ផ្សារមូលបត្រកម្ពុជា

ផ្សារមូលបត្រកម្ពុជាកៀរគរទុនវិនិយោគបានជិត៣៦០លានដុល្លារ ក្រោយមានក្រុមហ៊ុនចំនួន២២បានចុះបញ្ជី


ទោះបីវិបត្តិសេដ្ឋកិច្ចសកលបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យមូលបត្រកម្ពុជានៅតែបន្តដំណើរការយ៉ាងសកម្មជាមួយកំណើនក្រុមហ៊ុនចុះបញ្ជីជាបន្តបន្ទាប់ ជាក់ស្តែងសម្រាប់ឆ្នាំ២០២៣នេះ មេផ្សារមូលបត្រកម្ពុជាបានចាត់ទុកថា ជាឆ្នាំដ៏ពិសេសដែលផ្សារមូលលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីច្រើនជាងគេរហូតដល់ចំនួន៥ក្រុមហ៊ុន ដែលនាំឱ្យក្រុមហ៊ុន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបច្ចុប្បន្នបានកើនដល់ចំនួន២២ក្រុមហ៊ុន និងបានកៀរគរទុនវិនិយោគសរុបបានប្រមាណជិត៣៦០លានដុល្លារ។
ផ្សារមូលបត្រកម្ពុជា
ដោយ

តាមរយៈលទ្ធផលនេះ ត្រូវបានថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា រំពឹងថា នឹងមានក្រុមហ៊ុនថ្មីៗបន្តចាប់អារម្មណ៍លើវិស័យមូលបត្រនៅកម្ពុជាបន្ថែមទៀត ខណៈនៅដើមឆ្នាំក្រោយមានក្រុមហ៊ុនថ្មីមួយនឹងមកចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា។

ថ្លែងក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណអាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសសិនណលស្គូល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកនៅក្នុងឆ្នាំ២០២៣នេះ ហាក់មិនសូវមានភាពអំណោយផល និងជួបបញ្ហាប្រឈមជាច្រើនក្តី ប៉ុន្តែថ្នាក់ដឹកនាំរូបនេះបានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំពិសេសមួយសម្រាប់ផ្សារមូលបត្រកម្ពុជា ដោយសារនៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនមកចុះបញ្ជីច្រើនជាងគេរហូតដល់៥ក្រុមហ៊ុនឯណោះ ដោយក្នុងនោះមាន២ក្រុមហ៊ុន ចុះបញ្ជីលក់ភាគហ៊ុន និង៣ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។

បើតាមឯកឧត្តម ហុង សុហួរ ស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ហាក់មានទំនោរធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ ដោយទំហំជួយដូរភាគហ៊ុននៅកម្ពុជា បានធ្លាក់មកនៅត្រឹមក្រោម២២ម៉ឺនដុល្លារប៉ុណ្ណោះក្នុង១ថ្ងៃនៅក្នុងឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២២ ទំហំជួញដូរជាមធ្យម គឺមានរហូតដល់៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ ក៏ប៉ុន្តែសម្រាប់សកម្មភាព និងគណនីជួញដូរនៅឆ្នាំនេះវិញឃើញថា មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់។ តាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានគណនីជួញដូរចំនួនជាង៤ម៉ឺន៧ពាន់គណនី និងមានមហិច្ឆិតាបង្កើនចំនួនគណនីជួញដូរឱ្យបាន៥ម៉ឺនគណនីនៅឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូល បត្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលផ្សារមូលបត្រកម្ពុជាសម្រេចបាននាពេលកន្លង ជាពិសេសតាមរយៈការចុះបញ្ជីលក់សញ្ញាបណ្ណអាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសសិនណលស្គូល នាពេលនេះ ដែលវាសបញ្ជាក់ឱ្យឃើញថា ផ្សារមូលបត្រកម្ពុជាបានឈានទៅរកការរីកចម្រើនមួយកម្រិតថែមទៀត។ បើតាមថ្នាក់ដឹកនាំរូបនេះ ទោះបីឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាកក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនចុងក្រោយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានកំណត់អត្រាគូប៉ុងប្រចាំឆ្នាំត្រឹមតែ៦,៣%ប៉ុណ្ណោះ ជាមួយរយៈពេល៥ឆ្នាំ និងបោះផ្សាយលក់ក្នុងទំហំទឹកប្រាក់សរុបចំនួន១០លានដុល្លារ។ ឯកឧត្តម ស៊ូ សុជាតិ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន CIA First ឱ្យបន្តបោះផ្សាយលក់ភាគហ៊ុននៅថ្ងៃអនាគតផងដែរ និងរំពឹងថា មានក្រុមហ៊ុនថ្មីៗកាន់តែច្រើនចាប់អារម្មណ៍លើវិស័យមូលបត្រកម្ពុជាបន្ថែមទៀត ខណៈនៅដើមឆ្នាំ២០២៤ ខាងមុខនេះ ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីមួយបន្ថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២២ក្រុមហ៊ុន ក្នុងនោះ មាន១១ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង១១ក្រុមហ៊ុនទៀត ចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល​។ ដោយក្រុមហ៊ុនទាំងនោះបានកៀរគរទុនវិនិយោគបានប្រមាណជិត៣៦០លានដុល្លារ។ ដោយឡែកសម្រាប់តែក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណទាំង៣ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣នេះ បានកៀរគរទុនវិនិយោគសរុបបានប្រមាណជាង៣០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររឹបអូសសាច់បង្កកចម្រុះខូចគុណភាពបានជិត២ពាន់តោននៅឆ្នាំនេះ ខណៈគយប្តេជ្ញាប្រឹងទប់ស្កាត់ការនាំចូល

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះ…

សណ្ឋាគារ ផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍មួយចំនួន ត្រូវបានកក់ប្រមាណ៩០% ហើយ

ព័ត៌មាន
មន្ត្រីទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើមបានអះអាងថា សកម្មភាពកក់បន្ទប់ស្នាក់នៅមានការកើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ