បណ្ណឥណទាន

បំណុលបណ្ណឥណទានរបស់ពលរដ្ឋអាម៉េរិក កើនដល់កម្រិតកំណត់ត្រាជាង១ទ្រីលានដុល្លារ


ទិន្នន័យផ្លូវការបញ្ចេញដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា បំណុលបណ្ណឥណទាន ឬក្រេឌីតកាតរបស់ពលរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតកំណត់ត្រាថ្មីឈានដល់ជាង១ទ្រីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំជាច្រើន។
បណ្ណឥណទាន
ដោយ

បំណុលបណ្ណឥណទាន ឬក្រេឌីតកាតសរុបរបស់ពលរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតកំណត់ត្រាថ្មីឈានដល់ជាង១ទ្រីលានដុល្លារ ដោយបំណុលនេះបានកើនឡើងរហូតដល់ទៅ៥០ពាន់លានដុល្លារ គ្រាន់តែក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ពោលគឺកើនឡើង៤,៦% បើធៀបនឹងត្រីមាស៣។

ទិន្នន័យស្តីពីបំណុលបណ្ណឥណទាន ឬក្រេឌីតកាតនេះ ត្រូវបានបញ្ចេញ ស្របពេលដែលបំណុលគ្រួសារសរុបរបស់ពលរដ្ឋអាម៉េរិក បានកើនឡើងចំនួន២១២ពាន់លានដុល្លារ ឈានដល់១៧,៥ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។

នេះបើយោងតាម​របាយការណ៍ប្រចាំត្រីមាសស្ដីពីបំណុលគ្រួសារ និងបណ្ណឥណទាន ឬក្រេតឌីតកាត ចុងក្រោយបំផុតរបស់ធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក។ ចំនួនពលរដ្ឋអាម៉េរិក ដែលយឺតយ៉ាវក្នុងការទូទាត់សងឥណទានរបស់ពួកគេ ក៏កំពុងកើនឡើងផងដែរ ហើយនេះ គឺជាសញ្ញាដ៏គួរឱ្យបារម្ភសម្រាប់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចអាម៉េរិក

ទាំងមូល។

ភាពយឺតយ៉ាវក្នុងការទូទាត់សងឥណទាននេះ បានកើនឡើងនៅគ្រប់ក្រុមអាយុទាំងអស់ ហើយជាការកត់សម្គាល់ អ្នកខ្ចីដែលមានអាយុចន្លោះពី៣០ឆ្នាំដល់៣៩ឆ្នាំកំពុងខកខានការទូទាត់របស់ពួកគេក្នុងលឿនយ៉ាងលឿន។ ក្រុមអ្នកស្រាវជ្រាវនៅធនាគារកណ្ដាលអាម៉េរិក សាខាញូវយ៉ក បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា បញ្ហាបំណុលបណ្ណឥណទាន ឬក្រេតឌីតកាតបច្ចុប្បន្ននេះ មានស្ថានភាពអាក្រក់ជាងមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទៅទៀត។

ពលរដ្ឋអាម៉េរិក ក៏កំពុងជំពាក់បំណុលកាន់តែច្រើនជាងមុនផងដែរ នៅពេលពួកគេទិញរថយន្ត ដោយប្រាក់កម្ចីទិញរថយន្តបានកើនឡើងចំនួន១២ពាន់លានដុល្លារ ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ឈានដល់១,៦ទ្រីលានដុល្លារ ខណៈដែលការយឺតយ៉ាវក៏កើនឡើងផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៅធនាគារកណ្ដាលអាម៉េរិក សាខាញូវយ៉ក បានលើកឡើងថា ការកើនឡើងមួយចំនួននូវបំណុលរថយន្ត គឺបណ្ដាលមកពីការឡើងថ្លៃទាំងរថយន្តថ្មី និងរថយន្តមួយទឹកក្រោយវិបត្ដិកូវីដ-១៩៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកដាំស្វាយកំពុងប្រឈមនឹងការខាត ក្រោយស្វាយកែវរមៀតធ្លាក់ថ្លៃដល់៤០០រៀលក្នុង១គីឡូក្រាម

ព័ត៌មាន
ចូលមកដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤នេះ យើងសង្កេតឃើញថា តម្លៃផ្លែស្វាយកែវរមៀត បានចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ដោយសារក្រុមឈ្មួញចុះប្រមូលទិញឱ្យតម្ល…

សហរដ្ឋអាម៉េរិក កៀរគរដៃគួកាត់បន្ថយការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយចិន

ព័ត៌មាន
សហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសសម្ព័ន្ធមិត្តមានសេដ្ឋកិច្ចធំៗផ្សេងទៀត បានចាប់ដៃគ្នាទប់ស្កាត់ការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ចាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ