កម្ពុជានាំចេញជ្រូក

កម្ពុជានាំចេញជ្រូកទៅវៀតណាមបានជាង២០ម៉ឺនក្បាល ក្រោយតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង


ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា អ្នកចិញ្ចឹមជ្រូកដែលជាសមាជិករបស់សមាគមបាននាំចេញជ្រូកទៅប្រទេសវៀតណាមបានជាង២០ម៉ឺនក្បាលនៅប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំងពេក។
កម្ពុជានាំចេញជ្រូក
ដោយ

ការធ្លាក់ថ្លៃតម្លៃជ្រូករស់ក្នុងស្រុក ត្រូវបានអ្នកជំនាញអះអាងថា គឺដោយសារមានការហូរចូលសាច់បង្កកខុសច្បាប់និងខូចគុណភាពមកកាន់ទីផ្សារកម្ពុជាច្រើនពេក គួបផ្សំបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបង្កឡើងដោយវិបត្តិសង្គ្រាម និងបញ្ហាភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ។ បើតាមការគូសបញ្ជាក់របស់សមាគមអ្នកចិញ្ចឹមសត្វ តម្លៃជ្រូករស់បានធ្លាក់ចុះមកនៅចន្លោះពីជាង៥ពាន់រៀលទៅ៧ពាន់រៀលក្នុងមួយគីឡូក្រាម ដែលជាការធ្លាក់ចុះដ៏ទាបមួយ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានទម្លាយដោយឥតលាក់លៀមថា ស្របពេលតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង អ្នកចិញ្ចឹមជ្រូកមួយចំនួនដែលជាសមាជិករបស់សមាគមបានលួចនាំចេញជ្រូកទៅលក់នៅប្រទេសក្បែរខាងវៀតណាម ដែលជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយប្រចាំតំបន់អាស៊ាន។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះកម្ពុជា បាននាំចេញជ្រូកទៅវៀតណាមបានជាង២០ម៉ឺនក្បាលហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជុំវិញតម្លៃជ្រូករស់របស់កម្ពុជា ដែលនាំចេញទៅវៀតណាមបានមួយគីឡូក្រាមប៉ុន្មាននោះទេ។

ប្រធានសមាគមរូបនេះកត់ចំណាំថា តម្លៃជ្រូក ឬសត្វផ្សេងៗតែងតែឡើងថ្លៃរៀងរាល់រដូវបុណ្យ ការ ជាពិសេសជិតពិធីបុណ្យចូលឆ្នាំចិនតែម្តង តែមកទល់ពេលនេះតម្លៃជ្រូក និងសត្វរស់ទាំងនោះមិនទាន់មានការឡើងថ្លៃនោះទេ។ បញ្ហានេះត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា អាចបណ្តាលមកពីការហូរចូលនៃសាច់បង្កកខុសច្បាប់ ឬខូចគុណភាពមានបរិមាណច្រើនពេក។ យ៉ាងណាមិញលោកអះអាងថា ទោះបីគ្មានការនាំចូលបំណែកសាច់បង្កក ក៏កម្ពុជាមានសមត្ថភាពចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់សាច់របស់ពលរដ្ឋគ្រប់គ្រាន់ដែរ។

វិស័យចិញ្ចឹមសត្វក្នុងស្រុកបាន និងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលត្រូវបានមហាជនលើកយកមកជជែក និងបង្ហោះលើបណ្តាញសង្គមនានា ក្រោយវិស័យនេះរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីការហូរចូលសាច់បង្កកខុសច្បាប់ពីក្រៅប្រទេស ដែលបានទាញទម្លាក់តម្លៃជ្រូក និងសត្វរស់ផ្សេងៗក្នុងស្រុកធ្លាក់ថ្លៃយ៉ាងគំហុក។ បញ្ហានេះបានធ្វើអ្នកចិញ្ចឹមសត្វមួយចំនួនប្រឈមនឹងការក្ស័យធន និងបោះបង់ការចិញ្ចឹមដោយសារមិនអាចទប់នឹងការខាងបង់បាន។ បើតាមការអះអាងរបស់លោក ស៊្រុន ពៅ មានកសិករចិញ្ចឹមជ្រូកខ្នាតតូច ដែលជាសមាជិករបស់សមាគមរហូតដល់៩០% បានផ្អាក និងបោះបង់ការចិញ្ចឹម ខណៈតាមកសិដ្ឋានធំៗមួយចំនួនបានកាត់បន្ថយបរិមាណនៃការចិញ្ចឹម។ ប្រធានសមាគមរូបនេះបានគូសបញ្ជាក់កាលពីពេលថ្មីៗថា តម្លៃជ្រូករស់បានធ្លាក់ថ្លៃទាបបំផុតរហូតដល់ជាង៦ពាន់រៀលក្នុងមួយគីឡូក្រាម ចំណែកសត្វគោធ្លាក់រហូតដល់៧ពាន់ទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាម។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗបានដាក់ចេញនូវវិធានការមួយ ដោយសម្រចផ្អាកការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកជ្រូក គោ ក្របី មាន់ រយៈពេល៦ខែ ដើម្បីជួយបន្ធរបន្ថយបញ្ហាជូនប្រជាកសិករ ដែលជាអ្នកចិញ្ចឹមសត្វ ក៏ដូចជាលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន ប៊្រិចស្តន់ (Bridgestone) គ្រោងបោះទុនវិយោគជាង៥ពាន់លានដុល្លារ ផលិតសម្បកកង់រថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនផលិតសម្បកកង់រថយន្ត ប៊្រិចស្តន់ (Bridgestone) ដ៏ល្បីល្បាញរបស់ជប៉ុន គ្រោងបោះទុនវិនិយោគប្រមាណ៥,៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំដល…

តើការសម្រុកទិញស្រូវកម្ពុជាពីឈ្មួញវៀតណាម ជារឿងវិជ្ជមាន ឬអវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា?

ព័ត៌មាន
ប្រទេសវៀតណាម គឺជាទីផ្សារនាំចេញផលិតផលកសិកម្ម ជាពិសេសស្រូវ ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញស្រូវក្នុងបរិមាណដ៏ច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ