វិស័យកសិកម្ម

អ្នកដាំស្វាយកំពុងប្រឈមនឹងការខាត ក្រោយស្វាយកែវរមៀតធ្លាក់ថ្លៃដល់៤០០រៀលក្នុង១គីឡូក្រាម


ចូលមកដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤នេះ យើងសង្កេតឃើញថា តម្លៃផ្លែស្វាយកែវរមៀត បានចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ដោយសារក្រុមឈ្មួញចុះប្រមូលទិញឱ្យតម្លៃទាបពេក ស្របពេលរោងចក្រកែច្នៃផ្លែស្វាយមួយចំនួនបានបិទទ្វារឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ បើតាមកសិករ បច្ចុប្បន្នស្វាយកែវរមៀតប្រភេទធម្មតា ត្រូវបានឈ្មួញទិញក្នុងតម្លៃចន្លោះពី៣០០រៀលទៅ៤០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះស្ទើរតែមិនទទួលបានផលចំណេញ ដោយសារតែកសិករត្រូវចំណាយលើថ្លៃផលិតខ្ពស់។
វិស័យកសិកម្ម
ដោយ

លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីតំបែរ និងជាកសិករដាំស្វាយមួយរូបក្នុងខេត្តត្បូងឃ្មុំបានប្រាប់ខេមបូណូមីសថា បច្ចុប្បន្នស្វាយកែវរមៀតប្រភេទធម្មតា ត្រូវបានឈ្មួញចុះទិញដល់ចម្ការនិងឱ្យតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀលក្នុង១គីឡូក្រាម ខណៈស្វាយប្រភេទស្អាតអាចចូលរោងចក្រកែច្នៃត្រូវបានឈ្មួញឱ្យតម្លៃពី៥០០រៀលទៅ៥៥០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះត្រូវបានលោកអះអាងថា ម្ចាស់ចម្ការប្រឈមនឹងការខាតបង់ថវិកាដោយសារការចំណាយថ្លៃដើមផលិតខ្ពស់។

អ្នកដាំស្វាយរូបនេះកត់សម្គាល់ឃើញថា ផ្លែស្វាយតែងធ្លាក់ថ្លៃនៅមុន និងក្រោយពិធីបុណ្យចូលឆ្នាំចិន ដោយសាររោងចក្រកែច្នៃផ្លែស្វាយមួយចំនួនបានបិទទ្វារឈប់សម្រាក។ តែយ៉ាងណា ប្រធានក្រុមប្រឹក្សាភិបាលរូបនេះសង្ឃឹមថា ក្រោយពិធីបុណ្យចូលឆ្នាំចិនទីផ្សារផ្លែស្វាយនឹងអាចប្រសើរឡើងវិញ ក្រោយរោងចក្របើកដំណើរការខ្សែច្រវាក់ផលិតកម្មឡើងវិញ។

ទន្ទឹមនេះអ្នកជំនាញរូបនេះ បានណែនាំដល់កសិករដាំស្វាយទាំងអស់ត្រូវរៀបចំផែនការឡើងវិញ ដោយធ្វើយ៉ាងណាត្រូវកាត់បន្ថយការចំណាយលើថ្លៃដើមឱ្យបានទាប និងបានសំណូមពរដល់រាជរដ្ឋាភិបាល ឱ្យពិនិត្យនិងបញ្ចុះតម្លៃលើផលិតផលជី និងថ្នាំ ព្រមទាំងជួយកំណត់តម្លៃផ្លែស្វាយនៅលើទីផ្សារឱ្យមានស្ថិរភាពផងដែរ។

​ពាក់ព័ន្ធនឹងទីផ្សារផ្លែស្វាយនេះដែរ លោក និន ចរិយា ដែលជាកសិករ និងជាអ្នកទិញផ្លែស្វាយម្នាក់បានឱ្យដឹងថា នៅអំឡុងពិធីបុណ្យចូលឆ្នាំចិននេះ រោងចក្រកែច្នៃផ្លែស្វាយបានបិទទ្វារឈប់សម្រាក ដូច្នេះទីផ្សារស្វាយពុំមានហាងឆេងនោះទេ។

បើតាមឈ្មួញទិញស្វាយរូបនេះ កន្លងមកស្វាយដែលទិញដល់ចម្ការមានតម្លៃចន្លោះពី៤០០រៀលដល់៥០០រៀលក្នុង១គីឡូក្រាម។ យ៉ាងណាមិញលោកវាយតម្លៃថា ទីផ្សារផ្លែស្វាយអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតនាពេលខាងមុខ ពោលគឺចាប់ពីអំឡុងខែមីនា និងខែមេសា ដែលជារដូវសម្បូរផ្លែស្វាយ ខណៈនៅតាមបណ្ដារោងចក្រកែច្នៃនានាក៏មានចម្ការស្វាយផ្ទាល់ខ្លួនដែរ ជាហេតុធ្វើឱ្យពួកគេផ្អាកទិញចូលបណ្ដោះអាសន្ន ហើយនៅប្រទេសជិតខាងកម្ពុជា អាចនឹងកាត់បន្ថយ ឬឈានដល់ការផ្អាកនាំចូល។

សម្រាប់អ្នកដាំ និងទិញស្វាយរូបនេះ ម្ចាស់ចម្ការស្វាយគួររៀបចំផែនការឡើងវិញ ដោយត្រូវស្វែងរកទីផ្សារជាមុន និងត្រូវផលិតប្រភេទស្វាយខុសរដូវ ទើបទទួលបានតម្លៃខ្ពស់ និងមានតម្រូវការច្រើនពីទីផ្សារ។

​ជាការកត់សម្គាល់របស់លោក និន ចរិយា ទីផ្សារផ្លែស្វាយអាចត្រូវប៉ាន់ខ្លាំង និងមានការបញ្ជាទិញច្រើនពីឈ្មួញប្រទេសថៃ និងវៀតណាម គឺចន្លោះពីខែឧសភា ដល់ខែកញ្ញា ដោយសារនៅចន្លោះខែនេះ គឺផុតរដូវស្វាយ។ ដូច្នេះដើម្បីទទួលបានផលចំណេញ កសិករម្ចាស់ចម្ការស្វាយ គួរមានបច្ចេកទេស និងត្រូវរៀបចំផែនការធ្វើស្វាយខុសរដូវ ដ្បិតវាមិនបារម្ភពីបញ្ហាទីផ្សារ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានស្ថានភាពបែបណា?

ព័ត៌មាន
សន្ទុះនៃការកក់សណ្ឋាគារ និងផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ពីសំណាក់ភ្ញៀវទេសចរហ…

បំណុលបណ្ណឥណទានរបស់ពលរដ្ឋអាម៉េរិក កើនដល់កម្រិតកំណត់ត្រាជាង១ទ្រីលានដុល្លារ

ព័ត៌មាន
ទិន្នន័យផ្លូវការបញ្ចេញដោយធនាគារកណ្ដាលអាម៉េរិក បានបង្ហាញថា បំណុលបណ្ណឥណទាន ឬក្រេឌីតកាតរបស់ពលរដ្ឋអាម៉េរិក បានកើនឡើងដល់កម្រិតកំណត់ត្រាថ្មីឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ