ប្រទេសស្រីលង្កា

មានក្ដីបារម្ភកាន់តែខ្លាំងឡើងថា ស្រីលង្កាជាប់អន្ទាក់បំណុលចិន ខណៈក្រុងប៉េកាំងបង្កើនការវិនិយោគឥតឈប់


កំណើននៃការវិនិយោគពីប្រទេសចិន រួមទាំងគម្រោងរោងចក្រចម្រាញ់ប្រេងតម្លៃច្រើនពាន់លានដុល្លារ កាលពីចុងឆ្នាំ២០២៣ ផងនៅក្នុងប្រទេសស្រីលង្កា កំពុងបង្កជាចម្ងល់ដ៏ធំ និងចោទជាសំណួរថា តើមហាយក្សចិន មានឥទ្ធិពលខ្លាំងកម្រិតណាមកលើប្រទេសដែនកោះមួយនេះ? ការចោទសួរនេះកើតមានឡើង ខណៈស្រីលង្កា កំពុងព្យាយាមរៀបចំបំណុលដ៏ច្រើនឡើងវិញ និងប្រឹងប្រែងងើបពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងនាមជាប្រទេសឯករាជ្យ។
ប្រទេសស្រីលង្កា
ដោយ

ប្រទេសចិន គឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតសម្រាប់ស្រីលង្កា ដែលកាលពីខែឧសភា ឆ្នាំ២០២២ បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបទី១ នៅតំបន់អាស៊ី ដែលបានខកខានទូទាត់បំណុលរបស់ខ្លួនក្នុងរយៈពេល២ទសវត្សរ៍មកនេះ។ កម្ចីរបស់ប្រទេសចិន គឺសម្រាប់យកទៅអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន រួមមាន គម្រោងផ្លូវហាយវេ គម្រោងអាកាសយានដ្ឋាន និងគម្រោងកំពង់ផែជាដើម។

បំណុលរបស់ស្រីលង្កា បានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលរដ្ឋាភិបាលស្រីលង្កា ចាប់ផ្តើមបង្កើនការខ្ចីប្រាក់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ខណៈប្រទេសនេះទើបតែងើបពីសង្គ្រាមស៊ីវិល។ ប្រទេសស្រីលង្កា បានក្លាយជាអ្នកគាំទ្រគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ដ៏ធំមហិមារបស់មហាយក្សចិន តាំងពីដើមឆ្នាំ២០១៣ ហើយក្រុមអ្នករិះគន់ប្រទេសចិន បានអះអាងថា ប្រទេសស្រីលង្កា បានធ្លាក់ចូលក្នុង “អន្ទាក់បំណុល” របស់ប្រទេសចិន តាមរយៈការទទួលយកកម្ចីដែលមិនប្រកបដោយនិរន្តរភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និងអនុញ្ញាតឱ្យក្រុងប៉េកាំង បញ្ចេញឥទ្ធិពលជាយុទ្ធសាស្ត្រ ឬផ្នែកយោធាតាមរយៈការរឹបអូសទ្រព្យសម្បត្តិជាដើមនៅស្រីលង្កា ក្នុងពេលមានវិបត្តិហិរញ្ញវត្ថុ។

ជាការឆ្លើយតបទៅនឹងការរិះគន់ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីឆ្នាំមុនថា ប្រទេសចិន សុំច្រានចោលដាច់ខាតនូវការអះអាងដែលថា ខ្លួនកំពុងដាក់អន្ទាក់បំណុល។ អ្នកនាំពាក្យដដែលរូបនេះអះអាងថា ប្រទេសចិន មិនដែលបង្ខំភាគីណាមួយឱ្យខ្ចីប្រាក់ ឬក៏ជំរុញឱ្យប្រទេសណាមួយទទួលយកបំណុលនោះឡើយ ហើយចិន ក៏មិនបានភ្ជាប់លក្ខខណ្ឌនយោបាយណាមួយទៅនឹងកិច្ចព្រមព្រៀងប្រាក់កម្ចី និងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយណាមួយនោះដែរ។

ទន្ទឹមនឹងប្រទេសចិន បង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយរៀបចំឡើងវិញនូវកម្ចីបរទេសជាង៣៦ពាន់លានដុល្លារ របស់ប្រទេសស្រីលង្កា ប្រទេសចិន ក៏កំពុងតែបង្កើនការវិនិយោគផ្ទាល់របស់ខ្លួននៅក្នុងប្រទេសនេះផងដែរ។

កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសស្រីលង្កា បានអនុម័តសំណើរបស់ក្រុមហ៊ុនប្រេង Sinopec ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ដែលសុំសាងសង់រោងចក្រចម្រាញ់ប្រេងមួយតម្លៃជាង៤,៥ពាន់លានដុល្លារ នៅកំពង់ផែហេមបានតូតា (Hambantota) នៅភាគខាងត្បូងស្រីលង្កា ជាការវិនិយោគធំបំផុតនៅក្នុងប្រទេសនេះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០២២។

លោក តូស៊ីរ៉ូ នីស៊ីហ្សាវ៉ា (Toshiro Nishizawa) សាស្ត្រាចារ្យនៅសាលាគោលនយោបាយសាធារណៈនៃសកលវិទ្យាល័យក្រុងតូក្យូបាននិយាយថា ប្រសិនបើសំណើរខាងលើទទួលបានជោគជ័យ ការវិនិយោគលើរោងចក្រចម្រាញ់ប្រេងនេះនឹងអាចជួយប្រទេសស្រីលង្កា ក្នុងរយៈពេលយូរ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា គម្រោងនេះអាចជាការបើកផ្លូវដ៏សំខាន់សម្រាប់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ចូលទៅគ្រប់គ្រងសេដ្ឋកិច្ចរបស់ស្រីលង្កា។

ប្រទេសឥណ្ឌា និងសហរដ្ឋអាម៉េរិក ក៏បានចាត់វិធានការផងដែរ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន។ ជាក់ស្ដែងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន៥៥៣លានដុល្លារ សម្រាប់ការអភិវឌ្ឍស្ថានីយកុងតឺន័រនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដែលដំណើរការដោយមហាសេដ្ឋីឥណ្ឌា លោក ហ្គោតាម អាដានី (Gautam Adani)៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគរបស់ជប៉ុននិងកូរ៉េធ្លាក់ចុះខ្លាំងនៅចិន តើក្រុងប៉េកាំងអាចស្វែងរកចំណុចរួមមួយលើពាណិជ្ជកម្មបានដែរទេ?

ព័ត៌មាន
ស្របពេលចិន កំពុងស្វះស្វែងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្រោយការវិនិយោគ និងរំហូរមូលធនធ្លាក់ចុះ ភាពតា…

សម្តេច ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចនៅបារាំង ខណៈបារាំងចង់ឃើញទស្សនកិច្ចនេះធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

ព័ត៌មាន
តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ