ទីផ្សារមូលបត្រ​កម្ពុជា

អ្នកជំនាញ៖ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពុំជះឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរដល់វិស័យមូលបត្រកម្ពុជាទេ!


អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា បានអះអាងថា ការផ្ទុះឡើងនូវរលកទី ២ នៃមេរោគកូវីដ-១៩នៅកម្ពុជា ឬហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោះ គឺពុំបានជះឥទ្ធិពលធ្ងន់ធ្ងរណាមួយដល់ វិស័យមូលបត្រនៅកម្ពុជានោះឡើយ ដោយសារតែវាទើបតែប៉ះពាល់ក្នុងដំណាក់កាលដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងបាន ហើយអ្នកជំនាញជឿជាក់ថា ស្ថានការណ៍នេះ នឹងធូរស្បើយឡើងវិញនាពេលខាងមុខ។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បានគូស​បញ្ជាក់​បាន​ដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ថា បើទោះបី​ជា​មាន ការផ្ទុះឡើង​នូវ​ករណីឆ្លង​ក្នុង​សហគមន៍​នាពេលនេះ​ក៏ដោយ ក៏ពុំមានផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់ វិស័យ​មូលបត្រ​កម្ពុជានោះទេ ព្រោះថា វា​ស្ថានការណ៍កូវីដ-១៩នេះ ​វាកើតឡើង​រួចទៅហើយ តាំងពីដើម​ឆ្នាំ​ ២០២០មកម្ល៉េះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា អាចគ្រប់គ្រងបាន ហើយវា​នឹង​វិលមករ​ក​ស្ថានភាព​ធូរស្បើយ​ឡើងវិញ​នាពេលខាងមុខ។

ជាក់ស្តែងនៅក្នុងថ្ងៃទី ០៣ ខែធ្នូ នេះ ក៏មានករណី​ឆ្លង​មេរោគកូវីដ-១៩ លើ​បុគ្គលិក​ធនាគារ​ចំនួន២នាក់​នៅក្នុង​ទីក្រុងភ្នំពេញ ដែលឈាន​ដល់ការ​ផ្អាក​ដំណើរការ​ការិយាល័យ​សាខា​ធនាគារ​ចំនួន១ និងអគារ​ពាណិជ្ជកម្ម​ចំនួន១ ​​ជាបណ្តោះអាសន្ន ហើយចំពោះករណីនេះ ឯកឧត្តម ហុង សុហួរ យល់ឃើញថា វាជាការប៉ះពាល់​រយៈពេលខ្លី ដោយសារតែ​ការផ្អាកដំណើរការ​សាខា​ធនាគារ ហើយវា​អាចជះ​ឥទ្ធិពល​ធ្ងន់ធ្ងរដល់ វិស័យ​មូលបត្រកម្ពុជា លុះត្រាតែមាន​បញ្ហាធំ​រហូត​ឈានដល់ ការផ្អាក​ដំណើរការ​ប្រព័ន្ធ​ធនាគារនៅ​កម្ពុជា​តែម្ដង។

ទាក់ទងនឹងករណីនេះដែរ អ្នកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការទីផ្សារនៃ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ក៏បានបញ្ជាក់​ឲ្យដឹងដែរថា ធនាគារ​កាណាឌីយ៉ា ក៏ជា​ភ្នាក់ងារទូទាត់​មួយ នៅក្នុង​វិស័យ​មូលបត្រកម្ពុជា តែការផ្អាក​ដំណើរការ​សាខា​ធនាគារនេះ គឺពុំមាន​ផលប៉ះពាល់ដល់ ប្រតិបត្តិការ​ទូទាត់​នោះទេ ដោយសារតែ​ប្រតិបត្តិការ​ទូទាត់ អាចធ្វើតាម​​ប្រព័ន្ធអនឡាញ ហើយការងារ​ជាច្រើន​ក៏អាច​បំពេញ​ទៅតាមប្រព័ន្ធអនឡាញដូចគ្នាដែរ។

ដោយឡែក អ្នកស្រីបន្តថា ក្រោយកើតមាន​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា សកម្មភាព​ជួញដូរ នៅលើផ្សារ​មូលបត្រកម្ពុជា គឺនៅតែ​ដំណើរការ​ជាធម្មតា និងមាន​ការជួញដូរ​រង្វង់ ១០០លាន ទៅ ២០០លាន​រៀល​ក្នុងមួយថ្ងៃ ដោយសារតែ វិនិយោគិន អាចបន្តធ្វើ​ប្រតិបត្តិការ​ជួញដូរ តាមប្រព័ន្ធ​អនឡាញ ដោយពុំ​ចាំបាច់​ធ្វើការ​ជួបជុំគ្នា​ដោយផ្ទាល់​នោះទេ។

យ៉ាងណាក៏ដោយចុះ អ្នកស្រី គឹម សុផានីតា ពន្យល់​បន្ថែមអំពី ឱកាស​នៃការវិនិយោគ​នៅក្នុងវិស័យ​មូលបត្រ​កម្ពុជា​ថា ទោះបីជា​មានភាព​អំណោយ​ទាន​ផ្អែក​សេដ្ឋកិច្ច ឬបញ្ហា​ប្រឈម​ណាមួយ នៅក្នុង​សេដ្ឋកិច្ច​ជាតិ​ ការជួញដូរ​ក្នុងវិស័យ​មូលបត្រ គឺនៅតែមាន​ឱកាស​ក្នុងការ​ផ្តល់​ផល​ចំណេញ​ដល់ វិនិយោគិន ដែលចេះចាប់​យក​ឱកាសនេះ ហើយ​ប្រតិបត្តិការ​ទាំងអស់​សុទ្ធតែអាចធ្វើតាម​ប្រព័ន្ធ​អនឡាញ ដោយគ្មាន​ការបារម្ភពី ហានិភ័យ​នៃការ​ឆ្លង​មេរោគកូវីដ១៩ នោះឡើយ។

អ្នកជំនាញ​នៅក្នុងវិស័យ​មូលបត្រ ក៏បាន​អំពាវនាវដល់ វិនិយោគិន ក៏ដូចជា សាធារណជន​ទាំងអស់ កុំឲ្យមាន​ការភ័យ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ចំពោះ វិបត្តិ​មេរោគ​កូវីដ-១៩នេះ ដោយត្រូវ​ចូលរួម​ថែរក្សា​អនាម័យ រក្សាគម្លាតសង្គម និងចូលរួម​អនុវត្ត តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលកំពុងតែ​ខិតខំ​បន្តការពារ និងទប់ស្កាត់​ការឆ្លង​នៃមេរោគ​កូវីដ-១៩ នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួន​អ្នកនៅលីវ ក្នុងប្រទេសជប៉ុនបន្ដកើនឡើងកាន់តែច្រើន! ហេតុអ្វី បានជាពួកគេ​ចង់នៅលីវ ជាជាងរៀបការ?

ព័ត៌មាន
ប្រជាជនជប៉ុនកាន់តែច្រើនឡើង មានទំនោរចង់រស់នៅម្នាក់ឯង ដោយមិនត្រូវការការរៀបការ និងការរួមភេទនោះទេ។ កត្តានេះ បានធ្វើឲ្យចំនួនប្រជាជនវ័យចំណ…

អតីត​ប្រធានាធិបតីអាមេរិក​ ៣រូបនេះ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំងកូវីដ-១៩ ផ្សាយ​ជាសាធារណៈ

ព័ត៌មាន
ដើម្បី​ជាការ​លើក​កម្ពស់​ទំនុកចិត្ត​សាធារណៈ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំងកូវីដ-១៩ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា, លោក ចច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ