គម្រោងផ្លូវក្រវាត់ក្រុងទី៣

គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងបញ្ចប់ការសាងសង់យឺតដល់ទៅ៤ខែ ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%


មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ដែលមកទល់បច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០%ហើយ ក្រោយដំណើរការសាងសង់អស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ គម្រោងនៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុង ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រមួយនេះ នឹងត្រូវអាចយឺតជាងផែនការប្រមាណ៤ខែ ដោយសារមានការរាំងស្ទះមួយចំនួនលើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
ទិដ្ឋភាពផ្លូវក្រវាត់ក្រុងខ្សែទី៣​ (រូបថតដោយ ប៊ុក វន្ថា/ខេមបូណូមីស)

ជុំវិញបញ្ហានេះដែរ ថ្នាក់ដឹកនាំក្រសួងធ្លាប់បានអះអាងកន្លងមកថា ការចំណាយលើការដោះស្រាយផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ មានទំហំធំជាងការចំណាយលើការសាងសង់ផ្លូវដែលមានតម្លៃ៣រយលានដុល្លារនេះទៅទៀត។ 

ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលអាចយឺតជាងផែនការប្រមាណ៤ខែ ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានជាង៦០% ប៉ុណ្ណោះ ក្រោយដំណើរការសាងសង់ជិត៣ឆ្នាំកន្លងមកនេះ។ ឯកឧត្តមអះអាងថា កត្តាដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការសាងសង់ផ្លូវក្រវាត់ក្រុងនេះ គឺដោយសារមានភាពយឺតយ៉ាវក្នុងការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ 

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានអះអាងកន្លងមកថា ការចំណាយលើការដោះស្រាយសំណងជូនប្រជាពលរដ្ឋក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ មានទំហំធំជាងការចំណាយលើការសាងសង់ផ្លូវទាំងមូលទៅទៀត។ តែយ៉ាងណាឯកឧត្តមមិនបានបញ្ជាក់លម្អិតពីតួលេខចំណាយ ដែលរាជរដ្ឋាភិបាលបានចំណាយលើការដោះស្រាយសំណងជូនប្រជាពលរដ្ឋនោះទេ។ សម្រាប់ឯកឧត្តម ការសាងសង់ ឬពង្រីកផ្លូវ ជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ គ្រាន់តែខ្លះមានទំហំតូច និងខ្លះទៀតមានទំហំធំតែប៉ុណ្ណោះ ដែលកត្តានេះបានធ្វើឲ្យទំហំចំណាយលើស្ថាបនា ឬពង្រីកផ្លូវប៉ោងកាន់តែធំ។

ផ្លូវក្រវាត់ក្រុងទី៣សាងសង់តដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន៤២ខែ។ ផ្លូវនេះមានប្រវែងជិត៥៣គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ៣រយលានដុល្លារអាមេរិក។ បន្ថែមលើនេះការស្ថាបនាផ្លូវក្រុងទី៣ ក៏មានការសាងសង់ស្ពានអាកាសចំនួន៤ កន្លែង និងស្ពានឆ្លងកាត់ទន្លេចំនួនពីរផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ សង្ឃឹមថា គម្រោងកំពង់ផែទឹកជ្រៅតម្លៃ ២០០លានដុល្លារនៅខេត្តព្រះសីហនុនឹងជួយដោះស្រាយបញ្ហាដឹកជញ្ជូន

ព័ត៌មាន
គម្រោងកំពង់ផែទឹកជ្រៅដំណាក់កាលទី១ នៅខេត្តព្រះសីហនុ ដែលបានពន្យារពេលសាងសង់រហូតដល់ឆ្នាំ២០២២នោះ កំពុងរៀបចំនីតិវិធី និងការដេញថ្លៃជាអន្តរជា…

ឧបការីទេសាភិបាលធនាគារជាតិ កោតសរសើរ App អេស៊ីលីដាម៉ូបាល ដែលអាចស្កែន QR Code ​ដើម្បីទូទាត់នៅប្រទេសថៃ

ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះ App អេស៊ីលីដាម៉ូបាល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ