វៀតណាម​បន្ដផ្ដោត​ការវិនិយោគ​លើកោះ ភូកុក ឬកោះត្រល់ កាន់តែខ្លាំងឡើង!

វៀតណាមជំរុញការអភិវឌ្ឍ កោះភូកុក ឬ កោះត្រល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និង វិនិយោគិន ឲ្យកាន់តែខ្លាំង


ដើម្បជំរុញកោះភូកុក ដែលខ្មែរយើងហៅថា កោះត្រល់ ឲ្យតែរីកចម្រើន ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងបន្ថែមជើងហោះហើរចំនួន ៤ខ្សែទៀត ទៅកាន់កោះមួយនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ភាគខាងត្បូងនេះ និងដើម្បីទាក់ទាញឲ្យមានការវិនិយោគបន្ថែមទៀត ក្នុងគោលបំណងជួយពង្រឹងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិវៀតណាមឲ្យកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
កោះ​ភូកុក ឬ​ខ្មែរ​ហៅ​ កោះត្រល់ ស្ថិត​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ៣ ដែល​វៀតណាម​គ្រោង​ស្នើ​ឲ្យ​មាន​សង្កាត់​ពេស្យា​ស្រប​ច្បាប់។ រូបភាព៖ Pixabay
ដោយ

ក្រុមហ៊ុនអាកាសចរណ៍​ក្នុងស្រុក​វៀតណាម ឈ្មោះថា Viet Jet ដែលបានបើក​ប្រតិបត្តិការ​ជើងហោះហើរ​ទៅកាន់កោះភូកុក ដែលខ្មែរ​ហៅថា​កោះត្រល់ តាំងពីឆ្នាំ ២០១២មក គ្រោងនឹង​បន្ថែម​ជើងហោះហើរ​ចំនួន ៤ខ្សែទៀត ដែលក្នុងនោះ​មាន​ ២ខ្សែភ្ជាប់​ទៅកាន់ ខេត្តចេង ឌូ និងខេត្តឆុង ឈីង របស់​ប្រទេសចិន។

ដោយឡែក ក៏មានការ​បន្ថែម​ជើងហោះហើរ​ក្នុងស្រុក​ចំនួន​ ២ខ្សែផងដែរ គឺភ្ជាប់រវាង កោះភូកុក-ដាណាង និងកោះភូកុក-វ៉ាន់ ដុន ដែលគ្រោង​នឹងបើកដំណើរការ​នៅក្នុងឆ្នាំ ២០២០ខាងមុខ ហើយមាន​ប្រតិបត្តិការ​ហោះហើរ ៧ជើង ក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្រុមហ៊ុន Viet Jet បានប្រកាស​ពីព័ត៌មាននេះ នៅក្នុង​សន្និសីទ​លើកកម្ពស់ការ វិនិយោគ​ខេត្ត គៀន យ៉ាំង​ ដែលមាន​ការចូល​រួមដោយ​ផ្ទាល់​ពីនាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សៀនហ្វ៊ុក និង ភ្ញៀវ​ដ៏មានសក្តានុពល​មកពី ​ក្រសួង អង្គការ និងក្រុមអ្នក​វិនិយោគក្នុង និងក្រៅស្រុក​ជាច្រើន។

ដោយសារតែមើល​ឃើញយ៉ាងជាក់​ច្បាស់ពី សក្តានុពលនៃ​កោះភូកុក និង ខេត្តគៀន យ៉ាំង ទើបក្រុម​ហ៊ុន Viet Jet សម្រេច​ពង្រីកបណ្តាញ​ហោះហើរ និងបង្កើន​ចំនួន​ជើងហោះហើរ មកកាន់​តំបន់ភាគខាងត្បូង​មួយនេះ ដើម្បីទប់ទល់​នឹងកំណើន​ភ្ញៀវទេសចរ ដ៏ដូចជា ជួយសម្រួល​ដល់ការ​ធ្វើដំណើរ ក្នុងន័យ​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម មកកាន់ទីនេះ។

គួររម្លឹកបន្តិចដែរថា កាលពីដើម​ឆ្នាំ ២០១៩នេះ វៀតណាម បានបង្កើត​ប្រវត្តិសាស្រ្ត​ថ្មីមួយ​ ដោយបាន​បើក​កាស៊ីណូ នៅលើកោះភូកុក ដែលខ្មែរហៅ​ថា កោះត្រល់ និងអនុញ្ញាត​ឲ្យ ប្រជាជន​ក្នុងស្រុក ចូលលេង​ល្បែង​ស្របច្បាប់។

ក្រុមហ៊ុនអភិវឌ្ឍន៍ និង​វិនិយោគ​ទេសចរណ៍​កោះភូកុក ​ក្រុមហ៊ុន J.S.C​ បានចំណាយ​ទុនវិនិយោគ​ប្រមាណជាង ២ពាន់លាន​ដុល្លារ​អាមេរិក សាងសង់រីស៊ត និងកាស៊ីណូ ​Corona ​ដោយកាស៊ីណូ​នេះ នឹងបើក ​២៤ម៉ោងក្នុង​មួយថ្ងៃ សម្រាប់​សាកល្បង​រយៈពេល ៣ឆ្នាំ។

បើតាមប្រភពព័ត៌មាន​ Vietnam Express បានឲ្យដឹងថា ប្រជាពលរដ្ឋ​វៀតណាម ដែលចង់​ទៅលេង​ល្បែង នៅក្នុង​កាស៊ីណូនេះ ត្រូវមាន​អាយុលើសពី ២១ឆ្នាំ និងរកចំណូល​បានយ៉ាងតិច ៤៣០​ដុល្លារអាមេរិក ក្នុងមួយខែ និងមិនមាន​ប្រវត្តិធ្លាប់​ពាក់ព័ន្ធ​នឹងបទឧក្រិដ្ឋ ឬការជំទាស់​ពីក្រុមគ្រួសារ​នោះឡើយ។

រីឯតម្លៃសេវា​ដើម្បីអាចចូលលេង​ល្បែងវិញ មួយថ្ងៃ គឺ ៤៣ដុល្លារ​អាមេរិក ឬ ១ខែ ១ពាន់​ដុល្លារអាមេរិក។

ប្រទេសវៀតណាម ធ្លាប់មាន​វិធានការយ៉ាង​តឹងរឹងបំផុត ក្នុងការ​ហាមឃាត់​ប្រជាពលរដ្ឋ​របស់ខ្លួន ចូលលេង​ល្បែងក្នុង​កាស៊ីណូទាំង ៧កន្លែង នៅទូទាំង​ប្រទេស ហើយអនុញ្ញាត​ឲ្យតែ​ជនបរទេសប៉ុណ្ណោះ ដែលអាច​ចូលលេងល្បែង​នៅកាស៊ីណូបាន។ មិនតែប៉ុណ្ណោះ វៀតណាម បានចាត់​ទុកថា ការលេងល្បែង​ស៊ីសងនេះ គឺជារឿង​អាក្រក់​បំផុតក្នុងសង្គម។

ប៉ុន្ដែ ស្រាប់តែ​ពេលនេះ រដ្ឋាភិបាលប្រទេសនេះ បែរជាបើក​ដៃឲ្យប្រជាជនខ្លួន អាចចូលល្បែង​ក្នុងកាស៊ីណូបានយ៉ាង​ស្របច្បាប់ទៅវិញ។

គួរបញ្ជាក់ថា ចំណូលរបស់​ពលរដ្ឋ​វៀតណាមម្នាក់ៗ នៅឆ្នាំ២០១៨ កន្លង​ទៅនេះ មាន ២.៥០០ ដុល្លារអាមេរិក​ក្នុងមួយឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ទម្លាក់ចោលការព្យាករនាំចេញអង្ករ​មកនៅ​ត្រឹម ៩លានតោន ដោយសារគ្រោះរាំងស្ងួត

ព័ត៌មាន
សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនប៉ុណ្ណោះ ដែលថយចុះប្រមាណ ១៧ភាគរយ ធៀបនឹង…

លោកត្រាំថា ពន្ធគយថ្មីលើទំនិញចិន ៣០០ ពាន់លានដុល្លារ នឹងចាប់ផ្ដើមពីខែកញ្ញាតទៅ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី ០១ សីហានេះ បានប្រកាសឡើង ដែលជាការគំរាមជាថ្មីថា លោកនឹងដាក់បន្ថែមពន្ធគយ១០ភាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ