនួន​ជិត ៤៣ម៉ឺនហិកតា ក្នុងផ្ទៃដី​ដែលចៀរជ័រ​បានមាន ២០ម៉ឺនហិតកា ស្មើនឹង ៤៧ភាគរយ និងផ្ទៃដី​ថែទាំង​ជាង ២២ម៉ឺនហិកតា ស្មើនឹង ៥៣ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេ នៅកម្ពុជា ក្នុងឆ្នាំ២០១៨

ព័ត៌មាន
ដ្បិតតែកម្ពុជា ជាប្រទេសមួយតូច ដែលធ្លាប់ស្ថិតនៅក្នុងនាមជាប្រទេសក្រីក្រតោកយ៉ាក និងបច្ចុប្បន្ន បានវិវឌ្ឍខ្លួនមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិ…

វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក

ព័ត៌មាន
ស្របពេលដែល កម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែបន្តកើនឡើងឥតស្រាកស្រាន្ដ ប្រទេសវៀតណាម ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ