ទិន្នផលស្រូវធន់នឹងទឹកសមុទ្រចិន

ចិនបានបំបែកកំណត់ត្រាមួយទៀត ដោយទិន្នផលស្រូវធន់នឹងទឹកសមុទ្រកើនឡើងទ្វេដងក្នុងរយៈពេល៣ឆ្នាំ


ជាទូទៅសម្រាប់តំបន់សមុទ្រ ដែលមានទឹកប្រៃ គេគេមិនអាចនឹងធ្វើស្រូវបានផលនោះទេ ប៉ុន្ដែ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសម្រេចកំណត់ត្រាថ្មីមួយទៀតសម្រាប់ការផលិតពូជស្រូវដែលអាចដាំដុះបាននៅតំបន់ដែលមានទឹកប្រៃ ដោយទទួលបានទិន្នផលទ្វេដងនៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ នេះដំណោះស្រាយ ដ៏សំខាន់មួយនៅពេលដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែងក្នុងការធានាបាននូវសន្តិសុខស្បៀងអាហារ។ នេះបើតាមការចេញផ្សាយរបស់កាសែតចិន The South China Morning Post។
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសម្រេចកំណត់ត្រាថ្មីមួយទៀតសម្រាប់ការផលិតពូជស្រូវដែលអាចដាំដុះបាននៅតំបន់ដែលមានទឹកប្រៃ ដោយទទួលបានទិន្នផលទ្វេដងនៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជ​ស្រូវ​ដែល​ធន់​នឹង​ដី​មាន​ជាតិ​ប្រៃ​នៅទី​ក្រុង​ឈីង​ទាវ​ (Qingdao)​ នៅភាគខាងកើតនៃខេត្ត​សាន​ទុង​​ប្រទេសចិន​​បាន​និយាយ​ថា ទិន្នផល​ស្រូវដែលអាចដាំនៅលើដីមានទឹកសមុទ្រប្រៃ គឺជាពូជ​ស្រូវ​ថ្មីមួយប្រភេទ ដែលទើបបានរកឃើញនោះ បានផ្ដល់នូវទិន្នផល​កើនឡើងទ្វេ​ដង​នៅ​ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។​

ទិន្នផល​ស្រូវប្រភេទនេះ បានកើនឡើងជិតទ្វេដង ពោលគឺបានកើនដល់ ៨,៨ តោនក្នុងមួយហិកតា​កាលពីឆ្នាំមុន​ ហើយបានកើនឡើង​បន្ថែមទៀតដល់​ជាង ១០ តោនក្នុងមួយហិកតា​​ក្នុងឆ្នាំ​២០២២។​ នេះបើយោងតាមការចុះផ្សាយរបស់កាសែត​ Science and Technology Daily ដែលគ្រប់គ្រងដោយរដ្ឋ​ចិន​កាលពីថ្ងៃទី ១២ ខែតុលា។​

ស្រូវធន់នឹងទឹកប្រៃនេះ ត្រូវបានរកឃើញដោយ លោក យ៉ូន ឡុងពីង (Yuan Longping) ដែលជាបិតាស្ថាបនិក​ពូជស្រូវកូនកាន់ របស់ចិន ហើយបើទោះបីជា លោក​បាន​ទទួលមរណៈភាពក្នុងឆ្នាំ២០២១ ក្នុងវ័យ៩០ឆ្នាំទៅហើយ​ក្ដី ប៉ុន្ដែ​ការងារ​ស្រាវជ្រាវ​ពូជស្រូវនេះ នៅតែបន្ដ ដោយលោកមានធ្លាប់មានផែនការនឹងពង្រីកការដាំស្រូវធន់នឹងទឹកប្រៃនេះឲ្យបានដល់ជិត​៦៧ម៉ឺនហិកតានៅឆ្នាំ២០២២។​ បន្ថែមពិនេះ នៅរយៈពេល ៨ ទៅ១០ឆ្នាំខាងមុខ លោក យ៉ូន មានគោលដៅដាំស្រូវនេះ ឲ្យបានដល់៧លានហិកតា ដែលអាចនឹងចិញ្ចឹមប្រជាជនបាន​៨០លាននាក់ ខណៈដែលគិតត្រឹម​ឆ្នាំ២០២១ ការដាំដុះស្រូវធន់នឹងទឹកប្រៃនេះ ទើបតែមានផ្ទៃដីប្រមាណ ​៤០ម៉ឺនហិកតាប៉ុណ្ណោះ។

កាសែត​ចិនដដែលនេះ​​បាន​របាយការណ៍ទៀត​ថា លទ្ធផល​នេះ​​បានបំបែកកំណត់ត្រា​កាលពីឆ្នាំមុន​ និង​កំណត់​​សញ្ញាថ្មី​មួយ​សម្រាប់ស្រូវ ដែលអាច​ធន់នឹងសារ​ជាតិទឹក​ប្រៃ និង​អាច​លូតលាស់​បាន​នៅ​ក្នុង​បរិយាកាស​ដែលមានកំហាប់​អំបិល ៤ ក្រាមនៅ​​ក្នុង​១គីឡូក្រាម។​

ការ​បង្កើត​បាន​ពូជ​ស្រូវ​ក៏​កម្រ​នេះ ​​គឺជាដំណឹងល្អសម្រាប់ប្រទេសចិន​ដែលមានបំណង​ការពារសន្តិសុខស្បៀងរបស់ខ្លួន​ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​កើនឡើង ​និងរំខាន​ដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារពិភពលោក។​

លោក វ៉ាន ជីលី ​(Wan Jili)​ ជា​អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលស្រាវជ្រាវនៅទីក្រុង​ឈីង​ទាវ​​បាននិយាយថា ទិន្នផល​ស្រូវកូនកាត់​​ជាទូទៅទទួល​បាន​ផល​ខ្ពស់ជាងដំណាំធម្មតា​​​ដោយប្រភេទស្រូវ​កូនកាត់​មួយ​​អាច​សម្រេច​​បាន​​ទិន្ន​ផល​ដល់ ១០​ តោនក្នុងមួយហិកតា​​ក្នុងឆ្នាំ២០១៧​​នៅ​ក្រោម​ប្រព័ន្ធ​ធារាសាស្រ្ត​ ដែល​មាន​សារ​ជាតិ​ប្រៃ​​៦%។​

លោក វ៉ាន បាន​អះអាងថា ស្រូវ​ធម្មតា ២​ប្រភេទ​ដែល​បាន​សាកល្បង​ គឺ​បាន​បង្ហាញ​លទ្ធ​ផល​​​ជាក់​ស្ដែង ​ហើយប្រភេទស្រូវ​​នេះ​​​មាន​សក្ដានុពល​​ដ៏​ធំ​សម្រាប់​ការ​ដាំ​ដុះ។ មជ្ឈមណ្ឌលនេះ​នឹងបន្តច្នៃប្រឌិត និងអភិវឌ្ឍធនធានគ្រាប់ពូជដែលមានគុណភាពខ្ពស់បន្ថែមទៀតដើម្បីជួយការពារសន្តិសុខស្បៀង និងធ្វើ​ជា​អាហារ​​របស់ប្រទេសចិន។​

ប្រទេសចិន​មានប្រជាជនប្រហែល១ភាគ៦នៃចំនួនប្រជា​ជន​ក្នុង​ពិភពលោក​ ​ខណៈ​ដែលប្រទេសនេះ មាន​ផ្ទៃ​ដីស្ងួត​បែក​ក្រហែង​​ប្រហែល ១០០ លានហិកតា​ ហើយក្នុងនោះ​មាន​ជិត ​៧ លាន​ទៅ ១៣ លានហិក​តាអាចត្រូវបានកែច្នៃ​សម្រាប់ការដាំដុះស្រូវ ​និង​ដំណាំ​ផ្សេងៗ​​ទៀត​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កត្តាអ្វីនាំឲ្យប្រាក់យ៉េនជប៉ុនបន្តដាំក្បាលចុះកាន់តែខ្លាំង ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងជាង៣ទសវត្សរ៍ចុងក្រោយ?

ព័ត៌មាន
តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ដល់កម្រិតទាបខ្លាំងមែនទែន ក្នុងហាងឆេងប្តូរប្រាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលា ដែលវាត្រូវបានគេចាត់ទុកថា ជាក…

កូរ៉េខាងជើងដុតកម្ដៅនៅឧបទ្វីកូរ៉េកាន់តែខ្លាំង ដោយបានមីស៊ីលចូលសមុទ្រជាថ្មីទៀត និងបង្ហាញសាច់ដុំយន្តហោះចម្បាំងក្បែរព្រំដែនកូរ៉េខាងត្បូង

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ទី ១៤ តុលា បានសាកល្បងបាញ់មីស៊ីលផ្លោងប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ