ថាមពលអគ្គិសនី

តើមានហេតុផលសំខាន់ៗអ្វីខ្លះដែលជំរុញឱ្យវៀតណាម ត្រូវនាំចូលអគ្គិសនីពីប្រទេសឡាវ?


នៅក្នុងតំបន់អ្នកណាក៏ដឹងដែរថា ប្រទេសឡាវជាប្រភពថាមពលវារីអគ្គិសនីមួយដ៏សំខាន់នៅក្នុងតំបន់ ដោយនៅពេលនេះសឹងតែគ្រប់ប្រទេស ដែលមានព្រំប្រទល់ជាប់នឹងឡាវ គឺសុទ្ធតែទិញអគ្គិសនីពីឡាវរាប់តាំងពីកម្ពុជា ថៃ និងវៀតណាម។ ក្រុមអ្នកវិភាគបានអះអាងថា មូលហេតុនៃការទិញអគ្គិសនីពីប្រទេសផ្សេង គឺហេតុផលសេដ្ឋកិច្ច និងការអភិវឌ្ឈន៍ ប៉ុន្តែដោយឡែកសម្រាប់វៀតណាម គឺមានទាំងហេតុផលសេដ្ឋកិច្ច និងនយោបាយ។
ថាមពលអគ្គិសនី
ដោយ

ក្រុមអ្នកវិភាគបាននិយាយថា ការនាំចូលអគ្គិសនីពីប្រទេសឡាវ គឺជាដំណោះស្រាយល្អមួយសម្រាប់ការដោះស្រាយបញ្ហាកង្វះថាមពលនៅភាគខាងជើង នៃប្រទេសវៀតណាម ហើយក៏ជាមធ្យោបាយមួយ ដើម្បីបំពេញកិច្ចព្រមព្រៀងឆ្នាំ២០១៦ រវាងប្រទេសទាំងពីរ ពោលគឺឡាវ និងវៀតណាមផងដែរ។ លោក ង៉ូ ឌឹកឡាំ ( Ngo Duc Lam) អ្នកវិភាគថាមពលបាននិយាយប្រាប់សារព័ត៌មាន VNExpress ថា ការទិញអគ្គិសនីពីប្រទេសឡាវ មិនត្រឹមតែមានហេតុផលសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យលើផ្នែកនយោបាយផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាក្រុមហ៊ុនថាមពលជាតិផ្តាច់មុខ បានស្វះស្វែងសុំការអនុម័ត ដើម្បីនាំចូលថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ពីប្រទេសឡាវក្នុងតម្លៃជិត៧សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការនាំចូលកាន់តែច្រើន ចំពេលមានការព្រួយបារម្ភអំពីកង្វះថាមពលនៅភាគខាងជើង នៃប្រទេសវៀតណាម ខណៈដែលគេដឹងថា តម្លៃនេះថោកជាងតម្លៃថាមពលដែលវៀតណាមផលិតខ្លួនឯង។

លោក ង៉ូ ឌឹកឡាំ បាននិយាយថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈមួយនៅឆ្នាំ២០១៦ ដើម្បីឱ្យវៀតណាម ទិញថាមពលពីប្រទេសឡាវ យ៉ាងតិច១ពាន់មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២០ ៣ពាន់មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ និង៥ពាន់មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។

តាមតួលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា វៀតណាមបានព្រមព្រៀងនាំចូលថាមពលវារីអគ្គិសនីពីប្រទេសឡាវ ប្រមាណជា២.៧០០មេហ្គាវាត់ ប៉ុន្តែតួលេខដែលវៀតណាមនាំចូលថាមពលអគ្គិសនីជាក់ស្តែងពីឡាវមានត្រឹមតែប្រហែល១.៣០០ មេហ្គាវ៉ាត់ ដោយសារអ្នកវិនិយោគរោងចក្រថាមពលឡាវ មួយចំនួនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ខណៈដែលអ្នកវិនិយោគផ្សេងទៀតនឹងបញ្ចប់រោងចក្ររបស់ពួកគេត្រឹមឆ្នាំ២០២៥។

លោកបានបន្តថា ថ្លៃដើមអគ្គិសនីដែលវៀតណាមផលិតថាមពលនៅក្នុងស្រុក គឺមានតម្លៃរហូតដល់ជាង៨សេនដុល្លារ ទៅជិត១០សេនដុល្លារនៅក្នុងមួយគីឡូវាត់ម៉ោង។ ជុំវិញការនាំចូលថាមពលពីប្រទេសឡាវនេះ លោក ត្រាន់ វ៉ាន់ ប៊ិញ (Tran Van Binh) អ្នកវិភាគខាងថាមពលមួយរូបទៀតបានបង្ហាញពីការព្រួយបារម្ភថា ការពឹងផ្អែកលើកម្លាំងខ្យល់សម្រាប់ការនាំចូល គឺមិនគួរឱ្យទុកចិត្តទេ ព្រោះវាអាស្រ័យលើអាកាសធាតុ។

លោកបានបញ្ជាក់ថា ការនាំចូលពីឡាវ សម្រាប់ហេតុផលសេដ្ឋកិច្ច គឺអាចទទួលយកបាន។ ប៉ុន្តែក្នុងរយៈពេលវែង នេះមិនមែនជាការល្អសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលរបស់វៀតណាមនោះឡើយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


FTA រវាងថៃ និងសហភាពអឺរ៉ុប បង្ហាញវឌ្ឍនភាពទៅមុខ ខណៈការចរចាជុំទីពីរនឹង ធ្វើឡើងនៅខែក្រោយ

ព័ត៌មាន
ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុប ដែលបានរាំងស្ទះអស់ជាច្រើនឆ្នាំនោះ ឥឡូវនេះកំពុងបោះជំហានទៅមុខគួរឲ្យកត់សម្គាល់…

វៀតណាម នឹងផ្ដោតអាទិភាពលើគម្រោងដឹកជញ្ជូនចំនួន ៥៩នៅក្រុងហូជីមិញ ជាមួយទំហំចំណាយជិត១០ពាន់លានដុល្លារ

ព័ត៌មាន
មន្ទីរដឹកជញ្ជូនក្រុងហូជីមិញ បាននិយាយថា ផ្លូវហាយវេ ផ្លូវជាតិ និងផ្លូវក្រវាត់ក្រុងសរុបចំនួន៥៩គម្រោងនឹងត្រូវបានសាងសង់នៅក្នុងទីក្រុងហូជីមិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ