កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោនហើយ

មកទល់ពេលនេះកម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោន ដែលអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នៅឆ្នាំនេះ


អាកាសធាតុឆ្នាំនេះហាក់អំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប ដែលត្រូវបានគេវាយតម្លៃថា ទិន្នផលអំបិលឆ្នាំនេះទំនងជាអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៧ខែកន្លងមកនេះកម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោនហើយ កើនឡើងជាង៥ម៉ឺនតោនបើធៀបនឹងទិន្នផលអំបិលកាលពីឆ្នាំមុន។
កម្ពុជាផលិតអំបិលបានជាង៨ម៉ឺនតោនហើយ
ដោយ

ការកើនឡើងនេះ ត្រូវបានថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អះអាងថា គឺដោយសារឆ្នាំនេះមានការអំណោយផលល្អពីអាកាសធាតុ។ តាមរយៈទិន្នផលនេះកម្ពុជាមិនចាំបាច់នាំចូលអំបិលពីក្រៅប្រទេសនោះទេ ពោលគឺអំបិលឆ្នាំនេះអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកគ្រប់គ្រាន់។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ទីផ្សារអំបិលកម្ពុជានឹងមានភាពល្អប្រសើរបន្ថែមមួយកម្រិតទៀត ប្រសិនបើផលិតផលនេះបានចុះបញ្ជី GI និងមានការនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មកទល់ពេលនេះកសិករនៅខេត្តកែបនិងកំពតផលិតអំបិលបានជាង៨ម៉ឺនតោនហើយ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ និងឧស្សាហកម្ម។ តាមរយៈទិន្នផលដែលផលិតបាននៅឆ្នាំនេះបូកផ្សំនឹងបរិមាណអំបិលដែលមាននៅក្នុងស្តុក ថ្នាក់ដឹកនាំរូបនេះវាយតម្លៃថា នៅឆ្នាំនេះកម្ពុជាមានបរិមាណអំបិលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីបរទេស។ បរិមាណដែលផលិតបាននៅឆ្នាំនេះមានការកើនឡើងជាង១០០% បើធៀបនឹងទិន្នផលដែលផលិតបានកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែប្រមាណ៣ម៉ឺនតោន។ នេះបើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ដែលបានបន្ថែមថា ការកើនឡើងទិន្នផលអំបិលនេះ គឺដោយសារឆ្នាំនេះមានការអំណោយផលល្អពីអាកាសធាតុ។

ទន្ទឹមនឹងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក អំបិលកម្ពុជាដែលជាអំបិលធម្មជាតិ១០០% កំពុងសម្លឺងឱកាសក្នុងការហក់ចូលទីផ្សារអន្តរជាតិ និងចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI)។ លោក ហួន សុរង្សី ជឿជាក់ថា ប្រសិនបើអំបិលកំពត កែប អាចចុះបញ្ជី GI និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ វានឹងធ្វើឲ្យទីផ្សារអំបិលកម្ពុជានឹងមានកើនឡើងមួយកម្រិតទៀត ហើយវាក៏នឹងជួយជំរុញផលិតកម្មអំបិលផងដែរ។

បើតាមការលើកឡើងរបស់អ្នកជំនាញសុខភាព អំបិលដែលផលិតដោយកសិករនៅខេត្តកែប និងខេត្តកំពតជាអំបិលធម្មជាតិ១០០% ដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពរបស់អ្នកបរិភោគ ខុសពីអំបិលនាំចូលពីក្រៅប្រទេស ដែលភាគច្រើនជាអំបិលរ៉ែ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងអាចបង្កជំងឺដល់អ្នកប្រើប្រាស់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាគួរងាកមកប្រើប្រាស់អំបិលផលិតដោយកសិករខ្មែរ និងកាត់បន្ថយការប្រើប្រាស់អំបិលនាំចូលពីបរទេស ដែលសម្បូរដោយសារធាតុរ៉ែ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតអំបិលសរុបចំនួន៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី៩ម៉ឺនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានតែជាង៣ម៉ឺន២ពាន់តោនប៉ុណ្ណោះ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក៕




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចអះអាងថាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជានឹងខ្សោយបើគ្មានការបង្កើតផលិតកម្មថ្មី

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជានឹងខ្សោយ បើគ្មានការបង្កើតផលិតកម្មថ្មី ចុះថាតើអ្វីខ្លះជាកាលានុវត្តភាពសម្រាប់កម្ពុជា ក្ន…

ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់គោលឡើង ដល់១២%ដើម្បីគាំទ្រប្រាក់រុប របស់រុស្ស៊ីដែលកំពុងតែជួបវិបត្តិ

ព័ត៌មាន
ធនាគារកណ្តាលរបស់រុស្ស៊ីបានដំឡើងអត្រាការប្រាក់ចំនួន ៣,៥០% ថែម ទៀត ឱ្យ ឡើង ដល់ទៅ ១២% ដែលនេះគឺជាវិធានការដ៏បន្ទាន់មួយដើម្បីព្យាយាមទប់ ស្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ