ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាបានបញ្ចប់ជាមួយភាពជោគជ័យ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាបានបញ្ចប់ជាមួយភាពជោគជ័យ និងការកើតសរសើរពីអន្តរជាតិ


ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ នឹងត្រូវបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជាមួយការទទួលបានលទ្ធផលដ៏ត្រចះត្រចង់ទាំងការប្រជែងដណើ្តមមេដាយ និងការរៀបចំព្រឹត្តិការណ៍ទាំងមូល។ លើសពីនេះភាពជាម្ចាស់ផ្ទះនេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាឲ្យកាន់តែច្បាស់បន្ថែមទៀត តាមរយៈភាពល្បីរន្ទឺដែលបានចុះផ្សាយព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិពីកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាបានបញ្ចប់ជាមួយភាពជោគជ័យ និងការកើតសរសើរពីអន្តរជាតិ

បើតាមការគូសបញ្ជាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ជាលើកដំបូងនេះ កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេសប្រតិភូកីឡាមកពីប្រទេសផ្សេងៗ លើការរៀបចំការប្រកួត ការបដិសណ្ឋារកិច្ច ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា និងការមិនយកលុយពីប្រតិភូកីឡាអន្តរជាតិតែម្តង។ ទន្ទឹមនឹងកោតសរសើរគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពជោគជ័យនេះ គឺជាមោទនភាពដ៏អស្ចារ្យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យជាមួយសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ទាំងបរិមាណចំនួនមេដាយ និងភាពឥតខ្ចោះនៃដំណើរការរៀបចំកម្មវិធីប្រកួត និងការបដិសណ្ឋារកិច្ច។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជិតពីរសប្តាហ៍ ក្រុមអត្តពលិកកម្ពុជាបានសាងស្នាដៃជាប្រវត្តិសាស្ត្រតាមរយៈការដណើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះ មេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧ ដែលមិនធ្លាប់មានក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមកន្លងមករបស់កម្ពុជា។ តាមរយៈភាពជោគជ័យនេះ បានជួយឲ្យម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង១១ ដែលទទួលបានមេប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលមានវៀតណាមឈរកំពូលតារាង ជាមួយមេដាយមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៤ ប្រទេសថៃឈរលេខ២ ដោយដណ្ដើមបានមេដាយមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៨ និងឥណ្ឌូនេស៊ីឈរលេខទី៣ ជាមួយមេដាយមាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩។

បើយោងតាមអនុក្រឹតរបស់ក្រសួងអប់រំយុវជន និងកីឡា អត្តពលិកដែលដណ្តើមបានមេដាយមាសនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៤០លានរៀល រីឯមេដាយប្រាក់ទទួលបាន៣០លានរៀល និងមេដាយសំរឹទ្ធទទួលបាន១៦លានដុល្លារ។ សម្រាប់វិញ្ញាសាជាក្រុមប្រាក់រង្វាន់លើកទឹកចិត្តនឹងផ្តល់ជូនកីឡាករជាឯកត្តជនម្នាក់ៗតាមប្រភេទមេដាយដែលខ្លួនដណ្តើមបាន។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាមកពីប្រទេសផ្សេងៗចូលរួមប្រមាណ១ម៉ឺន២ពាន់នាក់ និងមាន៣៧ប្រភេទកីឡាត្រូវបានដាក់ឲ្យចូលរួមប្រកួតប្រជែង ហើយកម្ពុជាបានចំណាយប្រមាណជិត១២០លានដុល្លារ សម្រាប់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

ការប្រជែងដណ្តើមបានមេដាយច្រើន ជាជោគជ័យមួយក្នុងក្របខណ្ឌវិស័យកីឡា ប៉ុន្ដែអ្វីដែលកាន់តែជោគជ័យជាងទៀតនោះ គឺកម្ពុជាបានប្រើប្រាស់ភាពជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវិស័យសក្តានុពលរបស់កម្ពុជាឲ្យកាន់តែច្បាស់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជាទទួលបានការសាទរ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងប្រតិភូកីឡាអន្តរជាតិលើដំណើរការរៀបចំការប្រកួត ការបដិសណ្ឋារកិច្ច ការមិនយកថ្លៃសំបុត្រចូលទស្សនា និងការលក់សិទ្ធិផ្សព្វផ្សាយ ជាពិសេសការមិនយកថវិកាពីប្រតិភូកីឡាអន្តរជាតិលើថ្លៃហូបចុក និងស្នាក់នៅ ដែលជាគោលការណ៍ពួកគេត្រូវបង់ម្នាក់៥០ដុល្លារក្នុង១ថ្ងៃ។ សម្តេចរំពឹងថា ការលះបង់របស់កម្ពុជានៅពេលនេះនឹងទទួលបានការតបស្នងពីប្រទេសទាំងនោះមកវិញនៅពេលប្រតិភូ និងអត្តពលិកកម្ពុជាទៅចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលពួកគេធ្វើជាម្ចាស់នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន អះអាងថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានការលំបាកជាងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរាប់ដង ដោយសារព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានប្រតិភូកីឡារាប់ម៉ឺននាក់ត្រូវការពារសុវត្ថិភាព ខុសពីកិច្ចប្រជុំអាស៊ានដែលមានត្រឹមតែថ្នាក់ដឹកនាំប្រទេស។ ការធ្វើម្ចាស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺជាកាតព្វកិច្ច ដែលប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវទទួលរៀបចំ។

ទន្ទឹមនឹងបង្ហាញមោទកភាពចំពោះភាពជោគជ័យលើការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរ និងអរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC)រួមជាមួយក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ ដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅយ៉ាងរលូនជាមួយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរផងដែរ។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសមិនយកថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរពីប្រតិភូកីឡាអន្តរជាតិ ដែលនៅបន្តដើរលេងកម្សាន្តក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ៕




អត្ថបទបន្ទាប់


សន្សំរយៈពេលខ្លីត្រឹម៦ខែ ទទួលបានអត្រាការប្រាក់ដល់ ៧%ក្នុងមួយឆ្នាំ

ព័ត៌មាន
មនុស្សម្នាក់ៗតែងតែមានការរៀបចំ និងរបៀបសន្សំប្រាក់ខុសៗគ្នា អ្នកខ្លះសន្សំដោយការដាក់ក្នុងកូនជ្រូក ការលេងតុងទីន ឬក៏យកទៅចងការអោយគេជាដើម។ ផ្ទុ…

គម្រោងច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបានការសាងសង់ជាង ៨៥%ហើយ

ព័ត៌មាន
គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបានប្រមាណជាង ៨៥% ហើយ គិតត្រឹមថ្ងៃទី១៤ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ