កិច្ចព្រមព្រៀងដឹកគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ

រុស្ស៊ីថា គ្មានហេតុផលអ្វី ដើម្បីរក្សាស្ថានភាពដើមនៃកិច្ចព្រមព្រៀងដឹកគ្រាប់ធញ្ញជាតិតាមសមុទ្រសមុទ្រខ្មៅទៀតទេ


ប្រេសិតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបាននិយាយថា គ្មានហេតុផលអ្វីទៀតដើម្បីរក្សា«ស្ថានភាពដើម»នៃកិច្ចព្រមព្រៀងដឹកគ្រប់ធញ្ញជាតិតាមសមុទ្រខ្មៅទេ។ កិច្ចព្រមព្រៀងដែលមានគោលបំណងដោះស្រាយវិបត្តិតម្លៃស្បៀងនៅលើពិភពលោក ត្រូវផុតកំណត់នៅថ្ងៃទី ១៨ ខែកក្កដាខាងមុខ បើពុំមានការឆ្លើយតបជាវិជ្ជមានទៅនឹងលក្ខខណ្ឌរបស់រុស្ស៊ីដែលជាអ្នកគ្រប់គ្រងផ្លូវនាវាចរណ៍នៅសមុទ្រខ្មៅ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ ដោយផ្អែកតាមបទសម្ភាសក្នុងសារព័ត៌មានរុស្សី អ៊ីសវេស្យា (Izvestia) កាលពីថ្ងៃចន្ទ ទី ១ កក្កដា។
រុស្ស៊ីថា គ្មានហេតុផលអ្វី ដើម្បីរក្សាស្ថានភាពដើមនៃកិច្ចព្រមព្រៀងដឹកគ្រាប់ធញ្ញជាតិតាមសមុទ្រសមុទ្រខ្មៅទៀតទេ

នៅក្នុងបទសម្ភាសន៍របស់សារព័ត៌មាន Izvestia កាលពីថ្ងៃចន្ទ, លោក ហ្កេណាឌី ហ្កាទីឡូវ (Gennady Gatilov) បានប្រាប់ថា ការអនុវត្តលក្ខខណ្ឌនានាដើម្បីពន្យាពេលកិច្ចព្រមព្រៀងដឹកគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ គឺ«កំពុងជាប់គាំង»។ តាមលោក ហ្កាទីឡូវ លក្ខខណ្ឌរបស់រុស្ស៊ីមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត គឺការភ្ជាប់ធនាគារកសិកម្មរបស់រុសស្ស៊ី (Rosselkhozbank) ជាមួយប្រព័ន្ធទូរទាត់ប្រាក់សាកស (SWIFT) ឡើងវិញ។

លោក ហ្កាទីឡូវ បានគូសបញ្ជាក់ថា ៖ «រុស្ស៊ីបានពន្យាពេលកិច្ចព្រមព្រៀងនោះជាច្រើនដងរួចមកហើយ ក្នុងក្តីសង្ឃឹមថានឹងមានការផ្លាស់ប្តូរជាវិជ្ជមាន»។ លោកបានកត់សម្គាល់ក្នុងសម្ដីដើមថា៖ «ប៉ុន្តែ អ្វីដែលយើងកំពុងឃើញឥឡូវនេះ មិនអនុញ្ញាតឱ្យយើងមានមូលហេតុដើម្បីរក្សាស្ថានភាពដើម[នៃកិច្ចព្រមព្រៀង]ទេ»។

សូមរំលេចបន្តិចថា កិច្ចព្រមព្រៀងសមុទ្រខ្មៅរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងទួកគីកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ មានគោលបំណងទប់ស្កាត់វិបត្តស្បៀងអាហារនៅក្នុងពិភពលោក។ កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលជាប់ផុងក្នុងការឈ្លានពានរបស់រុស្ស៊ី អាចនាំចេញដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ទៅលក់នៅទីផ្សារអន្តរជាតិ។

កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបាននិយាយថា គេកំពុងមានការព្រួយយបារម្ភដោយមិនឃើញមានកប៉ាល់ថ្មីត្រូវបានចុះបញ្ជីក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅទេ ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនាមក ទោះបីជាការស្នើសុំចុះបញ្ជីត្រូវបានធ្វើឡើងដោយនាវាចំនួន ២៩ ក៏ដោយ។

សម្ដីរបស់ប្រេសិតរុស្ស៊ីនៅអង្គការសហប្រជាជាតិ លោក ហ្កេណាឌី ហ្កាទីឡូវ ខាងលើ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Izvestia ជាការបន្ទរតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡាវ្រូវ ដែលបានថ្លែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

លោក ឡាវ្រូវ បានលើកឡើងនៅចំពោះមុខអ្នកសារព័ត៌មានដោយចង្អុលមុខ សហរដ្ឋ អាមេរិក និង អង់គ្លេស ថា ៖ « អាកប្បកិរិយា របស់ លោកខាងលិច ចំពោះ កិច្ច ព្រមព្រៀង នេះ គឺ អាក្រក់ខ្លាំងណាស់ »។

លោក ឡាវ្រូវ បាននិយាយថា បញ្ហាចុងក្រោយមួយសម្រាប់រុស្ស៊ី គឺការវាយប្រហារលើបំពង់បង្ហូរអាម៉ូញាក់ ដែលគាត់បានចោទថាជាស្នាដៃរបស់អ៊ុយក្រែន ហើយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញវា។

លោក ឡាវ្រូវ បាននិយាយក្នុងសម្ដីផ្ទាល់ថា៖ “ខ្ញុំមិនឃើញមានអំណះអំណាងអ្វីដែលអាចលើកឡើងពីអ្នកដែលចង់បន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅនោះទេ”។

កាលពីថ្ងៃសុក្រនោះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វាហាន ហាក់ (Farhan Haq) បាននិយាយថា ភាគីនានាត្រូវតែធានាថា មាននាវាបន្ថែមទៀតដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមច្រករបៀងមនុស្សធម៌ដែនសមុទ្រនៅក្នុងសមុទ្រខ្មៅ ដែលជាសេវាជំនួយសង្គ្រោះសកលសម្រាប់ធានាសន្តិសុខស្បៀង"៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុន និងសមាគមអាស៊ាននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីគាំទ្ររំហូរទិន្នន័យដោយសេរី ដើម្បីទប់ទល់នឹងចិន

ព័ត៌មាន
ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន) នឹង បង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវមួយដើម្បី លើកកម្ពស់រំហូរ ទិន្នន័យដោយសេរី ឆ្លងកាត់ព្រំដ…

ចិនចាត់ទុកប៉ាគីស្ថានជាឱកាសទីផ្សារសម្រាប់ការនាំចេញថាមពលនុយក្លេអ៊ែរតម្លៃជិត ៥ ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេស ចិនបាន ចាត់ទុកប្រទេស ប៉ាគីស្ថានជាឱកាសទីផ្សារ មួយ សម្រាប់ការនាំចេញថាម ពលនុយក្លេអ៊ែរ ខណៈ ដែល ប្រទេសចិន កំពុងពន្លឿនកិច្ចសហប្រតិបត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ