អចលនទ្រព្យ-​វិនិយោគទុន

មហាសេដ្ឋី ពុង ឃាវសែ គ្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ


ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏ដូចជា​ក្រៅ​ប្រទេស គឺ មហាសេដ្ឋី ឧកញ៉ា ពុង ឃាវ សែ គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​រណប​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ថ្មី​មួយ​ទៀត​ដែល​នឹង​ផុស​ចេញ​រូបរាង​ឡើង ពី​ដែន​ទឹក​កោះ​នរា ខាង​កើត​ទីក្រុង​កោះពេជ្រ លាត​សន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ។
អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សម្ព័ន្ធ កាណាឌីយ៉ា
ដោយ

បើយោង​តាម​ប្រភព​ព័ត៌មាន និង​ឯកសារ​ដែល​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស ដែល​ផ្តោត​សំខាន់​លើ​ព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទទួល​បាន​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ អ្នក​​ជំនាញ និង អ្នក​ជំនួញ​អភិវឌ្ឍន៍​អចលន​ទ្រព្យ និង​សំណង់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) គ្រោង​នឹង​ធ្វើ​ការ​អភិវឌ្ឍ​កោះ​នរា ឲ្យ​ក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ស្ថិត​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ ពោល​គឺ​ស្ថិត​នៅ​ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​ដែល​បាន​បាក់​បាត់បង់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

ហើយ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេ​បាសាក់ (ខាង​កើត​ទីក្រុង​រណប​កោះពេជ្រ) ប្រប​មាត់​ច្រាំង​ទន្លេ​មេគង្គ​រហូត​ដល់​កោះប្រាក់ ជិត​កៀន​ស្វាយ ឯណោះ ដែល​សរុប​ផ្ទៃទឹក​គ្រោង​នឹង​ចាក់​ខ្សាច់​ចាក់​ដី ចាក់​ថ្ម បំពេញ​ដើម្បី​អភិវឌ្ឍ​វិនិយោគ​សរុប​ប្រមាណ ១០០​ហិកតា។

ប្រភពពីអ្នកជំនាញ និង អ្នកជំនួញដីធ្លីដ៏ល្បីល្បាញខាងលើនេះ បានឲ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍នេះ ទទួលបាន ស. ជ. ណ ពីរាជរដ្ឋាភិបាលកម្ពុជាហើយ ក្រុមហ៊ុនគ្រោងនឹងធ្វើការចាក់ខ្សាច់ ចាក់ដី និង ថ្ម បំពេញទៅលើកោះក្នុងទន្លេមេគង្គដែលបានបាក់ដី បាក់ច្រាំងបាត់កោះអស់រយៈពេលជាយូរឆ្នាំមកហើយ។

ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ ខេមបូណូមីស ជុំវិញ​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​លើ​កោះនរា ដែល​កាល​ពី​មុន​ជា​ដែនដី​កោះ​គោក ប៉ុន្តែ បច្ចុប្បន្ន បាក់​ដី​អស់​ក្លាយ​ជា​ទឹក​នេះ ទូច សំណាង ដែល​ជា​អគ្គនាយករង ក្រុមហ៊ុន​វិនិយោគ​ក្រៅ​ប្រទេស (OCIC) បាន​ធ្វើការ​បញ្ជាក់​អះអាង​យ៉ាង​ខ្លី​ថា លោក​ក្តោប​ព័ត៌មាន​និង​គម្រោង​ការងារ​នេះ​មិន​ជុំ​ទេ លោកថា ការងារ​នេះ​ផ្នែក​ផ្សេង​ជា​អ្នក​គ្រប់គ្រង លោក​នឹង​ធ្វើការសាក​សួរ​រឿង​នេះ​ឲ្យ​យ៉ាង​ច្បាស់​សិន។

គម្រោង​ប្លង់ទីតាំង​អភិវឌ្ឍន៍ទីក្រុង​រណប​កោះនរា
គម្រោង​ប្លង់ទីតាំង​អភិវឌ្ឍន៍ទីក្រុង​រណប​កោះនរា


សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​មក​នេះ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ពិនិត្យ​ពិភាក្សា​លើ​សំណើ​របស់​ក្រុមហ៊ុន​វិនិយោគទុន​ក្រៅ​ប្រទេស  (OCIC) ស្នើ​សុំ​ច្បាប់​អភិវឌ្ឍន៍​សាងសង់​កោះ​នរា ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ដោយ​យោង​តាម​ចំណារ​របស់​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង សំណង់ ចុះថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​លើ​ប្លុក​ផ្ទាល់​ខ្លួន​មួយ ដែល​មាន​ឈ្មោះ​ថា  ព័ត៌មាន​ដី​ធ្លី បរិស្ថាន និង សង្គម។

​ប្លង់ទីតាំង​អភិវឌ្ឍន៍ទីក្រុង​រណប​កោះនរា

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នរគរូបនីយកម្ម និង សំណង់ បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស តាម​ទូរស័ព្ទ​ថា លោក​ពិត​ជា​បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​លើ​គម្រោង​ស្នើ​សុំ​អភិវឌ្ឍន៍សាងសង់​លើ​កោះ​នរា​នេះ​ពិត​មែន ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ដែន​កោះ​នេះ​ទេ ដោយលោកឲ្យទៅសាកសួរអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់វិញ ទើបដឹងច្បាស់។ យ៉ាងណាកក៏ដោយចុះ ឯកឧត្តម ទេព ធន បានបញ្ជាក់ថា ការអភិវឌ្ឍកោះនរានេះគឺជារឿងល្អទេ សម្រាប់ការអភិវឌ្ឍនិង កំណើនសេដ្ឋកិច្ចជាតិ។

ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍កោះ​នរា

អ្នកសារព័ត៌មានខេមបូណូមីស បានធ្វើការព្យាយាមទំនាក់ទំនងសួរសាកព័ត៌មានជុំវិញការអភិវឌ្ឍកោះនរានេះ តាមទូរស័ព្ទ ជាច្រើនលើកច្រើនសារ ជាមួយនឹងអ្នកនាំពាក្យក្រសួងរៀបចំដែននគរូបនីយកម្ម និង សំណង់ ចំនួនបីនាក់ (ឯកឧត្តម សេង ឡូត ឯកឧត្តម ឡោ ដាវុឌ ឯកឧ្តម សារុន ឬទ្ធា មួយចំនួនចុចបិទទូរស័ព្ធ និងមួយចំនួនទៀតមិនលើកទូរស័ព្ទនោះឡើយ។ចំណែកឯកឧត្តម  ជៀម សុផល មករា ដែលជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីដែរនោះ បានឆ្លើយថា លោកបានឈប់ពីតួនាទី ជាអ្នកនាំពាក្យនេះហើយ។

តើការអភិវឌ្ឍកោះនរាដោយការចាក់បំពេញខ្សាច់ ដី និងដុំថ្ម ផ្សេងៗចូលទៅក្នុងទឹកទន្លេដែលស្ថិតនៅប្របមាត់ច្រាំងរាប់គីឡូម៉ែត្រ តាមបណ្តាយដងទន្លេមេគង្គ នឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះទៅ?ជុំវិញទៅនឹងសំណួរនេះដែរ មានអ្នកជំនាញខ្លះថា នឹងមានផលប៉ះពាល់ទន្លេមេគង្គ និង អ្នកខ្លះទៀតថា មិនមានការប៉ះពាល់នោះទេ។ 

មន្ត្រីជាន់ខ្ពស់នៅក្រសួងធនធានទឹក និង អ្នកជំនាញជលវិទ្យា បានប្រាប់ខេមបូណូមីស ដែរថា កោះនរា ក៏ដូចជាកោះប្រាក់ពីមុនជាដែនកោះគោកដែលមានមនុស្សរស់នៅរាប់រយគ្រួសារ ប៉ុន្តែដោយសារតែ ការបម្រែបម្រួលធម្មជាតិ សណ្ឋានដី  និង សណ្ឋានទឹកទន្លេបានធ្វើឲ្យដីកោះអស់នេះបាក់ស្រុតបន្តិចម្តងៗ រហូតដល់បាត់បង់ដីកោះអស់តែម្តង។

ប្រភពខាងលើដដែលបញ្ជាក់ទៀតថា ដោយសារតែកោះនរាកោះប្រាក់នេះ ស្ថិតនៅចំពីមុខទឹកហូរ បុកយ៉ាងខ្លាំង ដូច្នេះមិនអាចទ្រាំទ្រទៅនឹងកម្លាំងទឹកហូរ ក៏បង្កឲ្យមានការបាក់ស្រុតអស់តែម្តងទៅ។ ហើយការចាក់បំពេញដីខ្សាច់ដើម្បីអភិវឌ្ឍន៍នេះគឺជារឿងល្អ ដែលវានឹងអាចការពារមិនឲ្យមានការបាក់ស្រុតច្រាំងតទៅទៀត ប៉ុន្តែត្រូវធ្វើទៅតាមស្តងដារបច្ចេកទេសច្បាស់លាស់។

សូមបញ្ជាក់ផងដែរថាអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបចំនួនពីរនៅក្នុងទីក្រុងភ្នំពេញ ទី១ ទីក្រុងរណបកោះពេជ្រ ដែលបច្ចុប្បន្នកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ ជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ដែលភាគច្រើនវិនិយោគដោយចិន ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។

ទី២ គឺទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ក្រោមទុនវិនិយោគចំនួន ១៦០០លានដុល្លារអាមេរិកនោះ កំពុងដំណើរការទៅមុខយ៉ាងរលូន ក្នុងគម្រោងប្លង់មេ និងមានការសាងសង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋានប្រណីតៗ អគារស្នាក់នៅរួម និងកន្លែងកម្សាន្តផ្សេងៗទៀត។

មិនទាន់អស់ត្រឹមនេះទេ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងបុរីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មធំៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា បុរីទន្លេបាសាក់ បុរីចម្ការមន បុរីវរជន អូឡាំព្យាស៊ីធី នៅជុំវិញស្តាតអូឡាំពិក សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋានជាច្រើននៅជុំវិញផ្សារទំនើបរតនាផ្លាហ្សា និងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ អគារផ្សារទំនើបសូរិយា សុវណ្ណា អគារខុនដូរ… និងបុរីលំនៅឋាន នៅតាមបណ្តាខេត្តមួយចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ។ល។ និង ។ល។ 

បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ មានតួនាទីសំខាន់ៗជាច្រើន ដូចជា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានសមាគមអ្នកសាងសង់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត។

លោកឧកញ៉ា ពុង ឃាវសែ បានវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់នៅកម្ពុជា ប៉ុន្តែ អ្វីដែលលេចធ្លោជាងគេ ជាមុខជំនួញធំៗល្បីៗជាងគេចំនួនពីរ គឺការវិនិយោគនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និង សំណង់អចលនទ្រព្យ។ 

នៅក្នុងមុខជំនួញធនាគារនិងហិរញ្ញវត្ថុ មិត្តអ្នកអានទាំងអស់គ្នាប្រាកដជាបានដឹងហើយ គឺធនាគារកាណាឌីយ៉ា ដែលជាមុខជំនួញដំបូងរបស់លោកនៅកម្ពុជា ដែលបច្ចុប្បន្នមានរហូតដល់ទៅ ៥៦ សាខាទូទាំងប្រទេស និង ១សាខា នៅប្រទេសឡាវ។ លោកក៏មានធនាគារ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ Cambodia-Vietnam Insurance Plc. ជាបន្តបន្ទាប់។ លោកបានវិនិយោគទៅលើសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណជិត ៥០រោងចក្រ បូករួមជាមួយនឹងផ្សារ ឃ្លាំងស្តុកទំនិញ ជាច្រើនទៀត ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាហ្វេថៃ Amazon គ្រោងបោះទុន ១,៣ ពាន់លានដុល្លារ ដើម្បីប្រជែងតំណែង Starbucks

ព័ត៌មាន
បើនិយាយពី ម៉ាក កាហ្វេ Amazon នាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះ លើទីផ្សារគួរឲ្យកត់សម្គាល់ ពិសេសគឺ នៅក្នុងទីផ្សារប្រទេសមួយចំនួនក្នុងតំបន់…

កសិដ្ឋានផលិតទឹកដោះគោ MOMO Farm គ្រោងនាំចូលគោ ១.០០០ ក្បាលបន្ថែមទៀត នៅឆ្នាំក្រោយ

ព័ត៌មាន
កសិដ្ឋានផលិតទឹកដោះគោ ធំដំបូងគេមួយនៅកម្ពុជា គ្រោងនឹងនាំចូលគោទឹកដោះពីក្រៅប្រទេស ប្រមាណ ១ពាន់ក្បាល បន្ថែមទៀត ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ