មហាសេដ្ឋី​កម្ពុជា

តារាជំនួញ «អាត់កឺ​របស់កម្ពុជា» អ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើម​សាងសង់​គម្រោង​ទីក្រុង​រណប​ទី៣ របស់ខ្លួន!


អ្នកឧកញ៉ា ពុង ឃាវសែ អាចនិយាយបានថា គឺជាអ្នកជំនួញជើងចាស់មួយរូប នៅកម្ពុជា ដែលមានវិនិយោគរកស៊ីពហុវិស័យ។ ក្រៅពីជំនួញធំៗជាច្រើនរាប់មិនអស់ អ្វីដែលជាការវិនិយោគដ៏លេចធ្លោខ្លាំងបំផុត របស់តារាជំនួញអាត់កឺរូបនេះ គឺគម្រោងសាងសង់ទីក្រុងរណបធំៗ ដែលពោរពេញដោយមហិច្ឆតា ខណៈបច្ចុប្បន្ន លោកមានទីក្រុងរណបចំនួន៣ ដែលបាននិងកំពុងអភិវឌ្ឍ។
តារាជំនួញ អាត់កឺ របស់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ចាប់ផ្ដើមសាងសង់គម្រោងទីក្រុងរណបទី៣ របស់ខ្លួន!
ដោយ

គម្រោងទីក្រុងរណប​ទាំងបី របស់​អ្នកឧកញ៉ាពុង​ ឃាវសែ

អ្នកឧកញ៉ា ពុង ឃាវសែ អាចនិយាយ​បានថា គឺជា​វិនិយោគិន​ខ្មែរ​មួយរូបគត់ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​​សាងសង់​ទីក្រុងរណប​ធំៗ​ច្រើន​ជាងគេ​នៅតំបន់​ក្បែរ​រាជធានី​ភ្នំពេញ។ ជាក់ស្ដែង គិតមកទល់​ពេលនេះ ទីក្រុងរណប​ដែលលោក​បាន​និង​កំពុង​សាងសង់​មានចំនួន ៣ហើយ ដែលមាន​ដូចខាងក្រោមនេះ ៖

១, នៅរាជធានីភ្នំពេញ កោះពេជ្រ គឺជាទីក្រុង​រណប​មួយ ដែលមាន​ការពេញ​និយម និងជោគជ័យ​ខ្លាំង​លើការ​អភិវឌ្ឍ ដោយបច្ចុប្បន្ន គម្រោងអគារ​ខ្ពស់ៗជាច្រើន បាននិងកំពុង​ផុសឡើង​កាន់តែច្រើនឡើងៗ​នៅក្នុង​តំបន់នោះ។ ទីក្រុងរណប​មួយនេះ គឺជា​គម្រោងទីក្រុងរណបទី១ ដែល​អ្នកឧកញ៉ា ពុង ឃាវសែ បាន​ចាប់ផ្ដើម​អភិវឌ្ឍ។ ទីក្រុង​រណប​កោះពេជ្រ ដែល​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់​ទាញ​បំផុត​សម្រាប់​រាជ​ធានី​ភ្នំពេញ ជា​ទីកន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ដូចជា អគារ​ស្នាក់​នៅ​រួម ខុនដូ ផ្សារ​ទំនើប សណ្ឋាគារ ដែល​ភាគ​ច្រើន​វិនិយោគ​ដោយ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

២, ទីក្រុងរណប​ជ្រោយចង្វារ គឺជា​គម្រោងទីក្រុងរណប​ធំទី២ របស់​មហាសេដ្ឋកិច្ច​អាត់កឺរូបនេះដោយ​មាន​ តម្លៃទុន​​ចុះ​បញ្ជី​ទុន​វិនិយោគ ១.៦០០​លាន​ដុល្លារ​អាមេរិក​ ផ្ទៃ​ក្រឡា​សាងសង់មាន​ទំហំ ៣៨៧​ហិកតា​ស្ថិត​នៅ​សង្កាត់​ទន្លេ​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ។

បច្ចុប្បន្ន គម្រោង​​ទីក្រុង​​រណប​​មួយ​នេះ​បាន​​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​តភ្ជាប់​​ខ្វាត់​ខ្វែង និង​សាងសង់​ផ្ទះ​ល្វែង​មួយ​ចំនួន​ ព្រមជាមួយ​មាន​ការសាងសង់​នូវ​តំបន់​កម្សាន្ដ​ជាច្រើន​ផងដែរ។ 

តាម​ផែនការ​ ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ក្នុង​គម្រោង​ប្លង់មេ និង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណីតៗ អគារ​ស្នាក់​នៅ​រួម និង កន្លែងកំសាន្តផ្សេងៗទៀត។ តាម​ការ​ប៉ាន់​ស្មាន នឹង​​បពា្ចប់​គម្រោង​សាងសង់​ក្នុង​ឆ្នាំ​២០២៦។

៣, ទីក្រុងរណបកោះនរា គឺជាគម្រោង​ទីក្រុងរណប​ទី៣ របស់​អ្នកឧកញ៉ា ពុង ឃាវសែ ដែលបាន​ចាប់ផ្ដើម​សាងសង់​តាំងពីខែមករា​ឆ្នាំ២០២០ ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​កម្ពុជា។

តាមការ​អះអាង​របស់​អ្នកឧកញ៉ា ពុង ឃាវសែ​ទីក្រុងរណប​កោះនរាមាន​ទំហំ​ផ្ទៃដី ១២៥ ហិកតា ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន OCIC បាន​បុកគ្រឹះបេតុង ចាក់ខ្សាច់ និងថ្ម ដើម្បី​សាងសង់​ច្រាំងទន្លេ និងហេដ្ឋា​រចនាសម្ព័ន្ធ ដោយមក​ទល់ពេលនេះ សម្រេច​បាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ​២៧% នៃ​គម្រោង​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​រយៈពេល ៣ឆ្នាំ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៥៥០​លាន​ដុល្លារអាមេរិក។

អ្នកឧកញ៉ា ពុង ឃាវសែ (រូបភាព៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ)

គម្រោង​ទីក្រុងរណប​កោះនរានេះ អាចអនុញ្ញាត​ឲ្យពលរដ្ឋបានដល់​ ៥ម៉ឺននាក់​រស់នៅ ដោយគ្រោង​នឹង​ចំណាយ​ថវិកាសរុប​ ២.៥០០លាន​ដុល្លារអាមេរិក។ ដោយឡែក សម្រាប់​ការចំណាយ​៥៥០ លាន​ដុល្លារ សម្រាប់​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល​៣ឆ្នាំដំបូង គេរំពឹងថា នឹងចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២២៥លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលស្មើនឹង​០,៩% នៃ GDP នាពេល​បច្ចុប្បន្ន។

គម្រោងនេះ អាចនឹង​ត្រូវការ​កម្លាំងពលកម្ម​ប្រមាណ ៧០០នាក់ និងអាច​កើនដល់​៧​ពាន់នាក់ នៅពេល​មាន​សកម្មភាព​សាងសង់ពេញ​ទំហឹង។ នៅពេល​បញ្ចប់​ការសាងសង់​ទីក្រុង​រណប​កោះនរានេះ នឹង​អាច​បង្កើត​ការងារ​បាន​ដល់ជាង ១ម៉ឺន​កន្លែង។

អាណាចក្រ​ជំនួញ និងការវិនិយោក​ផ្សេងទៀត​របស់​អ្នកឧកញ៉ាពុង ឃាវសែ

ក្រៅពី​ការវិនិយោគ​សាងសង់​នូវ​គម្រោង​ទីក្រុងរណប​ធំៗ​ទាំងបី​កន្លែងនេះ អ្នកកឧកញ៉ា ពុង ឃាវសែ ក៏ស្នាដៃ​ដ៏លេចធ្លោ​មួយទៀត គឺការអភិវឌ្ឍគម្រោងអាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​ថ្មី ដែលស្ថិត​នៅក្នុង​ខេត្ត​កណ្ដាល ដែល​មានចម្ងាយ​ប្រហែល​២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានផ្ទៃដីសរុប​២.៦០០ ហិកតា។ តាមផែនការ នៅក្នុងដំណាក់កាលទី១ គម្រោងនេះ នឹងចំណាយ​ថវិកា​សាងសង់​ប្រមាណ ១.៥០០ លាន​ដុល្លារ (មិនគិតពីតម្លៃដី) និងអាច​ទទួលបាន​ភ្ញៀវធ្វើដំណើរ ១៣ លាននាក់​ក្នុងមួយឆ្នាំ។

បើនិយាយពី​មុខជំនួញ​ដំបូង នៅកម្ពុជា ​ធនាគារ​កាណាឌីយ៉ា  គឺជា​មុខ​ជំនួញ​ដំបូង​គេ​របស់​អ្នកឧកញ៉ា ពុង ឃាវសែ  ក្រោយពីលោក វិល​ត្រឡប់​ពីប្រទេស​កាណាដា មករស់​នៅក្នុង​ទឹកដីកំណើត។ ​បច្ចុប្បន្ន​ធនាគារ កាណាឌីយ៉ា មាន​រហូត​ដល់​ទៅ ជាង ៦០ សាខា​ទូទាំង​​ប្រទេស និង មាន​សាខា នៅ​ប្រទេស​ឡាវផងដែរ ជាមួយនឹង​ទ្រព្យសកម្ម​របស់ធនាគារប្រមាណ៦,៥ពាន់លាន​ដុល្លារ និងមានបុគ្គលិក​បម្រើការ​ដល់ទៅជាង​៣ពាន់នាក់។

ក្រៅពីនេះ លោក​ក៏​មាន​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Cambodia-​Vietnam Insurance Plc. ជា​បន្ត​បន្ទាប់។ លោក​បាន​វិនិយោគ​ទៅ​លើ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​មាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រមាណ​ជិត ៥០​រោងចក្រ បូករួម​ជាមួយ​នឹង​ផ្សារ ឃ្លាំង​ស្តុក​ទំនិញ ជា​ច្រើន​ទៀត។

លើសពីនេះទៀត ក្រុមហ៊ុន​របស់​អ្នកកឧកញ៉ា​ក៏បាន​វិនិយោគ​សាង់សង់​បុរីលំនៅដ្ឋាន និងផ្សារទំនើប​ជាច្រើន​កន្លែងផងដែរ។

បច្ចុប្បន្ន អ្នក​ឧកញ៉ា ពុង ឃាវសែ មាន​តួនាទី​សំខាន់ៗ​ជា​ច្រើន ដូចជា ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា, ជាអគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC), ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា, ប្រធាន​សមាគម ខែ្មរ-ចិន និង​តួនាទី​ជា​ច្រើន​ទៀត៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ​ទំនើប​មួយទៀត ឈ្មោះ​ View Park Mall នឹងផុសឡើង​នៅកណ្ដាល​រាជធានី​ភ្នំពេញ នៅឆ្នាំក្រោយនេះ

ព័ត៌មាន
នៅដើម​ឆ្នាំ​២០២១​ខាង​មុខ​នេះ អ្នករស់នៅទីក្រុងភ្នំពេញ​នឹង​មាន​ជម្រើសទិញទំនិញមួយបន្ថែម​ទៀត​ នៅ​ពេល​ដែល​ផ្សារ​ទំនើប View Park Mall ប...

អង្គរហ្គ្រីន​ជួយ​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ធ្ងន់ធ្ងរ

ព័ត៌មាន
ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ