ទុនក្នុងវិស័យស្រូវអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើរាជរដ្ឋាភិបាលទម្លាក់ទុន ៣០ លានដុល្លារបន្ថែម និងពន្យារពេលសងត្រឡប់


ទិញស្រូវនារដូវប្រមូលផលខាងមុខ នៅក្នុងឆ្នាំ២០២០-២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សំណើដល់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យទម្លាក់ទុន ៣០លានដុល្លារអាមេរិក បន្ថែមទៀត និងរក្សាទុកនូវកញ្ចប់ថវិកាដែលនៅសល់ ពីកញ្ចប់ថវិកាពិសេស ៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលដែលបានបញ្ចេញនាពេលកន្លងទៅ។ ជាមួយគ្នានេះ សហព័ន្ធក៏ស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ ពន្យារពេលក្នុងការសងប្រាក់កម្ចីត្រឡប់ទិញវិញផងដែរ ត្បិតថា កំពុងប្រឈមនឹងបញ្ហា Covid-19។
សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើរដ្ឋាភិបាលទម្លាក់ទុន ៣០ លានបន្ថែម និងពន្យារពេលសងត្រឡប់ (រូបភាព៖ ហ្វេសប៊ុក CRF)

ក្នុង​​កិច្ចប្រជុំរវាង​ធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករ​កម្ពុជា ស្ដីអំពី​កញ្ចប់ថវិកា​កម្ចី និងការព្យារពេល​សង​ត្រឡប់​ប្រាក់កម្ចី​ កាលពីពេល​ថ្មីៗនេះ សហព័ន្ធស្រូវអង្ករ​បានឲ្យដឹងថា ដើម្បីជាការត្រៀមខ្លួន​លើការទិញ​ស្រូវសម្រាប់​រដូវកាលបន្ទាប់ឆ្នាំ២០២០-២០២១ សហព័ន្ធ បានលើក​ជាសំណើ​ដល់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឱ្យរក្សាទុកកញ្ចប់ថវិកាពិសេស ៥០ លានដុល្លារ​អាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជាដែលនៅសល់ ក្រោយពីបាន​បញ្ចេញប្រើប្រាស់​​កាលពី​កន្លងមក ទុក​សម្រាប់​ទិញស្រូវនារដូវ​ប្រមូលផល​ជុំទីមួយនាពេល​ខាងមុខ ដូចជា​ ស្រូវក្រអូប ស្រូវសែនក្រអូបជាដើម។ លើសពីនេះ សហព័ន្ធស្រូវអង្ករ ក៏បាន​ស្នើសុំបន្ថែមថវិកា ៣០ លានដុល្លារ​អាមេរិកទៀត សម្រាប់ការប្រមូលទិញស្រូវ​ជុំទីពីរបន្ទាប់ ដូចជា​ ស្រូវក្រអូបប្រណិត: ស្រូវផ្ការំដួល រំដេង រមៀត សូម៉ាលី។

តំណាង​ធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា

លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យដឹងថា កញ្ចប់​ថវិកា ដែលរាជរដ្ឋាភិបាល​បាន​ទម្លាក់​តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ៥០ លានដុល្លារអាមេរិក កាលពី​ពេលថ្មីៗនេះ គឺមិនទាន់​ប្រើប្រាស់​អស់នៅឡើយទេ ដោយសារតែ​ ថវិកានេះ បានទម្លាក់​នៅចុងរដូវ​ប្រមូលផល ខណៈដែលមាន​រោងម៉ាស៊ីនខ្លះ​ បានទិញស្រូវមុនរួចអស់ទៅហើយ។ 

ប៉ុន្ដែ សម្រាប់​រដូវ​ប្រមូផល​នៅឆ្នាំ២០២០-២០២១ ខាងមុខនេះ លោក លន់ យ៉េង បញ្ជាក់ថា នឹងមាន​តម្រូវការ​ទុន​ ពីធានាគារអភិវឌ្ឍន៍​ជនបទ​កាន់តែច្រើន ព្រោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាឃ្លាំងស្ដុក មានពេល​បាន​ត្រៀមខ្លួន​ជាមុន ដើម្បី​ស្នើសុំ​ទុន​ពីធនាគាររដ្ឋមួយនេះ។ ដូច្នេះហើយ ទើប​សហព័ន្ធ ស្នើ​ឲ្យមានការទម្លាក់ថវិកាបន្ថែម ៣០លាន​ដុល្លារអាមេរិកបន្ថែមទៀត។​

បើតាម សហព័ន្ធទុន ៣០លាន​ដុល្លារអាមេរិក បន្ថែមនេះ អាចនឹង​ផ្ដល់លទ្ធភាព​ឲ្យម្ចាស់រោងម៉ាស៊ីន​កិនស្រូវ អាចបញ្ជាទិញ​ស្រូវពីកសិករបានប្រមាណ ៣០ម៉ឺនតោនបន្ថែមទៀត។ ប៉ុន្ដែ បើសួរថា តើថវិកា​ប៉ុណ្ណេះ គ្រប់គ្រាន់ទេ? តំណាង​សហព័ន្ធស្រូវអង្ករ​អះអាងថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ 

លើសពីនេះទៀត ខាងសហព័ន្ធស្រូវអង្ករ ក៏បានស្នើបន្ថែមរយៈពេលបង្វិលសងប្រាក់កម្ចីពី ៦ខែទៅ១២ខែ ទៅកាន់​ធនាគារ​អភិវឌ្ឍន៍​ជនបទផងដែរ។ បើតាមការបញ្ជាក់របស់​លោក លន់ យ៉េង ការ​ស្នើ​ពន្យារពេល​សង​ប្រាក់កម្ចីនេះ គឺដោយសារតែ​ សមាជិក​របស់សហព័ន្ធ ស្រូវអង្ករ​កម្ពុជា កំពុងប្រឈមនឹងបញ្ហាសកល​ Covid-19 ដោយហេតុផល​អ្នកនាំចេញមួយចំនួន​មានការពន្យារ​ពេល​ទូទាត់​ពីអ្នកបញ្ជាទិញ​របស់ប្រទេស​នាំចូល ដែលនាំឱ្យលំហូរ​សាច់ប្រាក់របស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមានការខកខាន និងរាំងស្ទះ។

លើបញ្ហាសំណើនេះឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ បានទទួលយកសំណើ ទាំងនេះ ទៅទៅសិក្សាបន្ដ និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។ ឯកឧត្តម កៅ ថាច​​ក៏បានគូសបញ្ជាក់ដែរថា ការអនុវត្តកន្លងមកនេះ គឺធនាគារ​បានអនុគ្រោះ​ជាពិសេស​ដល់វិស័យ​ស្រូវអង្ករ​មួយចំនួន​ធំរួចមកហើយ។

បើតាម​សហព័ន្ធស្រូវអង្ករ​កម្ពុជា សម្រាប់​ឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់កម្ពុជា រំពឹងថា នឹង​មានរហូតដល់ ៨០ម៉ឺនតោន ឬយ៉ាងហោចណាស់ ក៏មានកំណើន​ប្រចាំឆ្នាំ ២០%ដែរ។ ការរំពឹងបែបនេះ ដោយសារ​សហព័ន្ធ បានមើលឃើញ​ពីសន្ទុះកំណើន​នៅរយៈពេល​ចុងក្រោយនេះ  ពោលគឺ នៅ២ខែ ដើមឆ្នាំនេះ កម្ពុជា​សម្រេចបានកំណើន​នាំចេញអង្ករ​ជាង ២២% ដែលមានបរិមាណ​នាំចេញអង្ករ​សរុបជាង ១៣ម៉ឺន ៦ពាន់តោន។ ដោយឡែក កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដាររកចំណូលពីការផាកពិន័យយានយន្ដបានជាង ១លានដុល្លារ

ព័ត៌មាន
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការផាកពិន័យនៅ…

កម្ពុជា​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មី លើ​ជន​បរទេស​ ២នាក់ទៀត​, សរុប​ ៥ករណី​ហើយ!

ព័ត៌មាន
ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃទី១២ មីនា ២០២០នេះ បាន​ប្រកាស​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន ២ករណី​ទៀត នៅលើ​អ្នក​ដំណើរ​ជនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ