ការបោះឆ្នោតប្រធានាធិបតីស្រីលង្កា

ប្រធានាធិបតីស្តីទីលោក Ranil ឈ្នះការបោះឆ្នោតប្រធានាធិបតីស្រីលង្កា ខណៈភាពវឹកវរអាចនឹងបន្ដកាន់តែខ្លាំង


នៅទីបំផុត ស្រីលង្ការើសបានប្រធានាធិបតីថ្មីរបស់ខ្លួនហើយ ក្រោយពីមានការបោះឆ្នោតពីសភា នៅថ្ងៃពុធ ទី២០ កក្កដានេះ ប៉ុន្ដែ គេមិនដឹងថា តើជារឿងដ៏គួរឲ្យរីករាយ ឬជារឿងដែលគួរឲ្យសោកស្ដាយនោះទេ សម្រាប់ពលរដ្ឋស្រីលង្កានាពេលនេះ។
ប្រធានាធិបតីស្តីទីលោក Ranil ឈ្នះការបោះឆ្នោតប្រធានាធិបតីស្រីលង្កា ខណៈភាពវឹកវរអាចនឹងបន្ដកាន់តែខ្លាំង

កន្លងមក មានក្រុមអ្នកតវ៉ា​យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាមទារឲ្យ​ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស ពោលគឺទាមទារឲ្យទម្លាក់​អ្នកដឹកនាំ​ពីត្រកូល​ Rajapaksa ហើយក៏បាន​ទាមទារឲ្យលោករានីល ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្ដែ ស្រាប់តែពេលនេះ លោករ៉ានីល បែរជាប្ដូរពីកៅអីនាយករដ្ឋមន្ត្រី មកអង្គុយកៅអី​ប្រធានាធិបតីទៅវិញ ដែលស្ថានការណ៍ ត្រូវបាន​គេមើលឃើញថា ក្រុមអ្នកតវ៉ា អាចនឹងមិនពេញចិត្តនោះឡើយ ហើយអាចបង្កកំហឹង​កាន់តែខ្លាំងក្លាថែមទៀត។

ប្រភពពីសារព័ត៌មានរ៉យទ័រ ​បានឲ្យដឹងថា បន្ទាប់ពីការរាប់សន្លឹកឆ្នោតបានបញ្ចប់ អគ្គលេខាធិការសភាបាននិយាយ លោក Ranil ត្រូវបានជាប់ឆ្នោត​​ជា​ប្រធានាធិបតីថ្មី​នៃប្រទេសស្រីលង្កា​សម្រាប់​ជំនួស​តំណែង​លោក Gotapaya Rajapasa  ដែលបានលាលែងពីតំណែង។

ក្នុងការបោះឆ្នោតនោះ លោក រ៉ានីល ទទួលបាន​សំឡេងគាំទ្រចំនួន ១៣៤ សំឡេង នៅក្នុង​ចំណោម​សមាជិកសភា​ ២២៥រូប ខណៈដែល គូប្រជែងដ៏ធំរបស់លោក គឺ Dullas Alahapperuma សមាជិកសភានៃបក្សកាន់អំណាច ទទួលបាន​សំឡេងគាំទ្រ​៨២សំឡេង។

ក្នុងវ័យ​ ៧៣ឆ្នាំ លោករ៉ានីល ធ្លាប់បាន​ធ្វើជាប្រធានាធិបតីស្រីលង្កាចំនួន​៦លើករួចហើយ មុននឹងលោកត្រូវបាន​ជាប់ឆ្នោតថ្មីៗនេះ។

ទោះយ៉ាងណា ក្រុមអ្នកតវ៉ាជាច្រើនបាននិយាយថា ការឈ្នះរបស់លោក Ranil នឹងអាចនាំឱ្យមានបាតុកម្មកាន់តែច្រើនឡើង ខណៈប្រជាជនមានការខឹងសម្បារនឹងសែរ​ស្រឡាយ​បក្សពួក​របស់ប្រធានាធិបតី​អាណាត្តិមុន​ជាខ្លាំង ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូល​ទៅក្នុងវិបត្តិខ្វះទុនបម្រុង​ក្នុងការនាំចូល ប្រេងឥន្ធនៈ ស្បៀងអាហារសំខាន់ៗ និង ថ្នាំពេទ្យជាដើម។

មែនទែនទៅ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតប្រធានាធបិតីមាន ៣ រូប រួមមានប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe សមាជិកសភាគណបក្សកាន់អំណាច Dullas Alahapperuma និង បេក្ខជនទីបី គឺ លោក Anura Kumara Dissanayaka ដែលជាមេដឹកនាំគណបក្សឆ្វេងនិយម។

ក្នុងចំណោមបេក្ខជនឈរឈ្មោះទាំង ៣ រូបនេះ ប្រធានាធិបតីស្តីទីលោក Ranil ត្រូវបានគេមើល​ឃើញថា ជាគូប្រជែងដ៏មានឥទ្ធិពលមួយរូប។ ដោយឡែក បេក្ខភាពទី ២ ដែលជាសមាជិកសភាគណបក្សកាន់អំណាច លោក Dullas ជាអតីតអ្នកសារព័ត៌មាន មានការគាំទ្រពីក្រុមបាតុករ និង ក្រុមប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្តែ លោកមិនមានបទពិសោធន៍អភិបាលកិច្ចកម្រិតកំពូលណាមួយនៅក្នុងការដោះស្រាយវិបត្តិខ្វះខាតទុនបម្រុង​ក្នុងប្រទេស ដែលកំពុងត្រូវការថវិកាសង្គ្រោះពីមូលនិធិរូបបិយវត្ថុអន្តជាតិ(IMF) ជាខ្លាំងនោះទេ។ រីឯ បេក្ខជនទីបី គឺ លោក Anura ដែលជាមេដឹកនាំគណបក្សឆ្វេងនិយម Janatha Vimukti Peramuna មានសម្លេងត្រឹមតែបីអាសនៈក្នុងសភា ហើយមិនមានឱកាសពិតប្រាកដក្នុងការឈ្នះឆ្នោតនោះទេ។

គួរំឭកបន្ដិចថា ថ្មីៗនេះ ក្រុមអ្នកតវ៉ាក៏បានដុតបំផ្លាញផ្ទះឯកជនរបស់លោក Ranil និងបានសម្រុកចូលការិយាល័យរបស់លោកផងដែរ ប៉ុន្តែមិនអាចបណ្តេញបុរសរូបនេះឱ្យចុះចេញពីតំណែងបានទេ ខណៈលោក Ranil បានអះអាងនៅសប្តាហ៍នេះថា លោកគ្មានហេតុផលអ្វីត្រូវចុះចេញពីតំណែងនោះទេ ដោយសារនៅពេលដែលលោកបានចូលរួមជាមួយរដ្ឋាភិបាលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីក្នុងខែឧសភា សេដ្ឋកិច្ចបានដួលរលំរួចទៅហើយ។

ទោះបីជា រើសបានប្រធានាធិបតីថ្មីក៏ដោយ ប៉ុន្ដែ ប្រទេសស្រីលង្កាទំនងជា មិនទាន់រកឃើញភាពស្ងប់សុខទេ ប៉ុន្ដែ អាចនឹង​មានការផ្ទុះបាតុកម្មតវ៉ាកាន់តែច្រើន ហើយគេក៏នឹងរងចាំមើលថា តើ​លោក រ៉ានីល អាចនឹង​រែកពន់បញ្ហាទាំងនេះ បានយូរប៉ុនណា?




អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចូលអាមេរិកបានបង់ពន្ធគយ ៣២ពាន់លានដុល្លារ ដើម្បីនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិន

ព័ត៌មាន
របាយការណ៍ក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយបានបង្ហាញថា អ្នកនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិនបានបង់ប្រាក់ពន្ធជាង ៣២ពាន់លានដុល្លារ ដោយសារតែការដ…

ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុន ប៊ីអេស លែន &ហូម និងក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម ក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស

ព័ត៌មាន
អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អេសប៊ីអាយ លី ហួរ ម.ក និងលោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ