កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២លាននាក់ កើនឡើង ៥៣៥% នៅ៥ខែឆ្នាំនេះ

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៤លាននាក់ក្នុងឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំនេះ ទទួលបានជាង ២លាននាក់


បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ហើយវាបានជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជាយ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកជំនាញនៅតែបង្ហាញនូវក្តីរំពឹងខ្ពស់ថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៤លាននាក់ ដូចទៅតាមអ្វីដែលបានរំពឹងទុកផងដែរ។
កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៤លាននាក់ក្នុងឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំនេះ ទទួលបានជាង ២លាននាក់
ដោយ

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ស្ថានភាពវិស័យទេសចរណ៍កម្ពុជានៅរយៈពេលជិតពាក់កណ្តាលឆ្នាំ២០២៣នេះ ហាក់មានភាពល្អប្រសើរជាធម្មតា បើទោះបីជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដូវកាលទេសចរថមថយ ដោយសារតែជារដូវវស្សាក៏ដោយ។ ជាក់ស្តែងនៅរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២លាន១៦ម៉ឺននាក់ កើនឡើង ៥៣៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកមានប្រមាណ ១០លាននាក់ផងដែរ។ ក្នុងចំណោមទេសចរអន្តរជាតិ ដែលចូលមកកម្ពុជាទាំងអស់ ទេសចរជនជាតិថៃឈរនៅលំដាប់ទី១ រួមចំណែកជាង ៣៣% បន្ទាប់មកគឺទេសចរវៀតណាម រួមចំណែកជាង១៧% និងទី៣គឺទេសចរជនជាតិចិន ដែលមានចំនួនជាង ២២ម៉ឺននាក់ ដែលបានរួមចំណែក ប្រមាណជាង ១០% នៃទេសចរអន្តរជាតិសរុបរបស់កម្ពុជា។

តាមសម្ទុះនៃកំណើនទេសចរអន្តរជាតិនៅរយៈពេល៥ខែនេះ ឯកឧត្តម តុប សុភ័ក្រ អះអាងថា ហាក់មិនមានអ្វីចោទជាបញ្ហានោះទេសម្រាប់កម្ពុជាក្នុងការទាក់ទាញទេសចរអន្តរជាតិប្រមាណ ៤លាននាក់នៅពេញមួយឆ្នាំ២០២៣នេះ ហើយនៅឆ្នាំ២០២៦ ស្ថានភាពវិស័យទេសចរណ៍កម្ពុជានឹងអាចត្រលប់ដូចទៅមុនពេលកូវីដ១៩វិញ ដែលរំពឹងថា អាចទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់។

ជុំវិញរឿងនេះដែរ ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់បែបនេះ ប្រាកដណាស់វាបានប៉ះពាល់ដល់វិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជា ដ្បិតទេសចរណ៍នៅកម្ពុជាទើបតែឈានជើងងើបឡើងវិញជាបណ្តើរៗប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយចុះ សម្រាប់ពេញមួយឆ្នាំ២០២៣នេះ អ្នកជំនាញរូបនេះនៅតែបង្ហាញនូវក្តីរំពឹងខ្ពស់ថា កម្ពុជានៅតែអាចទទួលបានទេសចរអន្តរជាតិប្រមាណ៤លាននាក់ផងដែរ។ ជំទាវ ឆាយ ស៊ីវលីន បញ្ជាក់ដែរថា ចំពោះស្ថានភាពទេសចរជនជាតិចិនដែលចូលមកកម្ពុជាបច្ចុប្បន្នវិញ ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានក្នុងរង្វង់ប្រមាណ ១០០០នាក់ ទៅ១៧០០នាក់ ក្នុងមួយថ្ងៃៗ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជិត២លាន៣សែននាក់ កើនឡើងជាង១០០០% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរថៃឈរលើកំពូលតារាង ដែលមានជាង៨៥ម៉ឺននាក់ វៀតណាមមានជាង៤៦ម៉ឺននាក់ និងចិនមានជាង១០ម៉ឺននាក់ រួមទាំងទេសចរមកពីបណ្ដាប្រទេសជាច្រើនទៀត។ នេះតាមទិន្នន័យពីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ការផ្ដល់ឥណទានតាមប្រព័ន្ធអ៊ិនធឺណិត ជំរុញឲ្យបំណុលទាក់ទងនឹងទំនិញប្រើប្រាស់នៅជប៉ុនហក់ឡើងខ្ពស់

ព័ត៌មាន
ការកើនឡើងនូវសេវាកម្មផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិត ដែលធ្វើប្រតិបត្តិការយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទឆ្លាតវៃ ឬស្មាតហ្វូននោះ បានជួយជំរុញឱ្យមានកំ…

ទឹកប្រាក់រាប់លានដុល្លារ TikTok វិនិយោគដើម្បីលើកកម្ពស់អាជីវកម្មខ្នាតតូច ១២ម៉ឺនកន្លែងនៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
ការវិនិយោគរយៈពេលបីឆ្នាំថ្មី នឹងជួយដល់អាជីវកម្មខ្នាតតូចក្នុងវិស័យ (SMBs) ជាង ១២ ម៉ឺនកន្លែងដោយធ្វើអន្ដរកម្មទៅជាអាជីវកម្មអនឡាញ និងចូលរួមក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ