ការដឹកជញ្ជូនទំនិញតាមកុងតឺន័រ

ការដឹកជញ្ជូនទំនិញតាមកុងតឺន័រពីអាស៊ីទៅអាមេរិកកំពុងគំរាមកំហែងដោយបញ្ហាអតិផរណាខ្ពស់


ការដឹកជញ្ជូនទំនិញតាមមហាសមុទ្រ ពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០២២ ដោយសារអតិផរណាខ្ពស់ ដែលរារាំងដល់ការចំណាយក្នុងគ្រួសាររបស់អាមេរិកទៅលើគ្រឿងសង្ហារឹម និងប្រដាប់ក្មេងលេង។ លើសពីនេះ អ្នកលក់រាយក៏លែងទិញទំនិញមកស្តុកទុកច្រើនដូចមុនពេលមានជំងឺកូវីដ១៩ទៀតហើយ ហើយអត្រានៃការដឹកជញ្ជូនក៏កំពុងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំចុងក្រោយមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
ការដឹកជញ្ជូនទំនិញតាមកុងតឺន័រពីអាស៊ីមកអាមេរិកធ្លាក់ចុះ!

បើតាមអ្នកស្រាវជ្រាវផ្នែកភស្តុភារកម្ម របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ កប៉ាល់ផ្ទុកកុងតឺន័របានដឹកទំនិញពីអាស៊ីទៅកាន់សហរដ្ឋអាមេរិក ដែលមានបរិមាណសរុបចំនួន ជាង១លាន៣សែនទូកុងតឺន័រ ធ្លាក់ចុះ២៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយនេះមានរយៈពេលបីខែជាប់ៗគ្នាហើយ ដែលតួលេខនេះបានធ្លាក់ចុះប្រហែល ២០%។

ការដឹកជញ្ជូនពីអាស៊ីទៅអាមេរិក បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ហើយទិន្នាការធ្លាក់ចុះបន្តរហូតចាប់តាំងពីពេលនោះមក។ សម្រាប់ពេញមួយឆ្នាំ ២០២២ បរិមាណកុងតឺន័រដឹកទំនិញបានធ្លាក់ចុះ៤% មកនៅត្រឹមជាង ១៩លានទូកុងតឺន័រ ដែលនេះជាការថយចុះប្រចាំឆ្នាំលើកដំបូងក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

ប្រភពជិតស្និតទៅនឹងមន្ត្រីម្នាក់នៅក្រុមហ៊ុនកប៉ាល់កុងតឺន័របាននិយាយប្រាប់សារព័ត៌មាន Nikkeiថា អតិផរណា បានទៅបំផ្លាញអំណាចនៃការទិញរបស់អ្នកប្រើប្រាស់ ធ្វើឱ្យតម្រូវការទំនិញប្រើប្រាស់ក្នុងគ្រួសារធ្លាក់ចុះ និងការដឹកជញ្ជូនតាមសមុទ្រក៏ធ្លាក់ចុះទៅតាមនោះដែរ។

គួរជម្រាបថា ការនាំចេញគ្រឿងសង្ហារឹមបានចាប់ផ្តើមធ្លាក់ចុះក្នុងរដូវក្ដៅ ហើយបានធ្លាក់ចុះ ២៨% កាលពីខែធ្នូ។ បើទោះបីជា នៅ៣ខែចុងក្រោយនៃឆ្នាំ២០២២ ជារដូវកាលមានការទិញទំនិញច្រើនក្ដី ប៉ុន្ដែការនាំចេញ ប្រដាប់ប្រដារក្មេងលេងទៅកាន់អាមេរិកបានធ្លាក់ចុះប្រហែល ៥០% ជារៀងរាល់ខែ នៅក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២២នេះ ហើយចំនួនសរុបប្រចាំត្រីមាសធ្លាក់ចុះទាបជាងឆ្នាំ ២០១៩ ទៅទៀត។

ដោយសារកង្វះខាតបុគ្គលិកនៅកំពង់ផែ បានបណ្តាលឱ្យមានការកកស្ទះនៃកប៉ាល់ពេញមួយឆមាសទីមួយនៃឆ្នាំ ២០២២។ ដោយឡែក អ្នកលក់រាយបានប្រញាប់ប្រញាល់ប្រមូលទំនិញស្តុកទុក ប៉ុន្តែគេបានបញ្ឈប់សកម្មភាពនេះវិញ បន្ទាប់ពីខ្សែចង្វាក់ផ្គត់ផ្គង់បានបង្ហាញសញ្ញានៃការផ្លាស់ប្តូរក្នុងឆ្នាំថ្មីនេះ។

សូមជម្រាបថា ការដឹកជញ្ជូនទំនិញពីប្រទេសចិន ដែលជាអ្នកនាំចេញទំនិញប្រើប្រាស់ដ៏ធំមួយបានធ្លាក់ចុះប្រហែល ៣០% ជារៀងរាល់ខែគិតចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២២។ តម្រូវការទំនិញដែលផលិតនៅប្រទេសចិនមុនថ្ងៃបុណ្យចូលឆ្នាំចិនក៏មានការធ្លាក់ចុះជាងធម្មតាផងដែរ។ ការធ្លាក់ចុះតម្រូវការដឹកជញ្ជូន ក៏កំពុងប៉ះពាល់ដល់តម្លៃ ហាងឆេងកុងតឺន័រដូចគ្នាដែរ។ ជាក់ស្ដែង ក្នុងខែធ្នូ ក្រុមហ៊ុនដឹកជញ្ជូនត្រូវចំណាយប្រាក់តែ២០០០ដុល្លារ សម្រាប់កុងតឺន័រទំហំ ២0ហ្វីត ដែលនេះជាតម្លៃទាបបំផុតចាប់តាំងពីខែមករាឆ្នាំ២០២០មក៕




អត្ថបទបន្ទាប់


អាមេរិកថា «បាឡុងចារកម្មចិន» ជាបញ្ហាសកល និងប្រាប់ឲ្យពិភពលោកប្រុងប្រយ័ត្ន ខណៈអង្គការណាតូបង្ហាញក្តីបារម្ភដែរ

ព័ត៌មាន
សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធទី៨កុម្ភៈថា បាឡុងរបស់ចិនគឺមិនមែនត្រឹមជាបាឡុងធម្មតានោះ តែបាឡុងនេះជាផ្នែកមួយរបស់កងទ័ពជើងអាកាសរបស់ប្រ…

តម្រូវការនៅអាមេរិកធ្លាក់ចុះ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើរោងចក្រផលិតនៅក្នុងប្រទេសចិននាដើមឆ្នាំ២០២៣

ព័ត៌មាន
ការលុបចោលវិធានការសូន្យកូវីដ១៩ មិនបានសេចក្តីថា រោងចក្រចិនក្នុងប្រទេសទាំងអស់ អាចវិលត្រឡប់មករកសភាពដើមវិញបានទាំងស្រុងនោះទេ។ តួយ៉ាង មានរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ