កំណើនសេដ្ឋកិច្ច​២០១៨

ស្ថាប័នអន្តរជាតិធំៗចំនួន ៣ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះថា នៅតែរឹងមាំ ៧%


ស្ថាប័នអន្តរជាតិធំៗ ចំនួន ៣ គឺ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ជាបន្តបន្ទាប់គ្នា ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះថា នៅតែរក្សាបានកំណើនរឹងមាំខ្លាំងក្លារង្វង់ ៧% ក្នុងមួយឆ្នាំ។ បើតាមរបាយការណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា ៧% នៅឆ្នាំនេះ គឺដោយសារតែមានការគាំទ្រ ដោយកំណើននៃការនាំចេញ លំហូរមូលធន ពិសេសការវិនិយោគផ្ទាល់ពីក្រៅប្រទេសមានការកើនឡើង និងការពង្រីកនូវគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាលជាដើម។
ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ នា​ពេល​រាត្រី។ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​​ក្នុង​រង្វង់ ៧ភាគរយ​ជាប់​គ្នា។
ដោយ

ក្រោយពីធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ទើបតែ​បានព្យាករ​ពីកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជាថា នៅតែរក្សា​បានកំណើន​ខ្ពស់ ៧% នៅឆ្នាំនេះ រួចមក ឃើញថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និងធនាគារ​ពិភពលោក (World Bank) ក៏ទើបតែ​បង្ហាញ​ពីការព្យាករ​ថ្មីចុង​ក្រោយ​មួយ​របស់​ខ្លួនដែរ។ ដោយក្នុងនោះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំនេះ នឹងមាន​កំណើន​ខ្ពស់កើន​ដល់ ៧,២​%​ ខណៈដែល​ធនាគារ​ពិភពលោក​វិញ ក៏បានបង្កើន​ការព្យាករ​ដែរថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ដល់ ៧%។

និន្នាការ​កំណើន​សេដ្ឋកិច្ច​​នេះ ត្រូវបាន​ស្ថាប័ន​អន្តរជាតិ​តាំង​នេះ ជឿជាក់ថា នឹងរួម​ចំណែក​ធ្វើឲ្យ​អត្រា​ភាព​ក្រីក្រ​បន្តធ្លាក់​ចុះថែម​មួយ​កម្រិតទៀត។

តាមរបាយការណ៍​ពី​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​រឹងមាំ ត្រូវបាន​ជំរុញមួយ​ផ្នែក​ធំដោយសារ​តម្រូវ​ការ​ពីក្រៅ​ប្រទេស។ ក្នុងនោះ ការនាំចេញ​សម្លៀក​បំពាក់ ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ និងផលិតផល​ស្បែកជើង ដែលជា​ឆ្អឹងខ្នង​ដ៏សំខាន់​របស់​សេដ្ឋកិច្ច​កម្ពុជា​នោះ បានកើន​ឡើង​ជាង ១៦% គិតក្នុង​អំឡុង​រយៈពេល​៦ខែ ដំបូង​នៃ​ឆ្នាំនេះ។ អំឡុង​រយៈពេល ៦ខែនេះដែរ ការមក​ដល់នៃ​ភ្ញៀវទេសចរ​កើនដល់ ៣លាននាក់ កើនឡើង ជាង១៣%។

របាយការណ៍​ដដែលបាន បានឲ្យដឹង​ទៀតថា លំហូរ​ចូលមូល​ធន​នៅតែបន្ដ​កើន​ឡើងដែរ ហើយជញ្ជីង​ពាណិជ្ជកម្ម​នៅមាន​ស្ថិរភាព ខណៈដែល​ទុនបម្រុង​ដុល​អន្តរជាតិ​កើនដល់ ៩ពាន់​លាន​ដុល្លារ​អាមេរិក​ ដែលអាច​ទប់ទល់​ការនាំចូល​​បានដល់​៦ខែ។

ការវិនិយោគ​ពីក្រៅប្រទេស​វិញ នៅ៦ខែ ឆ្នាំនេះ មានកំណើន​ជាង ១៤%។ ជាងពាក់​កណ្ដាល​នៃការហូរ​ចូលទឹក​ប្រាក់វិនិយោគ​ផ្នែកនេះ គឺមកពី​ប្រទេស​ចិន ពិសេស​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​សំណង់ អគារពាណិជ្ជកម្ម និងអគារ​ស្នាក់​នៅ​ជាដើម និងមួយ​ផ្នែកតូច វិនិយោគ​ទៅលើ​ផលិតកម្ម និងកសិកម្ម។

ដោយឡែក វិស័យ​កសិកម្ម​វិញ ហាក់បង្ហាញ​នូវការងើប​ឡើង​វិញផ្នែក​ផលិត​កសិកម្ម ដែលវាទំនង​ជាបាន​ជួយទប់​ការធ្វើ​ចំណាក​ស្រុកចេញ​ទៅរកការងារ​ធ្វើនៅ​ក្រៅ​ប្រទេស​ផងដែរ។ តាមការ​គូសបញ្ជាក់​នៅក្នុង​របាយការណ៍​របស់ ធនាគារ​ពិភពលោក ការងើប​ឡើងវិញ របស់​ផលិតផល​កសិកម្ម ក្នុងឆ្នាំ​២០១៦ និងឆ្នាំ២០១៧ អមដោយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ប្រសើរ​ជាងមុន​ផង ត្រូវបាន​គេជឿជាក់​ថា បានរួម​ចំណែក​ធ្វើឲ្យ​ពលករខ្លះ​វិលត្រឡប់​មកពី​ប្រទេសថៃ មកកាន់​ស្រុកកំណើត​វិញ។ ក្នុងន័យនេះ ប្រាក់​ផ្ញើពីក្រៅប្រទេស​របស់​ពលករ​ក៍ធ្លាក់​ចុះដែរ។

ទោះយ៉ាងណា របាយការណ៍​ធនាគារ​ពិភពលោក​ដដែល បានព្រមាន​ដែរថា សេដ្ឋកិច្ច​កម្ពុជា ក៏នៅមាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ ទាក់ទង​នឹងឥទ្ធិ​ពលពីខាងក្រៅ​ដូចជា កើតចេញ​មកពី​លទ្ធិការពារ​និយម​របស់​ប្រទេស​មហា​អំណាច ជម្លោះ​ពាណិជ្ជកម្ម​ចិនអាមេរិក និងការសើ​រើ​អាចកើន​មាន​ចំពោះ​ភាពអនុគ្រោះ​របស់​កម្ពុជា ក្នុងការទទួល​បានលទ្ធភាព​នាំ​ចូលទៅកាន់​ទីផ្សារ​នៃបណ្ដា​សេដ្ឋកិច្ច​ជឿន​លឿន​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើប The Bridge Lifestyle Mall ប្រមូលផ្តុំដោយហាងល្បីៗកំពុងបើកបន្តកន្ទុយគ្នាជាហូរហែ

ព័ត៌មាន
បន្ទាប់ពីសាងសង់រួច និងបើកឲ្យហាងទំនិញនិង ភោជនីយដ្ឋាននីមួយៗចូលដេគ័រមួយរយៈមក ផ្សារទំនើបស្តង់ដារអន្តរជាតិ The Bridge Lifestyle Mall ដែ…

កម្ពុជា​ហៅ​ចំណាត់ការ​សហភាពអឺរ៉ុប​ក្នុង​សំណុំរឿង​ EBA ថា«អយុត្តិធម៌បំផុត»

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​សហភាពអឺរ៉ុប​ ដែល​បើក​ដំណើរការនីតិវិធី​ផ្លូវការ​សម្រាប់​ការ​​ដក​ការអនុគ្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ