វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ក្រោយអស់លទ្ធភាពសងបំណុល រដ្ឋាភិបាលស្រីលង្កាស្នើសុំឱ្យជប៉ុន ជួយបើកកិច្ចចរចាជាមួយម្ចាស់បំណុលសំខាន់ៗរបស់ខ្លួន


ប្រទេសស្រីលង្កានឹងស្នើសុំឱ្យប្រទេសជប៉ុនអញ្ជើញប្រទេសម្ចាស់បំណុលសំខាន់ៗផ្សេងៗទៀតរបស់ស្រីលង្ការួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ដើម្បីពិភាក្សាពីការរៀបចំរចនាសម្ព័ន្ធបំណុលទ្វេភាគីឡើងវិញ ខណៈដែលប្រទេសនេះកំពុងស្វែងរកច្រកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយបច្ចុប្បន្នស្រីលង្កាក៏ទើបតែត្រូវបានស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ S&P ចាត់ថ្នាក់ថា បានបរាជ័យក្នុងការសងបំណុលផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រដ្ឋាភិបាលស្រីលង្កាស្នើសុំឱ្យជប៉ុន ជួយបើកកិច្ចចរចាជាមួយម្ចាស់បំណុលសំខាន់ៗរបស់ខ្លួន

ប្រធានាធិបតីស្រីលង្កា​លោក​ Ranil បានអះអាង​នៅក្នុង​កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា វា​ចាំ​បាច់​ត្រូវ​តែ​​​​មាននរណាម្នាក់​ជួយ​​ហៅ និង​​អញ្ជើញ​ប្រទេសម្ចាស់​បំណុល​សំខាន់​ៗ​​របស់​ស្រីលង្កា​​ ហើយ​​ប្រទេស​នេះ​នឹង​ពឹង​ឱ្យ​​ប្រទេស​​ជប៉ុនដែលជាម្ចាស់បំណុល​ដ៏ធំជាងគេរបស់ខ្លួន ជួយ​​​បើការកិច្ចសន្ទនា​ជាមួយភាគីម្ចាស់បំណុល​ផ្សេងៗទៀត។ ជាមួយគ្នានេះ ​លោក Ranil នឹងធ្វើដំណើរទៅទីក្រុងតូក្យូនៅខែក្រោយនេះតែម្ដង ​ដើម្បីជួប​ជាមួយនាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Fumio Kishida ដើម្បី​ពិភាក្សា​ពី​កិច្ច​ការ​នេះ​។

ប្រទេសស្រីលង្កាដែល​​មានប្រជាជនចំនួន ២២លាននាក់​ស្ថិត​នៅ​ភាគខាងត្បូង​​​​ប្រទេស​​ឥណ្ឌា​នេះ​​កំពុង​ប្រឈម​នឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុត​​មិន​ធ្លាប់​មាន​ចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨​មក ​ដោយ​សារ​តែ​ផលប៉ះពាល់រួមគ្នា​នៃ​ជំងឺ​រាតត្បាត​ COVID-19 និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​​មិន​បាន​ត្រឹមត្រូវ។

លោក អ៊ូឌីសាន ចូណាស (Udeeshan Jonas)​ ប្រធានអ្នករៀប​ចំ​យុទ្ធសាស្រ្ត​​របស់​ធនាគារវិនិយោគ​ CAL Group ​មានមូលដ្ឋាននៅទីក្រុងកូឡុំបូ​​ប្រទេស​ស្រីលង្កា​​​បាននិយាយថា ​ផែនការ​​របស់​លោក​​ប្រធានាធិបតី Ranil ទៅកាន់ប្រទេសជប៉ុន​នេះ​​អាចជួយទទួលបានមូលនិធិ​បន្ថែម​ទៀត​នៅពេល​​ផែនការរៀបចំ​រចនាសម្ព័ន្ធឡើងវិញ​​បានសម្រេច​មែន​​នោះ​។

លោក Jonas បាននិយាយថា ដោយ​ជប៉ុន​​ជា​សមាជិកមួយ​​​នៃ​ក្រុម​​ប្រទេស Quad ​ដូច្នេះ ​ជប៉ុន​​អាចនឹង​​នាំ​ប្រទេសឥណ្ឌា ​និងម្ចាស់បំណុល​ទ្វេភាគីសំខាន់ៗ​ផ្សេងទៀត​នៅ​ក្នុង​ក្រុម​ប្រទេស​នេះ​​មកជាមួយ​​ផង​ដែរ ដូច​ជា​អាមេរិក និង​​អូស្ត្រាលីជា​ដើម​​ ហើយ​ស្រីលង្កាអាចធ្វើការ​លើ​​ផែន​ការ​​រៀបចំរចនាសម្ព័ន្ធឡើងវិញ​ដែលនឹង​គ្របដណ្តប់​​ទៅ​លើ​​ផ្នែក​​បំណុល​ជា​ច្រើន។​

លោកប្រធានាធិបតីស្រីលង្កា អះអាងដែរថា ពេល​នេះ​ស្រីលង្កា​ក៏​កំពុងតែ​ជជែក​ពិភាក្សា​ជា​មួយ​ប្រទេស​ចិន​ផង​ដែរ​ ហើយ​ ក៏កំពុង​មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែរ។

យោងតាមរបាយការណ៍កាល​ពី​ខែមីនា​​បានឱ្យដឹងថា ​បំណុលទ្វេភាគីសរុបរបស់​​ស្រីលង្កា​ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ​​ប៉ាន់ប្រមាណថា​មាន​ចំនួន ជាង៦ពាន់២រយលានដុល្លារ​នៅចុងឆ្នាំ​២០២០ដែល​ក្នុង​នោះបាន​ជំពាក់​បំណុល​របស់​​​​​​ប្រទេសជប៉ុន និងចិន​​ច្រើនជាងគេ។​ យ៉ាងណាមិញ ​​គ្រាន់​តែ​នៅឆ្នាំ​២០២២​នេះ ប្រទេស​ឥណ្ឌា​​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា ៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួយ​រក្សា​សេដ្ឋកិច្ច​របស់​ស្រីលង្កាឱ្យ​នៅ​មាន​ស្ថិរ​ភាព ​​​​ដោយ​​ផ្ដោត​សំខាន់​លើ​ផ្នែក​ឥណទាន និង​ការ​ដោះដូរ​​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​​ទៀត​ ហើយ​​​​​ប្រទេស​ស្រីលង្កា​ក៏​បាន​ជំពាក់​បំណុល​​មូលបត្រ​​បំណុល​អន្តរជាតិ​ចំនួន ១៤ ពាន់​លាន​ដុល្លារ​ផង​ដែរ។​​

ក្រៅតែ​ពីស្វែងរកជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន​ហើយ​នោះ​​ ស្រីលង្កាក៏កំពុង​ចរចាជាមួយ​មូល​និធិ​ IMF ដើម្បីទទួលបាន​កញ្ចប់ប្រាក់កម្ចីដែលមានតម្លៃចន្លោះ​ពី​ ២ ពាន់​លានដុល្លារ​ទៅ ៣ ពាន់លានដុល្លារ​បន្ថែមទៀត​​ ហើយក្រុម​មន្ត្រី​មូលនិធិ IMF ត្រូវ​គេរំពឹង​ថា ​នឹង​ទៅ​​ប្រទេស​នេះ​នៅ​ចុង​ខែ​សីហា​នេះ ​ដើម្បី​បន្ត​កិច្ច​ពិភាក្សា​ពី​ប្រាក់​កម្ចី​នេះ​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង និងលោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលG20 នៅឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ

ព័ត៌មាន
បើតាមទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែសីហាថា កំពូលមេដឹកនាំចិន និងរុស្ស៊ី គឺលោក ស៊ី ជីនពីង និងលោក…

ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងបញ្ចប់គម្រោងផ្ដល់ប្រាក់កម្ចីថ្មីៗដល់ប្រទេសចិន

ព័ត៌មាន
នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងសារព័ត៌មានជប៉ុន Nikkei ប្រធានធនាគារអភិវឌ្ឍអាស៊ី ADB បាននិយាយថា ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍អាស៊ីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ