ស្ថានភាពនាំចេញអង្ករកម្ពុជា

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ ស្ថានភាពនាំចេញអង្កររបស់កម្ពុជា នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ!


អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានអះអាងថា ស្ថានភាពការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសការនាំចេញទៅកាន់ទីផ្សារតំបន់អឺរ៉ុប នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ។ គិតចាប់តាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន តម្លៃដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃកប់ពពក និង ទូកុងតឺន័រនៅតែក៏មានបញ្ហាខ្វះខាតដដែល ប្រការនេះកំពុងធ្វើឲ្យផែនការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ២០២១នេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
ការនាំចេញស្រូវកម្ពុជា

ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មិន​ទាន់​បង្ហាញ​សញ្ញា​វិជ្ជមាន នៃ​ការ​កើនឡើង​នៅឡើយ​ទេ​។ បើ​ទោះបីជា នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២១ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​ជិត​៣​ម៉ឺន​តោន គិត​ជា​ប្រាក់​ជាង​២១​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៣% បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០២០ ក៏​ដោយ​ចុះ ប៉ុន្ដែ ឧកញ៉ា សុង សា​រ៉​ន នៅ​តែ​ចាត់​ទុក​ថា​វា​នៅ​តែ​ជា​កំណើន​មួយ​តិចតួច​នៅឡើយ ដ្បិតថា កម្ពុជា​ត្រូវការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ពី ៥​ម៉ឺន​ទៅ ៦​ម៉ឺន​តោន​ក្នុង​១​ខែ ទើប​អាច​សម្រេច​ផែនការ​នៅ​ឆ្នាំ​នេះ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​តែ​បង្ហាញ​ភាព​អវិជ្ជមាន ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ខាងលើ​គូសបញ្ជាក់​ថា គឺ​ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​ទូ​កុងតឺន័រ ដែល​វា​គឺជា​បញ្ហា​ចាក់ស្រេះ​មិន​ទាន់​មាន​ដំណោះស្រាយ ដែល​កំពុង​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​តែ​មាន​ក្ដី​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នឹង​អាច​វិល​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​នៅ​អំឡុង​ខែតុលា ខាង​មុខ​នេះ ប្រសិនបើ​ស្ថានភាព​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ លើ​ពិភពលោក​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ គួប​ផ្សំ​បញ្ហា​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​ទូ​កុងតឺន័រ ត្រូវ​បាន​ដោះស្រាយ​។ 

សូម​បញ្ជាក់​ថា បើ​តាម​អ្នកជំនាញ​ខាង​វិស័យ​ស្រូវ​អង្ករ និង​ផ្នែក​ដឹក​ជញ្ជូន ធ្លាប់​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ពិសេស​ទៅ​តំបន់​អឺរ៉ុប គឺ​មានការ​កើនឡើង​ខ្ពស់កប់ពពក ដល់​ទៅ​៦ ទៅ​៧​ដង នៃ​តម្លៃ​ធ្លាប់​មាន​ពី​មុន ពោល​គឺ​តម្លៃ​កប៉ាល់​ដឹក​ទំនិញ​មួយ​ទូរ​កុង​ត័​រ គឺ​មាន​តម្លៃ​ស្ទើរតែ​ថ្លៃ​ជាង​អង្ករ​មួយ​ទូ ដឹក​ទៅ​អា​មេ​រិ​ក និង​អឺរ៉ុប​ទៅ​ហើយ​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឧកញ៉ា សុង សា​រ៉​ន បាន​វាយតម្លៃ​ថា បញ្ហា​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ​នេះ គឺ​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុន​អន្តរជាតិ​រកស៊ី​លើ​វិស័យ​ដឹក​ជញ្ជូន​ដំឡើង​ថ្លៃ និង​ការ​ផ្អាក​ដំណើរការ​កំពង់​ផែ​អន្តរជាតិ​នៅ​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញ​ត្រូវ​បាន​កកស្ទះ​នៅ​តាម​កំពង់​ផែ​មួយ​ចំនួន ជា​ពិសេស​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​។ ទន្ទឹម​នឹង​នេះ ឧកញ៉ា សុង សា​រ៉​ន ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អន្តរជាតិ​ជួយ​បន្ធូរបន្ថយ​លើ​តម្លៃ​ដឹក​ជញ្ជូន និង​កុំ​ដំឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ពេក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបារាំង Sanofi ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិក Translate Bio ដើម្បីពង្រឹងសមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុនឱសថបារាំង សាណូហ្វី (Sanofi) បានឲ្យដឹងថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យ…

សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មធំៗទាំងបី ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រទាំងស្រុង

ព័ត៌មាន
រដ្ឋសភា និង ព្រឹទ្ធសភា បានគាំទ្រទាំងស្រុង ចំពោះសេចក្ដីព្រៀងច្បាប់ពាណិជ្ជកម្មធំៗចំនួន៣ ពីក្រសួងពាណិជ្ជកម្ម ដោយក្នុងនោះ រួមមាន សេចក្ដីព្រៀងច្បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ