កម្ពុជាអាចនាំចេញ«ដូងស្រស់»ទៅកាន់ទីផ្សារចិន!

ក្រៅពីផ្លែចេកស្រស់ និងស្វាយស្រស់ កម្ពុជាក៏អាចនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារចិនបានដែរ


ប្រទេសចិនបានអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែដូងស្រស់មួយមុខទៀតទៅកាន់ទីផ្សារខ្លួន បន្ទាប់ពីអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ ស្វាយស្រស់ និងផលិតផលកសិកម្មមួយចំនួនទៀត។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគូសបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីឲ្យភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
កម្ពុជាអាចនាំចេញ«ដូងស្រស់»ទៅកាន់ទីផ្សារចិន!
ដោយ

លោកជំទាវ អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គូសបញ្ជាក់ថា ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិនកាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ បើតាមអ្នកនាំពាក្យរូបនេះ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគេដាំដុះផ្លែដូងស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ យ៉ាងណាក៏ដោយ ក្រោយទទួលបានឱកាសនាំផ្លែដូងស្រស់ទៅកាន់ទីផ្សារចិន អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិនផងដែរ។

ជុំវិញនីតិវិធីចុះបញ្ជីចម្ការនេះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់មុនឈានដល់ការនាំចេញជាផ្លូវការ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Long Mate Agriculture ដែលជាក្រុមហ៊ុននាំចេញកសិផលស្រស់ទៅកាន់ទីផ្សារចិនផ្ទាល់ផងនោះ បានបង្ហាញគំនិតសុទិដ្ឋិនិយមថា ក្រោយ កម្ពុជាអាចនាំចេញផលិតផលដូងស្រស់ ទៅកាន់ទីផ្សារចិន គឺជាសញ្ញាណវិជ្ជមានមួយបន្ថែមសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ ការអនុញ្ញាតពីភាគីចិនក្នុងការនាំចូលដូងស្រស់ពីកម្ពុជា មិនត្រឹមតែជំរុញការនាំចេញផលិតផលកសិកម្ម និងលើកកម្ពស់វិស័យកសិកម្ម ប៉ុនណោះទេ តែក៏នឹងលើកទឹកចិត្តដល់កសិករ និងអ្នកវិនិយោគក្នុងវិស័យកែច្នៃផងដែរ។ សម្រាប់អ្នកជំនួញក្នុងវិស័យកសិកម្មរូបនេះ កម្ពុជានឹងកាន់តែទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ បើសិនកម្ពុជាមានការនាំចេញផ្លែដូងដែលកែច្នៃរួច ច្រើនជាងផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដុះដំណាំដូងចំនួន១ម៉ឺន៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប២៤ម៉ឺន៨ពាន់តោន។ ដោយឡែក នៅរយៈពេល៧ខែឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស ក្នុងបរិមាណសរុបជាង៤លានតោន គិតជាទំហំទឹកប្រាក់ជាង២៦០០លានដុល្លារអាមេរិក។ ប្រទេសចិន គឺជាទីផ្សារដ៏ធំ និងសំខាន់មួយសម្រាប់ការនាំចេញផលិតផលកសិម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយកន្លងមកផលិតផលកសិកម្មកម្ពុជា ជាច្រើនមុខត្រូវបាននាំចេញទៅកាន់ប្រទេសចិន រួមមានអង្ករ ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម ផ្លែមៀនប៉ៃលិន និងម្រេចជាដើម៕




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា សហការជាមួយ ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណ ឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា

ព័ត៌មាន
ធនាគារ អេស៊ីលីដា នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៣ បានសហការជាមួយនឹង ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអ…

កត្តាអ្វីខ្លះ ជំរុញឲ្យធនាគារ ADB បន្ទាប់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មកនៅត្រឹម ៥,៣%?

ព័ត៌មាន
ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB នៅចុងក្រោយនេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ មកនៅត្រឹម ៥,៣% ប៉ុណ្ណោះ ខណៈដែលកាលពីមុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ