អាស៊ាន

សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានត្រូវរកប្រភពថ្មីនៃកំណើន បើចង់ក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក


ស្ថានប័នមូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោកកត់សម្គាល់ឃើញថា ទោះបីសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះដោយសារការគំរាបកំហែងពីជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនក៏ដោយ តែសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាននៅតែរក្សាបានស្ថិរភាពល្អ ដែលជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។
អាស៊ានត្រូវរកប្រភពកំណើនថ្មី បើចង់ក្លាយជាមជ្ឈមណ្ឌលកំណើនរបស់ពិភពលោក

យ៉ាងណាមិញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យអាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនតាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងធ្វើអន្តរកាលបៃតងនៃសេដ្ឋកិច្ច បើចង់ក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភចំពោះការប្រទាញប្រទង់ខាងភូមិសាស្ត្ររបស់ប្រទេសមហាអំណាចក្នុងការធ្វើឲ្យប្រទេសនីមួយលំបាកក្នុងការស្វែងរកអព្យក្រឹតដែលអាចគាំទ្របានយ៉ាងពិតប្រាកដប្រកបដោយបរិយាបន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

នាពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យប្រទេសសមាជិកអាស៊ានទាំងអស់រួមគ្នាស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំ និងមានភាពធន់នឹងវិបត្តិ ដើម្បីប្រែក្លាយតំបន់អាស៊ានឲ្យក្លាយជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ប្រភពថ្មីនៃកំណើននេះ គឺសម្តេច ហ៊ុន ម៉ាណែត ចង់សំដៅដោយជំរុញឲ្យអាស៊ានត្រូវធ្វើបរិវត្តកម្មឌីជីថល និងអន្តរកាលបៃតង សំដៅឆ្ពោះទៅលើសេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត។

ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្រោយថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគាពិភពលោកបានកត់សម្គាល់ថា ទោះបីជាស្ថានភាព សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារវិបត្តិនៃសង្គ្រាម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួនក្តី ប៉ុន្តែសម្រាប់អាស៊ាន នៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ស្ថាប័នហិរញ្ញវត្ថុធំៗទាំងពីរបានព្យាករថា នៅឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦% ស្មើនឹងប្រមាណ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GDP)សរុបរបស់ពិភពលោក និងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥នៅលើពិភពលោក។

យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការព្រួយបារម្ភនៃការកើនឡើងការប្រទាញប្រទង់ខាងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗជាពិសេសអាមេរិក និងចិន ក្នុងការធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យ ដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិ ដែលកំពុងកើតឡើង ផ្ទុយទៅវិញអាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស នោះអាស៊ានអាចចាត់វិធានការបានយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់ និងមានសារៈសំខាន់៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទើបធ្វើឲ្យការបញ្ចេញឥណទានក្នុងវិស័យទេសចរណ៍របស់ធនាគារ SME ទើបសម្រេចបានត្រឹមជាង៣០%?

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្…

អ្នកជំនាញថា កម្ពុជាគួរតែមានការលើកលែងថ្លៃទិដ្ឋការលើភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កម្ពុជាគួរតែមានការដាក់ចេញគោលនយោបាយលើកលែងការថ្លៃលើទិដ្ឋការសម្រាប់ភ្ញៀវទេសចរអន្តរជាតិគោលដៅមួយចំនួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ