វិស័យអចលនទ្រព្យ

តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានៅពេញមួយឆ្នាំ២០២៣នេះ មានភាពរំជើបរំជួលយ៉ាងណាខ្លះ?


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកបានរងភាពរង្គោះរង្គើជាច្រើន ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ជាពិសេសឥទ្ធិពលនៃបញ្ហាសង្គ្រាម និងការឹតបន្តឹងរបស់វិស័យធនាគារជាដើម។
វិស័យអចលនទ្រព្យ
ដោយ

សម្រាប់នៅពេញមួយឆ្នាំ២០២៣នេះវិញ ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាកត់សម្គាល់ឃើញថា ចន្តរទិញ-លក់អចលនទ្រព្យនៅកម្ពុជាជារួមនៅតែជួបនូវបញ្ហាប្រឈម និងមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែអាចទទួលបានឱកាសទីផ្សារមួយចំនួនផងដែរ។

នៅក្នុងកិច្ចសម្ភាស​ពិសេសជាមួយសារព័ត៌មានខេមបូណូមីស ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានៅពេញមួយឆ្នាំ២០២៣នេះ នៅតែមិនទាន់អាចងើបឡើងវិញជាប្រក្រតីភាពនោះទេ ប៉ុន្តែមិនមែនមានន័យថា វិស័យនេះបានជាប់គាំងលែងដំណើរការនោះទេ ពោលគឺចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជាចាប់ផ្ដើមមានសកម្មភាពឡើងវិញជាសន្សឹមៗ បើទោះបីនៅមានកម្រិតក្តី។ ជាក់ស្តែងតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ចន្តរទិញ-លក់អចលនទ្រព្យសម្រាប់ក្រុមហ៊ុនលោកនៅឆ្នាំ២០២៣នេះ ហាក់មានការធ្លាក់ចុះប្រមាណ១០%ទៅ១៥% បើធៀបនឹងឆ្នាំ២០២២។

ជាមួយគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្ញាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យកម្ពុជានៅតែបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទាំងខាងក្នុង និងខាងក្រៅ ជាពិសេសបញ្ហាខ្វះលំហូរសាច់ប្រាក់ពីខាងក្រៅតែម្តង ដោយសារការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនៅលើពិភពលោក ក៏ដូចជាការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិជាដើម។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា វិស័យអចលនទ្រព្យកម្ពុជា នៅតែអាចទទួលបានឱកាសទីផ្សារមួយចំនួន។

បើតាមលោក សន សៀប មកទល់ពេលនេះទីផ្សារលំនៅដ្ឋាន និងខុនដូរ ដែលបានសាងសង់រួចនៅតែមានការទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ទិញ និងជួលជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងវិនិយោគិនបរទេសមួយចំនួន។ ដោយឡែកសម្រាប់អចលនទ្រព្យបែបពាណិជ្ជកម្ម ដូចជាអាគារការិយាល័យ និងអគារពាណិជ្ជកម្មជាដើម នៅតែស្ថិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ។ យ៉ាងណាមិញសម្រាប់អចលនទ្រព្យផ្នែកឧស្សាហកម្មវិញ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា មានការកម្រើកឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ខណៈអចលនទ្រព្យសម្រាប់ផ្នែកកសិកម្មនៅតែមានកំណើនជាវិជ្ជមាន។ តែយ៉ាងណា លោក សន សៀប អះអាងថា ការកសាងទំនុកចិត្តដល់អ្នកវិនិយោគនៅតែជាបញ្ហាប្រឈមមួយ សម្រាប់ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបានឆាប់រហ័ស។ ដោយឡែកសម្រាប់ឧកញ៉ា ចេង ខេង នៅក្នុងឆ្នាំ២០២៣នេះ ចរន្តទិញ-លក់ និងជួលអចលនទ្រព្យនៅកម្ពុជា ដែលចាប់ផ្ដើមមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់នោះ ភាគច្រើនស្ថិតនៅក្នុងតំបន់ជាយក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងសៀមរាបជាដើម។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណង់ចំនួន៧៤៩គម្រោង ថយចុះជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែបើក្រឡេកមើលទៅលើតម្លៃគម្រោងសាងសង់ក្នុងត្រីមាសទី៣នេះវិញ ហាក់មានការកើនឡើងដល់ទៅជាង១៩២% ឯណោះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទំហំវិនិយោគសរុបជាង២ពាន់២រយលានដុល្លារ។ ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាច់ប្រាក់ច្រើនមិនធ្លាប់មានដល់ទៅ៦ទ្រីលានដុល្លារ នឹងជួយជំរុញផ្សារហ៊ុនពិភពលោកឱ្យហក់ឡើងក្នុងឆ្នាំ២០២៤

ព័ត៌មាន
ការកើនឡើងនៃសាច់ប្រាក់នៅក្នុងមូលនិធិទីផ្សារប្រាក់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផ្សារហ៊ុនឱ្យហក់ឡើងនៅឆ្នាំ២០២៤ ខាងមុខ។ នេះបើយោង…

ដោយសារតែសេដ្ឋកិច្ចធ្លាក់ នៅប្រទេសថៃ ផ្ទះថ្មីលក់មិនសូវចេញ ប៉ុន្ដែផ្ទះប្រើរួចបែរជាមានទីផ្សារ

ព័ត៌មាន
ដោយសារតែសេដ្ឋកិច្ចស្រុតចុះ ហើយតម្លៃគម្រោងថ្មីក៏ថ្លៃ រីឯអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះក៏ខ្ពស់ បានកំពុងធ្វើឲ្យទីផ្សារលំនៅដ្ឋានថ្មីៗពិសេសខុនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ