ត្រីទីឡាព្យ៉ាមានរសជាតិស្រដៀងត្រីម្យ៉ាងដែលល្បីនៅប្រទេសជប៉ុន

កសិដ្ឋានមួយរំពឹងសាច់ត្រីទីឡាព្យ៉ា ដែលអាចហូបឆៅបាន អាចហក់ចូលទីផ្សារជប៉ុន និងអឺរ៉ុបនៅឆ្នាំក្រោយ


កសិដ្ឋានចិញ្ចឹម និងកែច្នៃសាច់ត្រីទីឡាព្យ៉ា ដែលជនជាតិជប៉ុនខ្លះហៅថា ត្រីណាន់ហ្គុយឹដៃ កំពុងសហការជាមួយអ្នកបច្ចេកទេសផ្នែកចំណីអាហារ ដើម្បីធ្វើយ៉ាងណានាំផលិតផលកែច្នៃចេញពីសាច់ត្រីនេះទៅកាន់ទីផ្សារបរទេសនាពេលខាងមុខ ខណៈត្រីនេះកំពុងទទួលបានការពេញនិយមខ្លាំង ព្រោះមានរសជាតិស្រដៀងត្រីម្យ៉ាង ដែលកំពុងល្បីនៅប្រទេសជប៉ុន។
ត្រីទីឡាព្យ៉ាមានរសជាតិស្រដៀងត្រីម្យ៉ាងដែលល្បីនៅប្រទេសជប៉ុន
ដោយ

អ្នកគ្រប់គ្រងកសិដ្ឋាន Cambodian Fresh Farm រំពឹងថា យ៉ាងយូត្រឹមឆ្នាំ២០២៤ ផលិតផលរបស់សហគ្រាសនេះ នឹងអាចមានវត្តមានលើទីផ្សារប្រទេសជប៉ុន និងអឺរ៉ុប។

ត្រីទីឡាព្យ៉ា ឬត្រីណាន់ហ្គុយឹដៃ ដែលចិញ្ចឹមដោយកសិដ្ឋាន Cambodian Fresh Farm ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន និងទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវបានកែច្នៃចេញជាមុខម្ហូបច្រើនប្រភេទក្នុងនោះក៏មានរាប់បញ្ចូលទាំងការកែច្នៃសាច់ស្រស់សម្រាប់ហូបឆៅតាមដំណាក់កាល និងបច្ចេកទេសចំណីអាហារ ហើយត្រៀមនាំយកទៅលក់លើទីផ្សារប្រទេសជប៉ុន នាពេលខាងមុខទៀតផង។ លោក Mitsuhiro Kubota ប្រធានគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការជ្រើសរើសយកត្រីទីឡាព្យ៉ាមកចិញ្ចឹម គឺដោយសារត្រីនេះមានរសជាតិឆ្ងាញ់ និងស្រដៀងត្រីម្យ៉ាង ដែលកំពុងល្បីនៅប្រទេសជប៉ុន ហើយអាចនាំចេញទៅប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត។

ចំណែកលោក ចាវ សួស្ដី នាយកគ្រប់គ្រងសហគ្រាស Cambodian Fresh Farm បានឱ្យដឹងថា បច្ចុប្បន្នគុណភាពសាច់ត្រីទីឡាព្យ៉ា ត្រូវបានចាប់ផ្ដើមមានការទទួលស្គាល់ជាបណ្ដើរៗពីអ្នកទទួលទានក្នុងស្រុក និងមួយចំនួនទៀតនៅប្រទេសជប៉ុន។ ទន្ទឹមគ្នានេះ សហគ្រាសនេះCកំពុងសហការជាមួយអង្គការ យូនីដូ ដើម្បីសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេសចំណីអាហារ ដោយធ្វើយ៉ាងណាឱ្យត្រឹមត្រូវតាមស្តង់ដា ព្រោះបច្ចុប្បន្នទីផ្សារក្នុងស្រុក និងក្រៅស្រុកហាក់ពុំទាន់មានភាពទូលំទូលាយ ដ្បិតមានការផ្សព្វផ្សាយព័ត៌មានបំផុសបំផុលពីបញ្ហាសុខភាពចំពោះអ្នកទទួលទានត្រីទីឡាព្យ៉ា។

ពាក់ព័ន្ធការរំពឹងទុកលើទីផ្សារក្រៅប្រទេស នាយកគ្រប់គ្រងសហគ្រាស Cambodian Fresh Farm រូបនេះសង្ឃឹមថា យ៉ាងយូត្រឹមឆ្នាំ២០២៤ ផលិតផលសហគ្រាសរបស់លោក នឹងអាចមានវត្តមានលើទីផ្សារបរទេស។ ជាក់ស្ដែងផលិតផលកែច្នៃពីសាច់ត្រីទីឡាព្យ៉ានេះ ត្រូវបានប្រជាជនជប៉ុនមួយចំនួនមានការពេញនិយម ហើយកំពុងរង់ចាំទៀតផង។

គួរបញ្ជាក់ថា កសិដ្ឋានរបស់សហគ្រាស Cambodia Fresh Farm មានស្រះចិញ្ចឹមត្រីទីឡាព្យ៉ា ឬត្រីណាន់ហ្គុយឹដៃចំនួន២១ស្រះ ដោយស្រះនីមួយៗមានទំហំ១ពាន់៦រយម៉ែត្រការ៉េ ដោយស្រះនីមួយៗអាចដាក់កូនត្រីប្រមាណ១ម៉ឺនក្បាល នឹងអាចប្រមូលផលបានប្រមាណ៣តោនក្នុង១ស្រះ ខណៈត្រីពេញសាច់មួយក្បាលត្រូវបានសហគ្រាសនេះ សម្រិតសម្រាំងដោយយកក្នុង១ក្បាលមិនឱ្យលើសពី៥ខាំនោះទេ ព្រោះបើទម្ងន់លើសពីនេះ នឹងធ្វើឱ្យសាច់ត្រីមិនមានគុណភាព។ បច្ចុប្បន្នសហគ្រាស Cambodia Fresh Farm បានកែច្នៃមុខម្ហូបចេញពីសាច់ត្រីទីឡាព្យ៉ា រួមមាន៖ ត្រីបង្កក ត្រីអប់គ្រឿង ត្រីបំប៉ងម្ស៉ៅ ត្រីឆ្អើរ និងម្ស៉ៅរោយបាយជាដើម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី ប្រាប់ពីមូលហេតុដែលធ្វើឲ្យលុយរៀលធ្លាក់ថ្លៃ បើធៀបនឹងលុយដុល្លារនៅមួយរយៈចុងក្រោយ

ព័ត៌មាន
នៅមួយរយៈពេលចុងក្រោយនេះ ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២…

អាមេរិកដាក់ចេញច្បាប់ ដើម្បីរារាំងចិនកុំឲ្យទទួលបានប្រាក់ឧបត្ថម្ភក្នុងឧស្សាហកម្មឈីប

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានសម្រេចជាលើកចុងក្រោយដោយបានដាក់ចេញនូវច្បាប់មួយចំនួន ដើម្បីរារាំងចិន និងប្រទេសដទៃទៀតពីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ