បញ្ហា​​កសិកម្ម

បញ្ហា​ខ្វះ​ទីផ្សារ​បង្ខំ​ឲ្យ​កសិករ​ខ្មែរ​បោះបង់​ចោល​កសិកម្ម ចាក​ចោល​ស្រុក​កំណើត?


ក្នុងមួយឆ្នាំៗ ប្រជាកសិករ​តែង​តែ​ជួប​បញ្ហា​ប្រឈម រអ៊ូរទំា និង​ការត្អូញត្អែរ ពីតម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ ធ្លាក់ថ្លៃ។ បញ្ហា​ទាំង​អស់នេះបាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ខេត្ត ពិសេស​ប្រជាកសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួនជាប់​ព្រំដែន​ថៃ ដែល​តែងតែ​ជួប​រឿង​រ៉ាវ​ត្រដាប​ត្រដួស​យ៉ាង​ខ្លាំង​ពី​ការ​លក់​កសិផល​របស់​ពួក​គេ​មិន​ដាច់ ឬតម្លៃថោក។ ធ្លាក់​ថ្លៃ​លើស​ពីការ​រំពឹង​ទុក មិន​រួច​ថ្លៃ​ដើម មិន​រួច​ថ្លៃ​កម្លាំង​ពលកម្ម និង​មិន​សក្ដិសម​ទៅនឹង​វេលា​ដែល​ពួក​គាត់​ខំ​ថែ​រក្សា​នោះ​ទេ​។
ស្ទើរ​តែ​រាល់ឆ្នាំ នៅ​រដូវ​ប្រមូល​ផល តែង​មាន​របាយការណ៍​ពី​បញ្ហា​កសិករ​លក់​កសិផល​មិន​ចេញ ឬ​លក់​ចេញ​ក្នុង​តម្លៃ​ថោក​ខ្លាំង។
ដោយ

ជារៀងរាល់ឆ្នាំ កសិផលមួយចំនួន ដូចជា ផ្លែល្ពៅ ដំឡូងមី ពោត និងកសិផលផ្សេងៗទៀត  ត្រូវបានចាក់ធារ គរទុកចោលតាមផ្លូវ ក្នុងចម្ការ តាមផ្សាររង់ចាំឈ្មួញមកប្រមូលទិញ ជាមួយនឹងក្តីរំពឹងថា អាចលក់ក្នុងតម្លៃសមរម្យ។ 

ផ្ទុយទៅវិញ ការរំពឹងទុកអស់ទាំងនេះ តែងតែមិនសមតាមបំណងរបស់កសិករខ្មែរ។ ផលិតផលកសិកម្មខ្មែរភាគច្រើន ពឹងផ្អែកតែឈ្មួញពីប្រទេសថៃ និងវៀតណាម មកទិញ។

ពាក់ព័ន្ធទៅនឹងតម្លៃកសិផលថោក គ្មានទីផ្សារ ប្រជាកសិករតែងតែស្តីបន្ទោសដល់មន្ទីរក្រសួងពាក់ព័ន្ធ មន្ត្រីរដ្ឋាភិបាល ថា មិនសូវជាអើពើជួយរកទីផ្សារលក់ផលិតផល កសិផលរបស់កសិករខ្មែរនោះទេ ពួកគាត់ (កសិករ) ថា យើងមានផលិតផលល្អហើយ ប៉ុន្តែយើងខ្សោយទីផ្សារ។ ហើយជានិច្ចកាល ពួកគាត់ជឿលើតែឈ្មួញ ហើយក៏ចាញ់បោកតែឈ្មួញដែរ។

កសិករខែ្មរ​ធ្វើ​កសិកម្ម ដាំ​ខ្លួន​ឯង លក់​ក៏​ខ្លួន​ឯង រស់​ក៏​ខ្លួន​ឯង?

កសិករខែ្មរ សំណូមពរដល់រដ្ឋាភិបាល សូមជួយផ្តល់ព័ត៌មានទីផ្សារឲ្យបានគ្រប់ជ្រុងជ្រោយដល់ប្រជាកសិករ៖ ដោយប្រាប់ថា ផលិតផលណា ដំណាំណា មានទីផ្សារ មានតម្រូវការ និង ជួយផ្តល់បច្ចេកទេសដាំដំណាំវិលជុំ និងបែងចែកពេលវេលាដាំដុះ ដើម្បីកុំមានតម្រូវការលើស និងកុំឲ្យឈ្មួញដើរក្រឡុកទីផ្សារ បញ្ជូនអ្នកបច្ចេកឲ្យមានតាមឃុំ ផ្តល់បច្ចេកទេសពិតប្រាកដដល់កសិករ កុំឲ្យគិតតែបង្រៀងប្រជាពលរដ្ឋពីការប្រើប្រាស់ជីរបស់ក្រុមហ៊ុន។

កសិករ​ប្រមូល​ផល​ដំឡូង​មី​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។ (រូបភាព Facebook)

កន្លងមក មន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ថា ប្រជាកសិករកំពុងខ្វះខាតនូវព័ត៌មានពិតអំពីទីផ្សារ។ ពួកគាត់តែងតែជឿឈ្មួញកណ្តាលថា ដាំដំណាំនេះ មានទីផ្សារល្អ មានតម្លៃថ្លៃ ប៉ុន្តែ ធាតុពិត នៅរដូវប្រមូលផលម្តងៗ ឈ្មួញបានបន្ទាបតម្លៃ ដោយអះអាងថា គ្មានទីផ្សារទៅវិញ។ បញ្ហាត្រង់នេះ ក្រសួងពាណិជ្ជកម្មខ្លួនឯងក៏ទទួលស្គាល់ថា ក្រសួងមានចំណុចខ្វះខាតនូវការផ្សព្វផ្សាយព័ត៌មានស្តីពីទីផ្សារកសិផលនេះដែរ។

ធ្វើ​កសិកម្ម​ខាត កសិករ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក?

បើតាមមន្ត្រីអង្គការ សេដាក បានលើកឡើងថា ប្រជាកសិករនាំគ្នាដាំច្រើន ដោយភ្លេចគិតអំពីទីផ្សារ លក់មិនចេញ ធ្លាក់ថ្លៃ ជំពាក់គេ ដែលធ្វើឲ្យពួកគាត់ឈានទៅរកការធ្វើចំណាកស្រុក និងធ្ងន់ធ្ងរមែនទែន អាចនឹងលក់ដីរបស់ពួកគាត់តែម្តង។ ដូច្នេះ ព័ត៌មានអំពីទីផ្សារគឺសំខាន់និងចាំបាច់បំផុត ដែលពួកគាត់ត្រូវតែដឹង។ 

ក្រសួងសិកម្ម និងក្រសួងពាណិជ្ជកម្ម គួរបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និង ផែនការដល់ប្រជាកសិករឲ្យបានច្រើនជាងនេះ។

ក្រុមអ្នកជំនាញនៅក្នុងវិស័យកសិកម្ម បានអះអាងថា បញ្ហាដែលដាំបានផលហើយ មិនដឹងជាទៅលក់នៅឯណាគ្មានទីផ្សារ ឬ លក់ថោក ឬ ដាំមិនបានផល ដោយសារខ្វះបច្ចេកទេស ខ្វះប្រព័ន្ធធារាសាស្រ្តស្រោចស្រពទាំងអស់នេះហើយ ទើបធ្វើឲ្យប្រជាកសិករមួយចំនួន បោះបង់ការងារជាកសិករ ដាំដុះបន្លែបង្ការ ទៅធ្វើការងារផ្សេងៗ រួមទាំងជាកម្មករចំណាកស្រុក។ 

ចំណុចទាំងអស់នេះហើយ ដែលបើកឱកាសពេញដៃដល់ការនំាចូលបន្លែ ផ្លែឈើមកពីប្រទេសជិតខាងមួយថ្ងៃៗរាប់រយតោន។ តាមការសិក្សាពីក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានបង្ហាញថា កម្ពុជាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការនាំចូលបន្លែពីប្រទេសជិតខាង ភាគច្រើន នាំចូលពីប្រទេសវៀតណាម និង ថៃ។ 

ប្រទេសកសិកម្មមួយនេះ ត្រូវការនាំចូលបន្លែដល់ទៅជិត ៤០០តោនក្នុងមួយថ្ងៃ ស្មើនឹងជាង ១៤ ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

ជុំវិញនឹងការនាំចូលបន្លែដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទទួលស្គាល់ថា វាជាការពិត។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែលើកឡើងបា្រប់អ្នកសារព័ត៌មាន យ៉ាងច្បាស់ថា លំហូរនៃការនាំចូលបន្លែច្រើនបែបនេះ មិនមានន័យថា កម្ពុជាគ្មានសមត្ថភាពដាំបន្លែដោយខ្លួនឯងបាននោះទេ ប៉ុន្តែ អ្វីដែលសំខាន់គឺកត្តាតម្លៃអគ្គិសនីខ្ពស់ ដែលធ្វើឲ្យថ្លៃដើមនៃការផលិតមានតម្លៃថ្លៃ រហូតមិនអាចផលិតខ្លួនឯងបាន ត្រូវបង្ខំចិត្តធ្វើការនាំចូលច្រើនបែបនេះ។ 

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះដែរ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ២០លានដុល្លារក្នុងកម្មវិធីជំរុញផលិតកម្មស្បៀងឆ្នាំ២០១៦–២០១៨ ដំណាក់កាលទី១ ដែលក្នុងនោះ ថវិកាមួយ ចំនួននឹងផ្ដោតទៅលើការពង្រឹងផលិតកម្មបន្លែក្នុងប្រទេសកម្ពុជាតែម្តង។  នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សៀវភៅ​២​ក្បាល​របស់​ អូបាម៉ា និង​ភរិយា លក់​បាន ៦០លាន​ដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅ Penguin Random House នឹង​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​លោក បារ៉ាក់ អូបាម៉ា និង​ភរិយា បន្ទាប់​ពី​ទិញ​សិទ្ធ…

ខ្មែរ​ជំនាន់​នេះ​និង​ជំនាន់​ក្រោយៗ​ត្រូវតែ​​ខ្លាំង! ហេតុ​អ្វី?

ព័ត៌មាន
អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​ បាន​បញ្ចេញ​ទស្សនៈ​ថា អំណេះ​តទៅ យុវជន​ខ្មែរ​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្លាំង និង​ឲ្យ​កាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ