ប្រទេសចិន

ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងបញ្ចប់គម្រោងផ្ដល់ប្រាក់កម្ចីថ្មីៗដល់ប្រទេសចិន


នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងសារព័ត៌មានជប៉ុន Nikkei ប្រធានធនាគារអភិវឌ្ឍអាស៊ី ADB បាននិយាយថា ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍អាស៊ីនឹងពិចារណាលែងផ្តល់ប្រាក់កម្ចីថ្មីៗដល់ប្រទេសចិនទៀតហើយ ហើយ ADB នឹងចាប់ផ្តើមធ្វើការលើរឿងនេះឱ្យបានរហ័សបំផុតត្រឹម ពោលគឺនៅដើមឆ្នាំក្រោយនេះតែម្ដង។ ហេតុអ្វី ADB ចង់បញ្ឈប់ការផ្ដល់កម្ចីឱ្យចិនតទៅទៀតយ៉ាងដូច្នេះ?
ធនាគារអភិវឌ្ឍន៍អាស៊ីនឹងពិភាក្សាលើការឈប់ផ្តល់កម្ចីឱ្យចិន!
ដោយ

ត្រូវបានស្រង់សំដីដោយផ្ទាល់យកមកចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) និយាយអះអាងថា៖ « ADB ចង់ចាប់ផ្តើមការពិភាក្សានៅឆ្នាំក្រោយ អំពីថាតើចិនអាចបញ្ចប់ការខ្ចីប្រាក់ថ្មីៗពី ADB ដែរឬយ៉ាងណា»។​

តើADB សម្អាងលើហេតុផលអ្វី ទើបចង់លែងផ្ដល់កម្ចីដល់មហាយក្សចិន?

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បច្ចុប្បន្នចិនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក ហើយប្រាក់ចំណូលរបស់ចិន​ក្នុងមួយឆ្នាំៗក៏បានកើនឡើងទៅតាមនោះផងដែរ។ លើសពីនេះ ចិនថែមទាំងបានក្លាយជាអ្នកផ្តល់​ជំនួយហិរញ្ញវត្ថុ និងកម្ចី ដល់ប្រទេសទាំងក្នុង និងក្រៅតំបន់ផ្សេងទៀត។ ហេតុនេះហើយ អ្នកអង្កេតស្ថានការណ៍ជាច្រើននិយាយថា ចិនគួរតែលែងត្រូវការជំនួយ​សេដ្ឋកិច្ច ឬហិរញ្ញវត្ថុពីប្រទេសឬស្ថានប័ននានាទៀតហើយ។​

ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានដល់ប្រទេសចិនដល់​សម្រាប់​រយៈពេល៥ឆ្នាំរាប់ពីឆ្នាំ២០២១ ដល់ ២០២៥ ក្នុងទឹកប្រាក់សរុប ៧,៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានធ្លាក់ចុះពីប្រមាណ ៩ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០១៦ ដល់ ២០២០។ ហេតុនេះហើយនៅឆ្នាំក្រោយឆ្នាំ២០២៣នេះ ADB នឹងពិចារណាថា តើត្រូវបញ្ឈប់ការផ្តល់ឥណទានបន្ថែមដល់ប្រទេសចិនបន្ទាប់ពីបញ្ចប់កាលផ្តល់លើកចុងក្រោយនៅឆ្នាំ២០២៥ ឬយ៉ាងណា។

ប្រធាន ADB លោក Asakawa បានបញ្ជាក់ថា នេះគឺជាលើកដំបូងសម្រាប់ស្ថាប័នរបស់លោក​ក្នុងពិភាក្សាការបញ្ចប់កម្ចីសម្រាប់​ប្រទេសចិន​ពីកម្មវិធីផ្តល់ប្រាក់​កម្ចី​របស់ ADB។

គួរជម្រាបថា ស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ធំមួយនេះ មានការកំណត់លក្ខខណ្ឌច្បាស់លាស់ មុននឹងសម្រេចផ្តល់កម្ចីដល់​ប្រទេសណាមួយ។ ក្នុងនោះលក្ខខណ្ឌចំបងៗ គឺប្រទេសក្នុងតំបន់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដែលពលរដ្ឋម្នាក់ៗ​មានចំណូលជាមធ្យមត្រឹម ៧.៤៥៥ដុល្លារ ឬតិចជាងនេះ និងប្រសិនបើប្រទេសនោះ ជួបការលំបាក​ក្នុងការទទួលបានដើមទុននៅក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ចស្ថិតក្រោមកម្រិត​ជាក់លាក់​មួយដែល ADB កំណត់។

ជាក់ស្តែង សម្រាប់ស្ថានភាពប្រទេសចិន ចំណូលសម្រាប់ពលរដ្ឋចិនម្នាក់ៗ គឺមានលើសពី ៧.៤៥៥ដុល្លារ ទៅហើយ ខណៈដែលប៉េកាំងមិនមាន​ការលំបាកក្នុងការប្រមូល​មូលនិធិនៅក្នុងទីផ្សារ​អន្តរជាតិនោះដែរ។ ទោះយ៉ាងណា ADB នឹងបន្តវាយតម្លៃថា តើប្រទេសចិននៅតែបំពេញតាមលក្ខណៈវិនិច្ឆ័យផ្សេងទៀតដែរឬទេ។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីអះអាងថា ការពិនិត្យពិច័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិនបញ្ចប់ការផ្ដល់កម្ចីថ្មីៗ​ដល់​ប្រទេសចិនគឺជារឿងចាំបាច់ណាស់។ ចាំបាច់ក៏ដោយសារតែ ADB មើលឃើញថា កម្រិតនៃសន្តិសុខ សុខមាលភាព​សង្គមនៅក្នុងប្រទេសចិន មានភាពខុសប្លែកគ្នា ខ្លាំងណាស់រវាងនៅទីក្រុងធំៗ​ដូចជាទីក្រុងសៀងហៃ និងតំបន់ជនបទដាច់ស្រយាល។

របាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី​បង្ហាញថា គិតត្រឹមឆ្នាំ២០២១ សមតុល្យប្រាក់កម្ចីរបស់ ADB សម្រាប់ប្រទេសចិនមានជិត ២០ពាន់លានដុល្លារឯណោះ។ ចំ​នួននេះធ្វើឱ្យចិនក្លាយ​ជាអ្នកខ្ចីប្រាក់ពី ADB ធំបំផុតលំដាប់ទីពីរ​បន្ទាប់ពីប្រទេសឥណ្ឌា។ ទន្ទឹមនេះបើគេគិតតែក្នុងឆ្នាំ២០២១តែឯង ប្រទេសចិនបានទទួលឥណទានថ្មីចំនួន ១,៨ពាន់លានដុល្លារ និងបានក្លាយជាអ្នកទទួលបាន​ឥណទានប្រចាំឆ្នាំធំបំផុតលំដាប់ទី៥ ពីADB បន្ទាប់ពីឥណ្ឌា ប៉ាគីស្ថាន និងប្រទេសមួយចំនួនទៀតក្នុងតំបន់៕




អត្ថបទបន្ទាប់


ក្រោយអស់លទ្ធភាពសងបំណុល រដ្ឋាភិបាលស្រីលង្កាស្នើសុំឱ្យជប៉ុន ជួយបើកកិច្ចចរចាជាមួយម្ចាស់បំណុលសំខាន់ៗរបស់ខ្លួន

ព័ត៌មាន
ប្រទេសស្រីលង្កានឹងស្នើសុំឱ្យប្រទេសជប៉ុនអញ្ជើញប្រទេសម្ចាស់បំណុលសំខាន់ៗផ្សេងៗទៀតរបស់ស្រីលង្ការួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ដើម្បីពិភាក្សាពីកា…

រុស្ស៊ីក្លាយជាទីផ្សារធំទី៣ សម្រាប់ការទូទាត់ប្រាក់យន់របស់ចិន ចំពេលរងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីប្រទេសដែលមានប្រើប្រាស់ប្រាក់យន់ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសចិនសម្រាប់ការទូទាត់ជាសាកល ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ