សង្គ្រាមត្រជាក់ជាថ្មី

ប្រមុខដឹកនាំប្រាប់ឲ្យមហាអំណាច «បោះបង់ចោលគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មី» ព្រោះវាជារឿងគ្រោះថ្នាក់


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃច័ន្ទទី១៧មករាដើមសប្តាហ៍នេះ បានអំពាវនាវឲ្យប្រទេសមហាអំណាចមួយ ដែលលោកស៊ី ទំនងជាចង់សំដៅដល់សហរដ្ឋអាមេរិក ឲ្យបោះបង់ចោលចិត្តគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មីនោះទៅ។ លោកស៊ី ជីន ពីង ក៏បានព្រមានដែរថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាច ឬរវាងប្រទេសធំៗគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាអាចមានផលវិបាកធ្ងន់ធ្ងរផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

បុរស​រដ្ឋ​ខ្លាំង​របស់​ចិន​លោក ស៊ី ជី​ន ពីង បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​អំឡុង​កិច្ច​ជំនួប​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឬ World Economic Forum តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​។

«​សូម​បញ្ឈប់​នូវ​ចិត្តគំនិត​ចង់​បង្កើត​សង្គ្រាមត្រជាក់​សារ​ជា​ថ្មី​ទៀត​ទៅ វា​ពុំ​មាន​ផល​ចំណេញ​អ្វី​ឡើយ ក្រៅ​តែ​ពី​ការ​បង្ក​ផល​លំបាក និង​វិនាសកម្ម​ធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​តែ​ប៉ុណ្ណោះ​» នេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ តែងតែ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្តង និង​បាន​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​តាម​ប្រទេស​នានា អង្គការ​សង្គម​ស៊ី​វិល និង​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ មក​ជួប​ពិភាក្សា​គ្នា​លើ​សំណុំរឿង​ជា​ច្រើន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​របស់​ពិភពលោក​។ មែនទែន​ទៅ​កិច្ចប្រជុំ​ខាងលើ​នេះ គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ដា​វូ​ស (Davos) ប្រទេស​ស្វី​ស ប៉ុន្តែ​ដោយសារ​កូ​វី​ដ​១៩ World Economic Forum ឬ​អាច​ហៅ​ម្យ៉ាងទៀត​បាន​ថា Davos Forum ត្រូវធ្វើ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ​ជំនួស​វិញ​។ 

នៅ​ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក​ស៊ី ជី​ន​ពីង បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល​។ បន្ថែម​លើ​នេះ មេដឹកនាំ​កំពូល​របស់​ចិន​នេះ ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​មហាអំណាច​ធំ​ៗ​នឹង​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ វិនាសកម្ម​យ៉ាង​ខ្លាំង​។ លោក​ស៊ី​ថែម​ទាំង​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ប្រទេស​មហាអំណាច​គួរ​បោះបង់ គំនិត​ចង់​បង្កើត​សង្គ្រាមត្រជាក់​ថ្មី​ចោល​ទៅ​។

ដោយ​មិន​និយាយ​ចោទប្រកាន់​ប្រទេស​ណាមួយ​ឡើយ មេដឹកនាំ​ចិន​បាន​ព្រមាន​ប្រឆាំង​ផង​ដែរ​នឹង​ការ​និយម​ជ្រុល​ផ្នែក​មនោ​គម​វិជ្ជា និង​នយោបាយ បញ្ហា​សេដ្ឋកិច្ច វិទ្យាសាស្ត្រ ព្រមទាំង​បច្ចេកវិទ្យា​។ ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពី​ន បន្ថែម​ថា ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញច្បាស់​ម្តង​ហើយ​ម្តងទៀត​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ប៉ុន្តែ​វា​នាំ​មក​នូវ​តែ​ផលវិបាក​ធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ​។

ត្រង់​ចំណុច​ទាំងនេះ ទោះបីជា លោក​ស៊ី ជី​ន​ពីង មិន​បាន​ចង្អុលមុខ​ចំ​ៗ​ថា​ជា​នរណា​ក៏​ដោយ ក៏​គេ​អាច​ដឹង​បាន​ថា លោក​ចង់​សំដៅ​ដល់​សហរដ្ឋអាមេរិក ដែល​ជា​ការ​កត់សម្គាល់ ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ចិន​រូប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េ​កាំ​ង និង ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​និង​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​នឹង​គ្នា​កាន់តែ​ខ្លាំង ជុំវិញ​បញ្ហា​ជា​ច្រើន​ដូច​ជា អធិបតេយ្យភាព​របស់​តៃវ៉ាន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កម្មសិទ្ធិបញ្ញា ពាណិជ្ជកម្ម និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម​។

សូម​ជម្រាប​ថា ក្រៅ​តែ​ពី​និយាយ​ទាក់ទង​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង បញ្ហា​ភាព​តានតឹង​ក្នុង​តំបន់ ប្រមុខ​ដឹកនាំ​កំពូល​រដ្ឋ​ចិន ក៏​បាន​សន្យា​ដែរ​ថា នឹង​បញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​១៩ ចំនួន ១​ពាន់​លាន​ដូ​ស​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​នានា ដើម្បី​បន្ត​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភាពតានតឹងនៅមជ្ឈិបូព៌ា ជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់តម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ៧ឆ្នាំកន្លងមកនេះ

ព័ត៌មាន
តម្លៃប្រេងពិភពលោកបានកើនឡើង១ដុល្លារបន្ថែមទៀត នៅថ្ងៃអង្គារទី ១៨ ខែមករានេះ ដែលជាការកើនឡើងឡើងខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងរយៈពេល៧ឆ្នាំចុង…

តើចិនបន្ដរារាំងការនាំចូលទំនិញកសិកម្មពីអាមេរិកបន្ដទៀតទេក្នុងឆ្នាំ ២០២២នេះ?

ព័ត៌មាន
របាយការណ៍ពីស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Fitch Solutions បានឱ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ