ទេសចរកម្ពុជាជាង៤០ម៉ឺននាក់ បានចេញទៅក្រៅប្រទេសនៅត្រីមាសទី១ ឆ្នាំនេះ

ពលរដ្ឋកម្ពុជាជាង ៤០ម៉ឺននាក់បានចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស កើនឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំនេះ


របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកម្ពុជាសរុប ដែលបានចេញទៅក្រៅប្រទេសមានចំនូនរហូតដល់ជាង ៤០ម៉ឺននាក់ កើនឡើង ១២៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ អះអាងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេស បានបង្ហាញពីកម្រិតជីវភាពពលរដ្ឋកាន់តែល្អប្រសើរ ក៏ប៉ុន្ដែ ការចេញទៅក្រៅប្រទេសច្រើនពេក វាក៏បានជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិផងដែរ ដ្បិតថា វាបង្កឲ្យមានលំហូរចេញនៃរូបិយបណ្ណអន្តរជាតិ។
ទេសចរកម្ពុជាជាង៤០ម៉ឺននាក់ បានចេញទៅក្រៅប្រទេសនៅត្រីមាសទី១ ឆ្នាំនេះ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈចំនួនភ្ញៀវទេសចរកម្ពុជា ដែលចេញទៅក្រៅប្រទេសនៅក្នុងត្រីមាសទី១នេះ មានចំនួនជាង៤០ម៉ឺននាក់ បញ្ជាក់ឱ្យឃើញថាលទ្ធភាព ឬប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាទាំងនោះសុទ្ធតែមានស្ថានភាពសមរម្យ ឬចំណូលខ្ពស់ដែលអាចមានលទ្ធភាពចាយវាយក្នុងដំណើកំសាន្តរបស់ពួកគេ។ ទោះយ៉ាងណា បើតាមទ្រឹស្តីសេដ្ឋកិច្ច អ្នកជំនាញរូបនេះ​អះអាងថា នៅពេលដែលទេសចរជាតិចេញទៅក្រៅប្រទេសច្រើនបែបនេះ គឺមានន័យថា ជាការនាំយករូបិយបណ្ណអន្តរជាតិចេញទៅខាងក្រៅប្រទេសច្រើនផងដែរ។

ទោះយ៉ាងណា បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា បើទោះបីជាការចេញដើរកម្សាន្ដ​របស់ភ្ញៀវទេសចរកម្ពុជាទៅក្រៅប្រទេស ពិតជាធ្វើឱ្យលុយហូរចេញទៅក្រៅក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានគុណសម្បត្តិមួយចំនួនផងដែរ ពោលគឺនៅពេលប្រជាជនកម្ពុជាចេញក្រៅ ពួកគាត់អាចរៀនសូត្រពីការអភិវឌ្ឍ ការប្រករបររកស៊ី ក៏ដូចជារបៀបរស់នៅរបស់ប្រទេសផ្សេងៗដែលពួកគាត់បានទៅ ដើម្បីយកមកអភិវឌ្ឍនៅនៅប្រទេសកំណើតវិញ។ លើសពីនេះ វាក៏ជាឱកាសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម​របស់ពួកគេផងដែរ។

បើតាម​ការសង្កេត​របស់​លោក ធួន ស៊ីណាន ប្រជាពលរដ្ឋកម្ពុជា ដែលចេញក្រៅប្រទេសមានចំនួនមធ្យមប៉ុណ្ណោះ ដែលចេញទៅដើរលេងកម្សាន្ដ ប៉ុន្តែមួយចំនួនធំ គឺពួកគាត់ចេញទៅក្រៅប្រទេសជាទម្រង់ធ្វើពាណិជ្ជកម្ម។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះ បញ្ជាក់ថាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់ច្បាស់លាស់បែបនេះ ប្រជាពលរដ្ឋគួរព្យាយាមចាយលុយនៅក្នុងស្រុកតាមដែលអាចធ្វើទៅបាន ទើបជារឿងល្អ ពីព្រោះវាបានជួយទៅដល់សេដ្ឋកិច្ចនៅក្នុងស្រុករបស់យើង។

បើតាម ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា កត្តាដែលនាំឱ្យនៅត្រីមាសទី១ឆ្នាំនេះ ភ្ញៀវទេសចរកម្ពុជាចេញទៅក្រៅប្រទេសមានការកើនឡើងច្រើន ក៏ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនមានភាពប្រសើរច្រើន ធ្វើឱ្យពួកគាត់ចង់ចេញទៅកម្សាន្ដ​នៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ លើសពីនេះកត្តាជើងហោះហើរនៅកម្ពុជាក៏មានជម្រើសច្រើន​សម្រាប់ឱ្យពួកគាត់ផងដែរ។ បើតាម លោកជំទាវ ឆាយ ស៊ីវលីន ចំពោះការចាយវាយរបស់ប្រជាពលរដ្ឋ​កម្ពុជានៅពេលធ្វើដំណើរកម្សាន្ដ​ទៅក្រៅប្រទេស ជាធម្យម​ក្នុងម្នាក់​ពួកគាត់​ចំណាយប្រមាណជាង ៤០០ដុល្លារក្នុងដំណើរកម្សាន្ដ​មួយលើកនៅក្នុង​ប្រទេសជាសមាជិកអាស៊ាន ហើយការចេញទៅក្រៅរបស់ពួកគាត់ភាគច្រើនទៅជាលក្ខណៈកញ្ចប់ ជាក្រុមធំៗ ដោយសារតាមរយៈក្រុមបែបនេះគឺមានតម្លៃសមរម្យផងដែរ។

សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរកម្ពុជាសរុបដែលបានចេញទៅក្រៅប្រទេសមានចំនូនរហូតដល់ជាង ៤០ម៉ឺននាក់ កើនឡើង ១២៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ដោយឡែកភ្ញៀវទេសចរបរទេសដែលបានចូលមកកម្ពុជាវិញមានចំនួនជាង ១លាន២សែននាក់ កើនឡើង ៧០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ ទេសចរជនជាតិថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជាកាត់បន្ថយការពឹងផ្អែកថវិកាពីខាងក្រៅស្ទើរតែទាំងស្រុង លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព័ត៌មាន
កម្ពុជា ជាប្រទេសមានការពឹងផ្អែកខ្លាំងទៅលើប្រភពថវិកាពីខាងក្រៅ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូត៨០% ឯណោះ នាពេលកន្លងម…

តើកត្តាអ្វីខ្លះជំរុញឲ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត ១០០% នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំ២០២៣នេះ ពោលគឺមានដល់ទៅជិត ៦៦ពាន់លានរៀល ឬស្មើនឹងប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ